មន្ត្រីរាជការ​ក្នុង​ក្របខណ្ឌ​រដ្ឋ​ត្រូវបំពេញ​តួនាទី​ភារកិច្ច​ស្របតាម​សហលក្ខន្តិកៈ​

433
ចែករម្លែក

​ដោយ​បូក​គោ/​កំពត​៖​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បាន​ក្រើនរំលឹក​ដល់​មន្ត្រីរាជកា​រ​ស្ថិតក្រោម​ឱ្យ​វាទ​ឱ្យបំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន​ស្របតាម​សហលក្ខន្តិកៈ​ដែល​បានកំណត់​។​ក្រើនរំលឹក​ក្នុង​ពិធី​ប្រកាស​តែងតាំង និង​ផ្ទេរ​ភារកិច្ច​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្តកំពត​កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០១៩​នៅ​សាលប្រជុំ​សាលាខេត្ត​កំពត​។​

​លោក​ឆាន់​សាផាន​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បាន​មានប្រសាសន៍ថា​ស្ថិតក្នុង​តួនាទី​ជា​ប្រធាន​ឬ​ជា​មន្ត្រី​ជំនាញ​ក្នុង​ក្របខណ្ឌ​រដ្ឋ​សាមីខ្លួន​ត្រូវ​ប្រើប្រាស់​ពេលវេលា​ឱ្យបាន​ត្រឹមត្រូវ​ស្របតាម​សហលក្ខន្តិកៈ​ដែល​បានកំណត់​។

​កន្លងមក​មន្ត្រី​ខ្លះ​ហាក់​បោះបង់​ការងារ​ក្នុងតួនាទី​ភារកិច្ច​នៅ​អង្គភាព​ដោយ​យក​ពេលវេលា​ទៅ​បម្រើ​ក្រុមហ៊ុន​ព្រោះតែ​ប្រាក់បៀវត្សរ៍​ខ្ពស់​។ នេះ​ជា​ករណី​ដ៏​ខុសឆ្គង​បំផុត ជាពិសេស​សម្រាប់​កិច្ចការ​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់​ដែល​ប្រជាពលរដ្ឋ​ត្រូវការ​ស្វែងរក​សេវា​ជា​ចាំបាច់​។

លោក​រដ្ឋលេខាធិការ​បា​ន​បញ្ជាក់ថា​នៅពេលដែល​ប្រធាន​មន្ទីរ​ឬ​មន្ត្រី​គ្រប់គ្រង​ការងារ​ជំនាញ​ផ្ទាល់​អវត្តមាន​ពី​កន្លែងធ្វើការ​នោះ​រាល់​សំណុំ​ឯកសារ​បម្រើសេវា​សាធារណៈ​នឹងត្រូវ​គរ​ហើយ​ជាប់គាំង​គ្រប់ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​។​ម្ល៉ោះហើយ​ក្នុងនាម​ជា​មន្ត្រី​ក្របខណ្ឌ​រដ្ឋ​ចាំបាច់​ត្រូវតែ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​។​បើ​ដាក់ចិត្ត​កាយ​ទៅ​ធ្វើការ​ខាងក្រៅ​ឬ​ក្នុង​ក្រុមហ៊ុន​ណាមួយ​ដាច់ខាត​ត្រូវតែ​សុំលាលែង​ពី​ការងារ​រដ្ឋ​។​

​ដាស់តឿន​ស្រដៀង​គ្នា​នេះដែរ​លោក​ជាវ​តា​យ​អភិបាល​ខេត្តកំពត​បាន​មានប្រសាសន៍ថា​មន្ត្រី​សុរិយោដី ពិសេស​ប្រធានការិយាល័យ​ភូមិបាល​គ្រប់​ក្រុង​ស្រុក​ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការងារ​របស់ខ្លួន​ឱ្យបាន​ម៉ត់ចត់​បំផុត​។​សព្វថ្ងៃ​នៅមាន​ករណី​កកស្ទះ​ជាច្រើន​ពិសេស​បញ្ហា​ការផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​។​ការ​បន្សល់ទុក​នូ​វក​ត្តា​ថ្នាំងថ្នាក់​ក្នុង​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ចំពោះ​មន្ត្រី​ជំនាញ​អាច​នឹង​រីក​រាលដាល​ដល់​ថ្នាក់ដឹកនាំ​រហូត​ក្លាយជា​បំណុល​ដែល​ពិបាក​ដោះស្រាយ​នាពេលខាងមុខ​។

​លោក​អភិបាលខេត្ត​បាន​បន្តថា​ជាមួយនឹង​អារម្មណ៍មិនល្អ​របស់​ប្រជាពលរដ្ឋ​ចំពោះ​បញ្ហាដីធ្លី​ក៏​ពាក់ព័ន្ធ​នឹង​ទង្វើ​របស់​អាជ្ញាធរ​មូល​ដ្ឋា​ន​ផងដែរ​។​មេឃុំ​ចៅសង្កាត់​ដាច់ខាត​សូមកុំ​ចុះហត្ថលេខា​លើដី​ដែល​មិនទាន់មាន​ប័ណ្ណកម្មសិទ្ធិ​។​បើ​នៅតែ​បន្ត​ចុះហត្ថលេខា​ជាន់គ្នា​នោះ​ការរក​ដំណោះស្រាយ​នឹង​ជួប​ភាពស្មុគស្មាញ ក៏ដូចជា​មានការ​លំបាក​កាន់តែខ្លាំង​។ ទាំង​រដ្ឋបាលខេត្ត ទាំង​ក្រសួង​រៀបចំ​ដែនដី នគ​រូប​នី​យ កម្ម និង​សំណង់ ក៏ដូចជា​សម្តេចនាយក​រដ្ឋមន្ត្រី​មិន​ចង់ឱ្យមាន​បញ្ហា​ណាមួយ​ចំពោះ​វិស័យ​ដីធ្លី​ឡើយ​។​

សូមបញ្ជាក់ថា​សម្រាប់​ពិធី​ខាងលើ យោង​ប្រកា​សលេខ​១៧៨.​ដន​ស​.​ប្រក ចុះ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៩ មាន​ខ្លឹមសារ​ថា​ត្រូវបានតែងតាំង​លោក ដា​ញ់ សារី ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​សុរិយោដី​ខេត្តកំពត​ជំនួស​លោក​យិន​វុ​ឌ្ឍ​ដែល​ត្រូវបាន​ផ្ទេរ​ភារកិច្ច​ទៅ​បម្រើការ​នៅ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម