ទិវា​ឯករាជ្យ​ជាតិ លី​ប៊ី​

487
ចែករម្លែក

​ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ល៊ី​ប៊ី ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ របស់​ពួកគេ​នៅ​ថ្ងៃទី ២៤ ខែ ធ្នូ ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ​ទទួលបាន​ឯករាជភាព​ពី​ចក្រភព​អង់គ្លេស កាលពី​ឆ្នាំ ១៩៥១ បន្ទាប់ពី​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់ អូ​តូ​ម៉​ង់ និង ចក្រភព​អង់គ្លេស រាប់រយឆ្នាំ​មក ។ ប៉ុន្តែ​ទិវា ឯករាជ្យ​ជាតិ​នេះ​ត្រូវបាន​ហាមឃាត់​នៅក្នុង​របប​របស់លោក មូ​អា​ម៉ា ហ្កា​រ​ដា​ហ្វ៊ី ។
​ ​
ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
លី​ប៊ី មាន​ផ្ទៃដី ១.៧៥៩.៥៤១ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ ទ្វីប អាហ្វ្រិក ខាងជើង​មាន​ព្រំដែន​ជាប់ សមុទ្ទ ម៉េ​ឌី​ទែ​រ៉ា​ណេ អេ​ហ្ស៊ី​ប ស៊ូដង់ ឆាត នី​ហ្ស៊េ​រី​យ៉ា អាល់​ហ្ស៊េ​រី និង ទុយ​នី​ស៊ី ។ ឆ្នាំ ២០១៩ មាន​ប្រជាពលរដ្ឋ​ជិត​ប្រាំពីរ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា អ៊ិ​ស្លាម​ភាសាផ្លូវការ​គឺ ភ​សា​អារ៉ាប់ លី​ប៊ី រដ្ឋធានី​គឺ​ទីក្រុង ទ្រី​ប៉ូ​លី ។​

​ប្រវត្តិសាស្ត្រ​
លី​ប៊ី បាន​ធ្លាក់​ក្រោម​ការត្រួតត្រា​របស់ ចក្រភព អូ​តូ​ម៉​ង់ (​ទួ​ក​គី ) នៅ​ឆ្នាំ ១៥៥១ បន្ទាប់ពី អូ​តូ​ម៉​ង់ បាន​លុកលុយ​កាន់កាប់​តំបន់ ទ្រី​ប៉ូ​លី ដោយ​ជោគជ័យ​កាលពី​ឆ្នាំ ១៥៥០ ។ សង្គ្រាម​អ៊ីតាលី -​ទួ​ក​គី បាន​ផ្ទុះឡើង​ពី ឆ្នាំ ១៩១១ ( ដល់​ឆ្នាំ ១៩១២ ) នាំឱ្យ ល៊ី​ប៊ី របូត​ចេញពី​កណ្តាប់ដៃ អូ​តូ​ម៉​ង់ ហើយ​បាន​ធ្លាក់​ទៅក្នុង​កណ្តាប់ដៃ អ៊ីតាលី វិញ​ម្តង ។ អ៊ីតាលី បាន​បំបែក ល៊ី​ប៊ី ជា ៣ តំបន់ ឬ ៣ ដែនដី គឺ ល៊ី​ប៊ី ទ្រី​ប៉ូ​លី និង ស៊ី​រ៉េ​ណាយ​កា ។​

​ចលនា​ប្រឆាំង​អ៊ីតាលី​
ភាព​ផ្សេងគ្នា នៃ សាសនា ពិតជា​ប្រភព និង​មូលហេតុ​ដ៏​សំខាន់បំផុត​មួយ​ក្នុងចំណោម​មូលហេតុ ចម្បងៗ ។ អូ​តូ​ម៉​ង់ (​ទួ​ក​គី ) ក្តោប​ក្តាប់ លី​ប៊ី បាន​សុខសាន្ត​ជាង​ក៏​ព្រោះតែ​ប្រជា ពលរដ្ឋ ល៊ី​ប៊ី និង ទួ​ក​គី គឺជា ជា​អ្នក​កាន់សាសនា អ៊ិ​ស្លាម ដូចគ្នា ។ ចំណែក អ៊ីតាលី គឺជា​អ្នក​កាន់សាសនា គ្រិស្ត ដែល​សាសនិក នៃ សាសនា​ទាំង ២ នេះ​តែងតែ​ប្រឆាំងនឹង​គ្នា​កាប់សម្លាប់​គ្នា​ជា​រៀងរហូត មក ក៏​ព្រោះតែ​ភាព​ប្រឆាំង​គ្នា នៃមនោគម វិជ្ជា​សាសនា​ទាំងពីរ​នេះ ។​

​យ៉ាងណាមិញ តាំងពី​អ៊ីតាលី​ចូល​ឈ្លានពាន លី​ប៊ី , ទ្រី​ប៉ូ​លី និង ស៊ី​រ៉េ​ណាយ​កា នេះ​មិនបានប៉ុន្មាន​ផង ក៏មាន​ចលនា​ឧទ្ទាម ប្រឆាំងនឹង អាណានិគម អ៊ីតាលី នៅ​គ្រប់ទិសទី ។

​ពួក​កុលសម្ព័ន្ធ Senussi បាន​បង្កើត​ចលនា​ឧទ្ទាម​ប្រឆាំងនឹង​រដ្ឋាភិបាល​អាណានិគម អ៊ីតាលី បានចាប់ផ្តើម​ពីថ្ងៃ​ទី ១២ ខែ មីនា ឆ្នាំ ១៩១២ ។ កងទ័ព​រដ្ឋាភិបាល​អាណា និគម អ៊ីតាលី និង កងទ័ព​ឧទ្ទាម​កុលសម្ព័ន្ធ Senussi បាន​ពើប​ប្រយុទ្ធ​គ្នា​នៅ​ជិត​តំបន់ Ras al-Laban នា​ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ១៩១២ បណ្តាលឱ្យ​ស្លាប់​កងទ័ព អ៊ីតាលី ប្រមាណ​ជា ២០០ នាក់ ចំណែក​ខាង ឧទ្ទាម​ស្លាប់ ជាង ១.២០០ នាក់ ។

​ព្រឹត្តិការណ៍​នេះ​ជំរុញ​ឱ្យ​តំណាង អ៊ីតាលី និង ទួ​ក​គី ចុះហត្ថលេខា​លើ​សន្ធិសញ្ញា Lausanne បង្ខំ​ឱ្យ ទួ​ក​គី ទទួលស្គាល់​អធិបតេយ្យ​ភាព​របស់ អ៊ីតាលី នៅលើ​ទឹកដី លី​ប៊ី ។ បន្ទាប់មកទៀត ​រដ្ឋាភិបាល អាណានិគម អ៊ីតាលី បាន​បង្ក្រាប​ទៅលើ​ក្រុម​ឧទ្ទាម អារ៉ាប់ នៅក្នុង​តំបន់ ទ្រី​ប៉ូ​លី នៅ​ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ១៩១៣ និង បាន​កាន់កាប់​តំបន់ ទ្រី​ប៉ូ​លី ។​

​រដ្ឋាភិបាល​អាណានិគម អ៊ីតាលី ក៏បាន​បន្ត​យុទ្ធនាការ​វាយប្រហារ​ទៅលើ​កុលសម្ព័ន្ធ Senussi នៅ​ជិត​តំបន់ Banna នា​ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ១៩១៣ បណ្តាលឱ្យ​កងទ័ព​កុលសម្ព័ន្ធ​ស្លាប់ ប្រមាណ ២០០ នាក់ ។ នៅ​ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ១៩១៣ កងទ័ព​អ​ណា​និគម​បើក​ការ​វាយ ប្រហារ​ទៅលើ​កងទ័ព កុលសម្ព័ន្ធ អារ៉ាប់ នៅ​ជិត Sidi ‘Aziz នាំឱ្យ​កងទ័ព អ៊ីតាលី ស្លាប់​ប្រមាណ ជា ៧០ នាក់ ។​

​នៅ​ឆ្នាំ ១៩១៣ កងទ័ព​កុលសម្ព័ន្ធ អារ៉ាប់ ប្រមាណ​ជា ៣.០០០ នាក់ ដឹកនាំ​ដោយ​លោក Sheikh Suf al-Mahmudi និង លោក Sheikh Harb al-Naili បាន​បង្ខំចិត្ត​ភៀសខ្លួន​ទៅក្នុង​ទឹកដី ទុយ​នី​ស៊ី ដែល​ក្រោម​អាណានិគម​របស់ បារាំង ។ កងទ័ព​កុលសម្ព័ន្ធ អារ៉ាប់ ៦០០ នាក់ ដឹកនាំ​ដោយ លោក Sheikh Muhammad Abdullah al-Busayfi បាន​ភៀសខ្លួន​ទៅ​ស្រុក Fezzan (​ភាគ​និរតី នៃ ប្រទេស លី​ប៊ី បច្ចុប្បន្ន )​ប៉ុន្តែ​លោក Sheikh al-Busayfi ត្រូវបាន​កងទ័ព​រដ្ឋា​ភិ​បាល​អាណា និគម​សម្លាប់​នៅ​ជិត​តំបន់ Mahrugah នា​ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ១៨១៣ ។​

​នៅ​ខែ កុម្ភៈ ឆ្នាំ ១៩១៤ កងទ័ព​រដ្ឋាភិបាល​អាណានិគម អ៊ីតាលី បាន​ពើប​ប្រយុទ្ធ​ជាមួយ​កងទ័ព ឧទ្ទាម​កុលសម្ព័ន្ធ Senussi បណ្តាលឱ្យ​កងទ័ព អ៊ីតាលី ស្លាប់ ៣៥ នាក់ និង កងទ័ព​ឧទ្ទាម ស្លាប់ ២៨០ នាក់ ។ កងទ័ព អ៊ីតាលី បាន​ចូល​កាន់កាប់​ទីក្រុង ហ្កា​ត់ នៃ ស្រុក Fezzan នៅ​ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ១៩១៤ ។

​ក្រុម​ឧទ្ទាម​អារ៉ាប់ បាន​ងើប​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​អាណានិគម អ៊ីតាលី នៅ​ស្រុក Fezzan និង តំបន់ Jabal បានចាប់ផ្តើម​ចេញពី​ថ្ងៃ​ទី ២៨ ខែ កញ្ញា ឆ្នាំ ១៩១៤ ។ កុលសម្ព័ន្ធ អារ៉ាប់ ដឹកនាំ​ដោយ​លោក Salim Abd al-Nabi al-Zintani បាន​យកឈ្នះ​លើ​កងទ័ព​រដ្ឋាភិបាល អាណានិគម អ៊ីតាលី នៅ​សមរភូមិ Sabha នា​ថ្ងៃទី ២៧ ខែ វ​ច្ឆិ​កា ឆ្នាំ ១៩១៤ និង​ដណ្តើម​កាន់ កាប់​ទីក្រុង Murzaq ពី​រដ្ឋាភិបាល​នៅ​ថ្ងៃ ២៣ ខែ ធ្នូ ឆ្នាំ ១៩១៤ ។ កងទ័ព​រដ្ឋាភិបាល បាន​ដកខ្លួន ទៅ​ទីក្រុង Misurata នៅ​ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ១៩១៤ ។

​កងទ័ព​រដ្ឋាភិបាល​អាណានិគម អ៊ីតាលី ក្រោម​បញ្ជាការ​របស់ វរសេនីយឯក មី​យ៉ា​នី បាន បរាជ័យ​ក្រោម​ដៃ​កងទ័ព​កុលសម្ព័ន្ធ អារ៉ាប់ នៅ​ជិត​តំបន់ al-Gardabiyya នា​ថ្ងៃទី ២៨-២៩ ខែ មេសា ឆ្នាំ ១៩១៥ បណ្តាលឱ្យ​កងទ័ព អ៊ីតាលី លី​ប៊ី ស្លាប់ ៧៣៥ នាក់ ។ វរសេនីយឯក មី​យ៉ា​នី បាន​កាត់ទោស​ប្រហារជីវិត​ជន​ស៊ីវិល អារ៉ាប់ ៧០០ នាក់​ជាការ​សងសឹក ។​

​សន្តិភាព​វិល​មកវិញ
បន្ទាប់ពី​បរាជ័យ​របស់​កងទ័ព​រដ្ឋាភិបាល អាណានិគម អ៊ីតាលី ២ លើក​ខាងលើនេះ វរសេនីយ ឯក មី​ឡូ តា​ល់​បូត នៃ ចក្រភព​អង់គ្លេស បាន​សម្របសម្រួល​ឱ្យមាន​ការចរចា​រវាង​តំណាង អ៊ីតាលី និង តំណាង​កុលសម្ព័ន្ធ Senussi នៅក្នុង​តំបន់ al-Zuwaitina និង តំបន់ Marmarica ចាប់ផ្តើម​ពីថ្ងៃ​ទី ២៥ ខែ កក្កដា ឆ្នាំ ១៩១៦ ។ ជា​លទ្ធផល រដ្ឋាភិបាល អ៊ីតាលី និង កុលសម្ព័ន្ធ Senussi បាន​ផ្តោះ​ប្តូរ​អ្នកទោស​ពីគ្នា​ទៅវិញទៅមក​នៅ​ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ១៩១៧ ។ តំណាង រដ្ឋាភិបាល អ៊ីតាលី និង តំណាង​កុលសម្ព័ន្ធ Senussi បាន​ចុះហត្ថលេខា​លើ​បទ​ឈប់​បាញ់​គ្នា នៅ​ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩១៧ ។ ជា​សរុបទៅ​មាន​មនុស្ស​ស្លាប់ ១៦.០០០ នាក់​ពី​ក្នុង សង្គ្រាម​នោះ ដោយ​ក្នុងនោះ កងទ័ព អ៊ីតាលី ប្រមាណ​ជា ៣.០០០ នាក់ ។

​រដ្ឋាភិបាល​អាណានិគម អ៊ីតាលី បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ជាមួយ​កុល​ស​ម្ព័​ន​អារ៉ាប់ ទ្រី​ប៉ូ​លី នៅ​ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ១៩១៩ ។ តំណាង អ៊ីតាលី និង តំណាង កុលសម្ព័ន្ធ Senussi បាន​ចុះ​កិច្ចព្រមព្រៀង​គ្នា​មួយ​ឈ្មោះថា al-Rajma នៅក្នុង​ទីក្រុង រ៉ូម នា​ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ១៩២០ ។ កិច្ចព្រមព្រៀង​នេះ ភាគី អ៊ីតាលី ទទួលស្គាល់​លោក សាយ​យី​ដ មូ​ហា​ម៉ា​ដ់ អ៊ី​ឌ្រី​ស នៃ ដែនដី ស៊ី​រ៉េ​ណាយ​កា ថា​ជា​ប្រមុខរដ្ឋ នៃ រដ្ឋបាល​ស្វយ័ត​នៅ​តំបន់ Jaghbub, Aujila, Jalu និង តំបន់ Kufra ។ សន្តិភាព​ក៏បាន​បង្ហាញខ្លួន​នៅក្នុង​ដែនដី​ទាំង ៣ ។​

ចលនា​ផ្តាច់ខ្លួន​-​សង្គ្រាម​ឆេះ​ឡើងវិញ​-​ធ្លាក់​ក្នុង​ដៃ​អង់គ្លេស​
ទោះជារដ្ឋាភិបាល​អាណានិគម អ៊ីតាលី​ទទួលស្គាល់​នូវ​សេរីភាព​ខ្លះ​ដូចដែល​បានលើក ឡើង ខាងលើ​ជាដើម​ក្តី ក៏​ក្រុម​អ្នកស្នេហាជាតិ​ទាំងឡាយ​មិន​សុខចិត្ត រស់នៅ​ក្រោម​នឹម​អាណានិគម អ៊ីតាលី ដែរ ។​

​ឆ្លងកាត់​សង្គ្រាម​ជាច្រើន ដូចដែល​បានលើកឡើង​ខាងលើនេះ​មក ធ្វើឱ្យ​អ៊ីតាលី​ជួប ប្រទះ​នូវ បញ្ហា​ជាច្រើន​ជាពិសេស ខាង​សេដ្ឋកិច្ច ។ មេដឹកនាំ​កុលសម្ព័ន្ធ​ជាច្រើន​នៅក្នុង​តំបន់​នោះ បាន​មើលឃើញថា ជា​ឱកាសល្អ​ក្នុងការ​ដណ្តើម​ឯករាជភាព​របស់​ពួកគេ​ពី​អ៊ីតាលី ។​

​ដោយហេតុនេះ នៅ​ឆ្នាំ ១៩១៨ តំបន់ ទ្រី​ប៉ូ​លី បានប្រកាស​ឯករាជភាព​របស់ខ្លួន​ពី អាណានិគម អ៊ីតាលី ហើយ​បង្កើតជា សាធារណរដ្ឋ ទ្រី​ប៉ូ​លី ក្រោម​កិច្ចដឹកនាំ​របស់ លោក Ramadan Asswehly ។ ប្រការនេះ​បានធ្វើឱ្យ​រដ្ឋាភិបាល អ៊ីតាលី ចាត់ទុក​សាធារណរដ្ឋ​ថ្មីថ្មោង​មួយ​នេះ ថា​ជា​មុខសញ្ញា​ចាត់ការ ។​

​ជា​អកុសល លោក Ramadan Asswehly បាន​ស្លាប់​នៅក្នុង​ខែ សីហា ឆ្នាំ​១៩២០​នាំឱ្យ សាធារណរដ្ឋ ទ្រី​ប៉ូ​លី ដ៏​ក្មេងខ្ចី​នេះ ធ្លាក់​ក្នុង​សង្គ្រាម ស៊ីវិល ។ ឃើញ​ដូច្នេះ កងទ័ព អ៊ីតាលី បាន​ចូល​ឈ្លានពាន​កាន់កាប់​ទីក្រុង Misurata នៃ តំបន់ Syrtica នៅ​ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ១៩២២ ។​

​ចេញពី​ក្តីបារម្ភ​ចំពោះ​ការចូល​ឈ្លានពាន​របស់​កងទ័ព អ៊ីតាលី ដូច្នេះ​នៅ​ខែ វិច្ឆិកា ឆ្នាំ ១៩២០ ដដែល​នោះ ពួក​មេដឹកនាំ​កុលសម្ព័ន្ធ​ទាំងឡាយ​បាន​ជួបពិភាក្សា​គ្នា​នៅក្នុង​ទីក្រុង ហ្ការី​យ៉ាន់ និង បាន​ព្រមព្រៀងគ្នា​បញ្ចប់សង្គ្រាម​ស៊ីវិល​នោះ ។ ប៉ុន្តែ​ស្ថានភាព​នៅ ទ្រី​ប៉ូ​លី​នៅតែ​គ្មាន​លំ​ហ្នឹង ទាល់តែសោះ ។

​នៅ​ខែ មករា ឆ្នាំ ១៩២២ ពួកគេ​បាន​ព្រមព្រៀងគ្នា ស្នើឱ្យ​លោក សាយ​យី​ដ មូ​ហា​ម៉ា​ដ់ អ៊ី​ឌ្រី​ស ដែលជា​ប្រមុខ ដែនដី ស៊ី​រ៉េ​ណាយ​កា ពង្រីក​ការគ្រប់គ្រង​គ្របដ​ណ្តើ​ប់​ទៅលើ តំបន់ ទ្រី​ប៉ូ​លី ផង ដើម្បី​ធ្វើឱ្យមាន​ស្ថេរភាព​នៅ​តំបន់​នោះ ។ ពួកគេ​បានដាក់​ឯកសារ​ជា​ផ្លូវ​ការជូន​លោក អ៊ី​ឌ្រី​ស នៅ​ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ១៩២២ ដែល​ប្រការនេះ​បានសេចក្តីថា ពួកគេ​កំពុង​ច្របាច់​បញ្ចូល​គ្នា រវាង​ដែនដី ទ្រី​ប៉ូ​លី និង ដែនដី ស៊ី​រ៉េ​ណាយ​កា ។

​អ៊ីតាលី តែងតែ​ជំទាស់​ជា​រៀង​រហូតមក​មិនឱ្យ​មានការ​រួបរួមគ្នា​ផ្នែក​នយោបាយ​រវាង ទ្រី​ប៉ូ​លី និង ស៊ី​រ៉េ​ណាយ​កា ឡើយ ព្រោះ​ការរួបរួម​គ្នា នៃ ដែនដី​ទាំង ២ នេះ​នឹង​ប៉ះពាល់​ដល់​ផលប្រយោជន៍ អ៊ីតាលី ឬ នាំឱ្យ​ដែនដី​ក្រោម​អាណានិគម​នោះ មាន​កម្លាំង​ខ្លាំងក្លា​ងាយ​នឹង​រើបម្រះ​របូត​ចេញ ពី​កណ្តាប់ដៃ​ខ្លួន ( អ៊ីតាលី ) ។​

​ទីប្រឹក្សា​របស់លោក អ៊ី​ឌ្រី​ស មាន​ភាពស្ទាក់ស្ទើរ​ថា​តើ​គួរ​ទទួលយក​នូវ​សំណើ​របស់​មេដឹកនាំ​កុលសម្ព័ន្ធ ទ្រី​ប៉ូ​លី នោះ ឬ យ៉ាងណា ។ ដ្បិតថា ប្រសិនបើ​លោក អ៊ី​ឌ្រី​ស ព្រម​ទទួលយក​សំណើ​របស់​មេដឹកនាំ​កុល សម្ព័ន្ធ​នៅ ទ្រី​ប៉ូ​លី នោះ គឺជា​ការបំពាន​លើ​ខ្លឹមសារ នៃ កិច្ចព្រមព្រៀង al-Rajma នាទី​ក្រុង រ៉ូម កាលពី​ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ១៩២០ ដែល​ប្រការនេះ​គឺជា​ការធ្វើឱ្យ​ខូច​នូវ​ទំនាក់ទំនង ជាមួយ​រដ្ឋាភិបាល អ៊ីតាលី ។

​គិតថា​ជាការ​បង្ក្រាប​ជាមុន នឹងមាន​ប្រៀប កងទ័ព អ៊ីតាលី បើក​ការវាយលុក​ទៅលើ​កុលសម្ព័ន្ធ Senussi ដែល​ដឹកនាំ​ដោយ​លោក Sheikh ‘Umar al-Mukhtar នៅ​ភាគ​ខាងលិច លី​ប៊ី នា​ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ១៩២២ ។

​ប៉ុន្តែ​ប្រការនេះ​បាន​ជំរុញ​ឱ្យ លោក អ៊ី​ឌ្រី​ស បាន​ព្រម​ទទួលយក​សំណើ​របស់​មេដឹកនាំ​កុល សម្ព័ន្ធ ទ្រី​ប៉ូ​លី ពោលគឺ​លោក អ៊ី​ឌ្រី​ស ហ៊ាន​ចេញមុខ​ប្រឆាំងនឹង អាណានិគម អ៊ីតាលី​តាមរយៈ ការរួបរួម​នយោបាយ នៃ ដែនដី ស៊ី​រ៉េ​ណាយ​កា និង ទ្រី​ប៉ូ​លី នៅក្នុង​ខែ វិច្ឆិកា ឆ្នាំ ១៩២២ ។ លោក សាយ​យី​ដ មូ​ហា​ម៉ា​ដ់ អ៊ី​ឌ្រី​ស ប្រមុខរដ្ឋ​ដែនដី ស៊ី​រ៉េ​ណាយ​កា បាន​ភៀសខ្លួន​ទៅ​ប្រទេស អេ​ហ្ស៊ី​ប នៅ​ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ១៩២២ ។​

​កងទ័ព អ៊ីតាលី ចូលកាន់​កាប់ ដែនដី ទ្រី​ប៉ូ​លី ម្តងទៀត នៅ​ឆ្នាំ ១៩២៣ ។ ថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ១៩២៣ ឧ​ត្ត​ម​សេនីយ Luigi Bongiovanni របស់ អ៊ីតាលី បានប្រកាស​មោឃភាព នូវ​កិច្ច ព្រមព្រៀង​ទាំងឡាយ​ជាមួយ Senussi ។ ចាប់ពីពេលនោះ​មក កងទ័ព អ៊ីតាលី​កាប់សម្លាប់ ប្រជាជន​ស៊ីវិល​កុលសម្ព័ន្ធ Senussi តាម​ទំនើងចិត្ត ហើយ​គិតពី​ចន្លោះ​ថ្ងៃទី ០៦ ខែ មីនា ដល់​ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ១៩២៣ នោះ ជន​ស៊ីវិល នៃ កុលសម្ព័ន្ធ Senussi ប្រមាណ​ជា ៨០០ នាក់ ត្រូវបាន​កងទ័ព អ៊ីតាលី សម្លាប់​យ៉ាង​ឥត​ត្រ​ប្រណី ។

​ស្តែង​ចេញពី​ការឈឺ​ចាប់ជាតិ​សាសន៍​នេះ កុលសម្ព័ន្ធ Senussi បាន​យកឈ្នះ​លើក​កងទ័ព អ៊ីតាលី​នៅ​ជិត​តំបន់ al-Rahaiba នា​ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ១៩២៧ បណ្តាល ឱ្យ​កងទ័ព អ៊ីតាលី លី​ប៊ី ស្លាប់ ៣២០ នាក់ ។ នៅ​ថ្ងៃទី ០៣ ខែ មករា ឆ្នាំ ១៩២៨ កងទ័ព អ៊ីតាលី បាន​បង្ក្រាប លើ​កងទ័ព​កុលសម្ព័ន្ធ Senussi នៅ​ភាគ​ខាងកើត លី​ប៊ី ។ នៅ​ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ១៩២៨ កងទ័ព​ភាគី​ទាំងពី​ពើប​ប្រយុទ្ធ​គ្នា​នៅ​តំបន់ នៅ​តំបន់ ‘Afiya នា​ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ​ដដែល នោះ ។ លុះដល់​ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩២៩ កងទ័ព អ៊ីតាលី បាន​រំលាយ​ចូលគ្នា​នូវ​ដែនដី ទ្រី​ប៉ូ​លី និង ដែនដី ស៊ី​រ៉េ​ណា​កា ។​

​នៅ​ថ្ងៃទី ០៨ ខែ មករា ឆ្នាំ ១៩៣០ កងទ័ព​កុលសម្ព័ន្ធ Senussi ដឹកនាំ​ដោយ​លោក Sayyid al-Hasan និង កងទ័ព អ៊ីតាលី បាន​ពើប​ប្រយុទ្ធ​គ្នា​ម្តងទៀត បណ្តាលឱ្យ​កងទ័ព​កុល​ស​ម្ព័​ម​ន្ធ​ស្លាប់ ៨០ នាក់ ។ ទោះជា​ត្រូវស្លាប់​ជាច្រើន​រយ​នាក់ ជា​បន្តបន្ទាប់​ក្តី ក៏​កុលសម្ព័ន្ធ Senussi នៅតែ បន្ត​ការតស៊ូ​មិន​ព្រម​ចុះចាញ់​ការកាប់សម្លាប់​ពី​សំណាក់​កងទ័ព​អ៊ីតាលី​ជាដាច់ខាត ។ ហេតុនេះ ការប្រយុទ្ធ​គ្នា​រវាង​ភាគី​ទាំងពី​នៅតែ​បន្ត ។​

​គ្រូបង្រៀន​គម្ពីរ គួរ​អាន់ ( Qur’an ឬ កូ​រ៉ា​ន់ ) លោក Sheikh ‘Umar al-Mukhtar ជា​មេដឹកនាំ របស់​កុល ម​ស្ព័​ន្ធ Senussi នៅក្នុង​ដែនដី ស៊ី​រ៉េ​ណាយ​កា បន្ទាប់ពី​ការតស៊ូ​អស់​រយៈពេល​ជិត ២០ ឆ្នាំ មក នៅ​ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ១៩៣១ ត្រូវបាន​កងទ័ព អ៊ីតាលី ចាប់ខ្លួនបាន និង​កាត់ទោស ប្រហារជីវិត នៅ​ថ្ងៃទី ១៦ ខែ និង ឆ្នាំ ដដែល​នោះ ( គាត់​បានក្លាយ​ជា​វិ​រ​បុរស​ជាតិ លី​ប៊ី ហើយ​ក្រោយមក​រូប​របស់គាត់​ត្រូវបាន​ផ្តិត​នៅលើ​ក្រដាសប្រាក់​ជាការ​ទទួលស្គាល់​នូវ​វីរភាព​របស់គាត់​ចំពោះ​ប្រទេសជាតិ )​។ កងទ័ព អ៊ីតាលី បង្ក្រាប កងទ័ព​កុលសម្ព័ន្ធ Senussi ម្តងទៀត នៅ​ភាគ​ខាងលិច លី​ប៊ី នា​ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៣២ ។

​តាំងពី​មាន​សង្គ្រាម​នឹង​គ្នា​ជា​លើក​ទី ២ មករ​វាង​ដែនដី​ក្រោម​អាណានិគម និង​អាណា និគម អ៊ីតាលី នេះ មាន​មនុស្ស​ស្លាប់​ប្រមាណ​ជា ៨ ម៉ឺន​នាក់ ក្នុងនោះ​កង​ទ័ អ៊ីតាលី ប្រមាណ​ជា ៥.០០០ នាក់ ។

​នៅ​ថ្ងៃទី ០១ ខែ មករា ឆ្នាំ ១៩៣៤ អ៊ីតាលី បាន​បែងចែក​ទឹកដី លី​ប៊ី ទៅជា ៤ ខេត្ត​គឺ Tripoli, Misurata, Benghazi និង ខេត្ត Derna ។ ប៉ុន្តែ​គិត​ត្រឹម​ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ១៩៤៣ លី​ប៊ី បាន​ធ្លាក់​ក្នុង​កណ្តាប់ដៃ​ចក្រភព​អង់គ្លេស​វិញ ។

​ចលនា​ឯករាជភាព​
ចលនា​អ្នក​ជាតិនិយម លី​ប៊ី បានកើត​ឡើង​នៅ​ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ១៩៤៦ ។ ក្រុមប្រឹក្សា សម្ព័ន្ធ រដ្ឋ​អារ៉ាប់ (LAS) បានបង្ហាញ​ការគាំទ្រ​ឯករាជភាព​របស់ លី​ប៊ី នៅ​ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ១៩៤៧ , ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ១៩៤៧ និង ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ១៩៤៨ ។ សភា​អង្គការ សហប្រជាជាតិ បានអនុម័ត​ដំណោះស្រាយ​នៅ​ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ១៩៤៩ ដោយ​អំពាវនាវ រក​ឯករាជភាព​សម្រាប់ លី​ប៊ី មិនឱ្យ​ហួស​ពីថ្ងៃ​ទី ០១ ខែ មករា ឆ្នាំ ១៩៥២ ។ នៅ​ថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ១៩៥០ លោក សាយ​យី​ដ ម៉ូ​ហា​ម៉ា​ដ់ អ៊ី​ឌ្រី​ស ត្រូវ​បានអនុម័ត​ឱ្យធ្វើជា​ស្តេច​របស់ លី​ប៊ី ។

​ក្រុមប្រឹក្សា សម្ព័ន្ធ រដ្ឋ​អារ៉ាប់ បាន​គាំទ្រ​នូវ​ឯករាជភាព លី​ប៊ី នៅ​ថ្ងៃទី ០២ ខែ កុម្ភៈ​ឆ្នាំ ១៩៥១ និងថ្ងៃទី១៣ ខែ តុលា ឆ្នាំ១៩៥១ ។ សភា​អង្គការសហប្រជាជាតិ បានអនុម័ត ​រដ្ឋធម្មនុញ្ញ នៅ​ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ១៩៥១ ។ នៅ​ទីបំផុត លី​ប៊ី ទទួលបាន​ឯករាជ ភាព​របស់ខ្លួន​ពី​ចក្រភព​អង់គ្លេស នៅ​ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ១៩៥១ ដោយមាន​លោក សាយ​យី​ដ ម៉ូ​ហា​ម៉ា​ដ់ អ៊ី​ឌ្រី​ស ជា​ក្សត្រ ។​

​រដ្ឋាភិបាល និង ប្រជាពលរដ្ឋ លី​ប៊ី ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់ខ្លួន​ដើម្បី​រម្លឹក​នូវ​ថ្ងៃ​ដែល​ពួកគេ ទទួលបាន​ឯករាជ្យ​នេះឯង ។​

រដ្ឋប្រហារ ហ្កា​ដា​ហ្វ៊ី​
ការរកឃើញ​អណ្តូងរ៉ែ​ប្រេងកាត នៅ​ឆ្នាំ ១៩៥៩​បានធ្វើឱ្យ​ជាតិ​សាសន៍​ដ៏​ក្រីក្រ​បំផុត​មួយ ក្នុង​លោក​នេះ ក្លាយទៅជា​រដ្ឋ​ដ៏​មានបាន ។ ទោះយ៉ាងណា ទ្រព្យសម្បត្តិ​ជាតិ គឺ​ស្ថិតនៅ​ក្នុងការ ក្តោប​ក្តាប់​របស់​ស្តេច Idris ទើប​បង្កើតបាន​ជាការ​មិន​ពេញចិត្ត​ជាច្រើន ឬ​អាច​និយាយ​ម្យ៉ាង ទៀតថា មាន​មនុស្ស​ជាច្រើន​ដណ្តើម​គ្នា​ចង់​កាន់កាប់ រ៉ែ​ប្រេងកាត ។​
​ ​
ដោ​យេ​ហ​តុ​នេះ នៅ​ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ១៩៦៩ មេទ័ព​ឧទ្ទាម​មួយក្រុម ដឹកនាំ​ដោយ មូ​អា​ម៉ា ហ្គា​ដា​ហ្វ៊ី បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​ស្តេច Idris ដោយ​ជោគជ័យ និង ដោយ​គ្មាន​ការបង្ហូរ​ឈាម ។​
​ ​
ដើម្បី​កាត់បន្ថយ​ឥទ្ធិពល អ៊ីតាលី នៅលើ​ទឹកដី លី​ប៊ី នៅ​ខែ តុលា ឆ្នាំ ១៩៧០​រាល់​ទ្រព្យសម្បត្តិ ដែលជា​កម្មសិទ្ធិ​របស់ ជនជាតិ អ៊ីតាលី ត្រូវបាន​ដកហូត ហើយ​សហគមន៍ អ៊ីតាលី ដ៏​ខ្លាំងក្លា ប្រមាណ​ជា ១២.០០០ នាក់ ត្រូវបាន​បណ្តេញ​ចេញពី លី​ប៊ី ស្របគ្នា​នឹង សហគមន៍ ជនជាតិ លី​ប៊ី ដើមកំណើត ជ្វី​ស មួយចំនួន​តូច​ទៀត ។
​ ​
ទ្រព្យសម្បត្តិ​របស់ លី​ប៊ី មាន​ភាពសម្បូរ រីឯ​ការបង្ក្រាប​ផ្នែក​នយោបាយ ផ្ទៃក្នុង ក៏ កើនឡើង​ដែរ ហើយ​ទីបំផុត ការខ្វែងគំនិត​ផ្នែក​នយោបាយ ត្រូវបាន​កំណត់ថា​ជា​អំពើ​ខុសច្បាប់ពោល​គឺជា របប​ផ្តាច់ការ ។ ការឃ្លាំមើល​ប្រជាពលរដ្ឋ ត្រូវបាន​អនុវត្ត​តាមរយៈ គណៈកម្មាធិការបដិវត្តន៍ របស់លោក ហ្គា​ដា​ហ្វ៊ី ។ ប៉ុន្តែ​របប​របស់លោក ហ្គា​ដា​ហ្វ៊ី បាន​លើកតម្កើង​តម្លៃ​ស្ត្រី​ជាងរបប​មុនៗ ។

ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ១៩៧៥ មេទ័ព ២០ បាននាំគ្នា​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ ហ្គា​ដា​ហ្វ៊ី ប៉ុន្តែ​ត្រូវបាន​បង្ក្រាប​ហើយ​បាន​ចាប់ខ្លួន​កាត់ទោស​មេដឹកនាំ​ទាំងអស់ ។ អំឡុង​ឆ្នាំ ១៩៧៧ លី​ប៊ី មានទំនាស់​ប្រដាប់អាវុធ​ជាមួយ​ប្រទេស ឆាដ , អេ​ហ្ស៊ី​ប និង តង់​ហ្សា​នី ។ ហ្គា​ដា​ហ្វ៊ី ក៏​ជា​អ្នក ផ្តល់​ហិរញ្ញវត្ថុ​ដល់​ក្រុម ប្រឆាំងនឹង​អាវុធ​នុយ​គ្លី​អ៊ែរ ដែរ ។ ចាប់ពី​ឆ្នាំ ១៩៧៧ ទៅ​ប្រាក់ចំណូល ប្រចាំឆ្នាំ​របស់​មនុស្សម្នា​ក់ៗ កើនឡើង​លើសពី ១១.០០០ ដុល្លារ គឺជា​ចំណូល​ក​ម្រឹត​ខ្ពស់ លំដាប់​ទី ៥ នៅ អាហ្វ្រិក ។ ចំណែក​ក​ម្រឹត​អភិវឌ្ឍន៍​ធនធានមនុស្ស​វិញ គឺមាន​ក​ម្រឹត​ខ្ពស់​ជាងគេ នៅ​អាហ្វ្រិក ហើយ​ខ្លាំងក្លា​ជាង អា​រ៉ា​ប៊ី សា​អ៊ូ​ឌី ទៅទៀត ។ ទន្លេ​សិប្បនិម្មិត​ដ៏​មហិមា ត្រូវបាន ស្ថាបនា​ឡើង ដើម្បី បង្ហូរ​ទឹកសាប ទៅ​ស្រោចស្រប់​ផ្នែក​ដ៏​ច្រើន​បំផុត នៃ ផ្ទៃ​ប្រទេស ។​

​អ្វីដែល​ពិសេស​បំផុត​នោះ គឺថា​សមិទ្ធផល​ទាំងនេះ​សម្រេចបាន​ដោយ​គ្មាន​ការខ្ចីប្រាក់​ពី​បរទេស ឡើយ ពោលគឺ លី​ប៊ី ក្លាយជា​ប្រទេស​ដែល​គ្នា​ជំពាក់​បំណុល​បរទេស ។
​ ​
​ប៉ុន្តែ ហ្គា​ដា​ហ្វ៊ី មិនមែនជា​មនុស្ស​ជាទី​ពេញចិត្ត​ពី​សំណាក់​បណ្តា​ប្រទេស​លោកខាង លិច​ឡើយ ជាពិសេស ពី​សំណាក់​មហាអំណាច​លេខ ១ ក្នុង​លោក សហរដ្ឋ អាមេរិក ។ ប្រការ​ទាំងនេះ គឺ​ដោយសារតែ ហ្គា​ដា​ហ្វ៊ី ការពារ​ប្រយោជន៍​ជាតិ​របស់គាត់ និង​ប្រយោជន៍​ជាតិ​សាសន៍​នៅ ជាប់​របង​គាត់ ហើយ​ដើម្បី ធ្វើ​បែប​នោះបាន គឺ​គាត់​មិន​ឱនក្បាល​ចំពោះ​លោកខាងលិច​ឡើយ ។ ហេតុនេះ គាត់​ក៏​ដឹង​ច្បាស់​ដែរ​ថា លី​ប៊ី មុខជា​មិនបាន​សុខ​ឡើយ ។ ដូច្នេះ​ប្រាក់​ជាច្រើន​ត្រូវ បាន​ចំណាយ​ដើម្បី​ពង្រឹង​វិស័យ​យោធា ។
​ ​
ពួកលោក​ខាងលិច ត្រូវការ​ជា​ចាំបាច់ នូវ​ប្រេងឥន្ធនៈ ដើម្បី ផ្គង់​ផ្គង់​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​របស់ ពួកគេ ហើយ លី​ប៊ី ចាត់ទុកថា​ជា​ប្រភព​ប្រេង ឥន្ធនៈ ដ៏​សំខាន់​មួយ​ដែរ ។ ប៉ុន្តែ​ដើម្បី​ការពារ ប្រយោជន៍​របស់ខ្លួន លោក ហ្គា​ដា​ហ្វ៊ី ចៀស​មិន​ផុតពី​ការធ្វើឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍ របស់​ពួក​មហាអំណាច ។ ហេតុនេះ ពួក​មហា​អំ​ណា​លោកខាងលិច បាន​ប្រើ​វិធី​ជាច្រើន ដើម្បី ដកហូត ហ្គា​ដា​ហ្វ៊ី ចេញ ពី​អំណាច ហើយ​ចង់យក​អ្នកណា​ដែល​ស្តាប់បង្គាប់​ពួកគេ (​មហា អំណាច​លោកខាងលិច ) ឱ្យ​កាន់ អំណាច​នៅ លី​ប៊ី ជំនួស ហ្គា​ដា​ហ្វ៊ី ។​
​ ​
ហេតុនេះ ក៏មាន​ការចោទប្រកាន់​អវិជ្ជមាន​ជា​បន្តបន្ទាប់​ទម្លាក់​ទៅលើ​លោក ហ្គា​ដា​ហ្វ៊ី ដូចជា​ថា រំលោភបំពាន​សិទ្ធិមនុស្ស និង នៅ​ពី​ក្រោយខ្នង​ភេ​វរ​កម្ម​ជាដើម ។​

​ឆ្នាំ ១៩៨៦ អាមេរិក បើក​ការវាយប្រហារ​តាម​អាកាស​ប៉ុនប៉ង​សម្លាប់​លោក ហ្គា​ដា​ហ្វ៊ី ប៉ុន្តែ​មិន បានសម្រេច​ឡើយ ។ ទោះយ៉ាងណា ទីបំផុត លី​ប៊ី ត្រូវបាន​អង្គការសហ ប្រជាជាតិ (​ដែលមាន អាមេរិក​ជា​អ្នក​ញាក់ ) ដាក់ទណ្ឌកម្ម បន្ទាប់ពី​ចោទថា លោក ហ្គា​ដា​ហ្វី​ជា​អ្នក​នៅ​ពីក្រោយ ខ្នង​ការ​បំផ្ទុះ​គ្រាប់បែក​ទៅលើ​យន្តហោះ​ពាណិជ្ជកម្ម ដែល​បានសម្លាប់​មនុស្ស ២៧០ នាក់ ។

​សង្គ្រាមស៊ីវិល​ឆ្នាំ ២០១១
ជាការ​ពិតណាស់ ត្រូវបាន​គេ​ដឹង​គ្រប់គ្នា​ថា មហាអំណាច​លោកខាងលិច​បាន​លូកដៃ​កកូ​កកាយ កិច្ចការ​ផ្ទៃក្នុង​របស់ លី​ប៊ី ជ្រៅ​ទៅៗ ទើប​មាន​ចលនា​ប្រឆាំងនឹង ហ្គា​ដា​ហ្វ៊ី ក៏​កាន់តែច្រើន​ទៅៗ និង​ស្រួល​ស្រាល់​ទៅៗ រហូតដល់​បង្កើតបាន​ជា​ក្រុម​ឧទ្ទាម​ប្រឆាំង​របប ហ្គា​ដា​ហ្វ៊ី​ដោយ​យក ហេតុផល​ថា ហ្គា​ដា​ហ្វ៊ី បំពាន​សិទ្ធិមនុស្ស ។ ក្រុម​ឧទ្ទាម​នេះ​រហូត​ឈានដល់​បង្កើតជា​តំបន់ ស្វយ័ត​ទៀតផង ។ ទីប្រឹក្សា​ដ៏​ចំណាន​ម្នាក់​របស់លោក ហ្គា​ដា​ហ្វ៊ី​បាន​ផ្តល់យោបល់​ឱ្យ​លោក គេចខ្លួន​ចេញពី​ប្រទេស ឬ ក៏ត្រូវ​បន្ទន់ឥរិយាបថ​ចំពោះ​លោកខាងលិច​ពោលគឺ​រណ​បលោក ខាងលិច ។ ប៉ុន្តែ​ត្រូវ​លោក ហ្គា​ដា​ហ្វ៊ី បដិសេធជានិច្ច ។​
​ ​
គិត​ត្រឹម​ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១១ ភាពច្របូកច្របល់​បាន​រីក​រាលដាល​ដល់ទី​ក្រុង ទ្រី​ប៉ូ​លី ។ ថ្ងៃទី ២៧ ខែ និង ឆ្នាំ ដដែល​នោះ ក្រុម​ប្រឹក្សាជាតិ បណ្តោះអាសន្ន ត្រូវបាន​បង្កើតឡើង ដើម្បី គ្រប់គ្រង​តំបន់​ដែល​ត្រួតត្រា​ដោយ​ក្រុម​ឧទ្ទាម ( ត្រូវបាន​គេ​ដឹងថា ពួក​ឧទ្ទាម​នេះ គឺមាន​លោក ខាងលិច ជាពិសេស អាមេរិក នៅ​ពី​ក្រោយខ្នង ) ។ មាន​អ្នក​ច្រៀង មាន​អ្នក​បន្ទរ ! ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១១ បារាំង គឺជា​ប្រទេស​ទី ១ ដែល​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​ក្រុម​ប្រឹក្សាជាតិ បណ្តោះអាសន្ន នោះ​ថា​ជា​តំណាង​ប្រជាពលរដ្ឋ លី​ប៊ី ។​

កងទ័ព​គាំទ្រ ហ្គា​ដា​ហ្វ៊ី បើក​ប្រតិបត្តិការ​យោធា រុញច្រាន​ពួក​ឧទ្ទាម នៅ​ភាគ​ខាងលិច​ប្រទេស និង ក្រុង​ជាច្រើន​ទៀត ស្ទើរតែ​ទៅដល់​ទីចាត់ការ​កណ្តាល​របស់​ក្រុម​ឧទ្ទាម ។

ពេលនោះ ស្ថាប័ន​នានា​របស់​អង្គការសហប្រជាជាតិ​រួមទាំង​អគ្គលេខាធិការ​អង្គការ​សហ​ប្រជា ជាតិ បាន គី​-​មូ​ន និង ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ផង​បាននាំគ្នា​ចេញ មុខ​ព្រោងព្រាត​ថ្កោលទោស​ចំពោះ​ការបង្ក្រាប​នោះ​ថា ជា​អំពើ ហិង្សា​ប្រឆាំង​ច្បាប់​អន្តរជាតិ និង បណ្តេញ​តំណាង លី​ប៊ី ចេញពី​អង្គការសហប្រជាជាតិ​ទៀតផង ។​
​ ​
ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១១ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានអនុម័ត​ច្បាប់​លេខ ១៩៧៣ ដោយ​បង្កើត​តំបន់​គ្មាន​ការហោះហើរ​នៅ​ប្រទេស លី​ប៊ី ដោយ និយាយ​ថា​នឹង​ប្រើ គ្រប់​មធ្យោបាយ​ដែល​ចាំបាច់ ដើម្បី ការពារ​ជន​ស៊ីវិល លី​ប៊ី ។ ប៉ុន្តែ​មាត្រា​ច្បាប់​នោះ​ត្រូវបាន អនុប្បវាទ​ដោយ រុស្ស៊ី , ចិន ( ទាំង ២ នេះ គឺជា​បងធំ​ក្នុងចំណោម បងធំ​ទាំង ៥​របស់​អង្គការ សហប្រជាជាតិ ) ឥណ្ឌា , ប្រេ​ស៊ី​ល , និង អា​ល្លី​ម៉​ង់ ។ ច្បាប់​នេះឯង​ហើយ ដែល​ពួក​បរទេស ព្រួត​គ្នា​ទៅ​គូសវាស​បម្រាម​របស់ខ្លួន​នៅលើ​ទឹកដី​អ្នកដទៃ គឺ លី​ប៊ី ។ ប៉ុន្តែ​អាមេរិក និង បក្សពួក មិនដែល​ខ្វល់​នឹង ការជំទាស់​ទាំងនេះ​ឡើយ ដែល​អាច​និយាយ​ម្យ៉ាង​ទៀតថា អង្គការ​សហ ប្រជាជាតិ ក្នុង​បរិបទ​មួយ​នេះ ក៏​គឺជា​មធ្យោបាយ​របស់ អាមេរិក ដែរ​ហើយ​ពួកគេ​មិនដែល ទុក​ប្រទេស​ណា​ក្នុង​ចិត្ត​ទេ ពួកគេ​ចង់​ធ្វើ​អ្វី ក៏​ធ្វើ​នោះ​ទៅ គ្រាន់តែ​ចោទថា​មនុស្ស​ដែល​ពួកគេ ចង់​កម្ទេចចោល​នោះៗ ថា​ខុស​នេះ ខុស​នោះ គឺជា​ការ​ស្រេច ។​

​ថ្ងៃទី ១៩ ខែ និង ឆ្នាំ ដដែល​នោះ កងទ័ព​សម្ព័ន្ធមិត្ត​អង្គការ NATO ( ដែលមាន​អាមេរិក ជា​ប្រមុខ ) បាន​បើក​ការ​វាយកម្ទេច​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់ លី​ប៊ី ខណៈ​កងទ័ព បារាំង ជា​អ្នក ចូល​កម្ទេច​ដោយផ្ទាល់​នូវ​ទីតាំង​ទ័ពអាកាស​របស់ លី​ប៊ី ។ ប៉ុន្មាន​សប្តាហ៍​ជាប់ៗ​គ្នា​បន្ទាប់ពីនោះ មក អាមេរិក គឺជា​ប្រមុខ នៃ កងទ័ព NATO បាន​បើក​យុទ្ធនាការ​កងទ័ព​ប្រ​ប្រឆាំង លី​ប៊ី ។ រថក្រោះ និង យន្តហោះ​ចម្បាំង​របស់​អាមេរិក ជាង ៨.០០០ គ្រឿង នៅលើ​នាវាចម្បាំង ត្រូវបាន​ដាក់ពង្រាយ​នៅ​តំបន់​នោះ ។ យ៉ាងហោចណាស់ គោលដៅ​ចំនួន ៣.០០០​បាន​រង ការវាយប្រហារ​ពី​កងទ័ព NATO ក្នុងនោះ ៧១៦ គោលដៅ នៅក្នុង​ទីក្រុង ទ្រី​ប៉ូ​លី ។ កង​អាកាស​របស់​អាមេរិក បើក​ការវាយលុក និង ទម្លាក់​គ្រាប់បែក​ដោយផ្ទាល់ ។​

​តាមពិតទៅ​កងទ័ព​របស់ លី​ប៊ី ដែលមាន​ភក្តីភាព​ចំពោះ​លោក ហ្គា​ដា​ហ្វ៊ី ក៏​ខ្លាំងក្លា ណាស់ដែរ ហើយ​បើ​ធៀប​ទៅនឹង​កងទ័ព​បណ្តា​ប្រទេស​ក្នុង​តំបន់​នោះ គឺ​គ្មាន​បារម្ភ​ឡើយ ។ ប៉ុន្តែ​បើ​ធៀប ទៅនឹង​មហាអំណាច​នោះ គឺ​ពួកគេ​ពិតជា​មិនអាច​ទប់ទល់​បានឡើយ ។ ទោះយ៉ាងណា ក៏​កងទ័ព​ទាំងនោះ នៅតែ​រក្សា​ភក្តីភាព​របស់​ពួកគេ​ប្តូរផ្តាច់ ស៊ូ​លះបង់​ជីវិត​ក៏​មិន​លះបង់​ភក្តីភាព របស់ខ្លួន​ចំពោះ​របប ហ្គា​ដា​ហ្វ៊ី ដែរ ទើប​ការប្រយុទ្ធ​ក៏​ចេះតែ​ប្រព្រឹត្តទៅ​យ៉ាង​អង់អាច​ទោះជា ពួកគេ​ដឹងថា មិនអាច​ទប់ទល់​នឹង​កម្លាំង​ទ័ព​ដ៏​មហិមា​របស់ NATO ក៏ដោយ ព្រោះ​ពួកគេ​ចាត់ទុក ហ្គា​ដា​ហ្វី ថា​ជា​វិ​រ​បុរស​ការពារជាតិ ហើយ​ចាត់ទុក​ក្រុម​ឧទ្ទាម ថា​ជា​ជន​ក្បត់ជាតិ​លក់​ក្បាល ឱ្យ​បរទេស​ជាពិសេស​ចំពោះ​មហាអំណាច​លោកខាងលិច ដែលមាន​អាមេរិក​ជា​មេក្លោង ។​

​ដោយមាន​ការគាំទ្រ​យ៉ាងខ្លាំង​ក្លា ដោយ​កងទ័ព NATO ដូច្នោះ គិត​ត្រឹម​ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១១ នោះ កងទ័ព​ឧទ្ទាម​បាន​ចូលដល់​ទីក្រុង ទ្រី​ប៉ូ​លី ។ ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១១ គឺជា​ការប្រយុទ្ធ​ខ្លាំងក្លា​ចុងក្រោយ​បំផុត​រវាង​អ្នក​ស្មោះត្រង់​លោក ហ្គា​ដា​ហ្វ៊ី និង ក្រុម​ឧទ្ទាម ដែលមាន​បរទេស​នៅ​ពីក្រោយ​ខ្នង ហើយ​ទីបំផុត​លោក ហ្គា​ដា​ហ្វ៊ី​ត្រូវបាន​កងទ័ព​ឧទ្ទាម​ចាប់ ខ្លួន​បាន​ក្នុង​លេនដ្ឋាន ១ កន្លែង​នៅ​ទីក្រុង Sirte ( ភាគខាងត្បូង​ប្រទេស ) ហើយ​លោក ហ្គា​ដា​ហ្វី ត្រូវបាន​ពួក​ឧទ្ទាម​សម្លាប់​យ៉ាង​ប្រមាថ ហើយ​រូបភាព​ដ៏​គួរឱ្យ​ឈឺចាប់​នោះ​ត្រូវបាន​ផ្សាយ​តាម កញ្ចក់​ទូរទស្សន៍​ដ៏​ល្បី​នៅលើ​លោក​ទៀតផង ។ ការសម្លាប់​របស់លោក ហ្កា​ដា​ហ្វ៊ី​ត្រូវបាន​ពិភព លោក​ចាត់ទុកថា​ជាការ​ស្លាប់​ដ៏​អសោច​បំផុត​មួយ នៃ ប្រវត្តិសាស្ត្រ​អ្នកដឹកនាំ​ក្នុង​លោក ។​

​ការផ្តួលរំលំ​កងទ័ព​ស្មោះត្រង់​នឹង​លោក ហ្គា​ដា​ហ្វ៊ី ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០១១ គឺ ៣ ថ្ងៃ​បន្ទាប់ពី​ការ​ផ្តួល​ទីក្រុង Sirte ។

​ថ្ងៃ​នោះឯង​ហើយ ដែល​ពួក​ឧទ្ទាម​ដែលជា​អ្នកទទួលបាន​ជោគជ័យ​ក្នុង​ផ្តួលរំលំ​របប​លោក ហ្គា​ដា​ហ្វ៊ី ហៅថា ទិវា​សេរីភាព លី​ប៊ី ហើយ​ទិវា​នេះ ក៏​ចាប់ផ្តើម​មាន​ពី​ពេល​នោះឯង ។​

​ប្រជាពលរដ្ឋ លី​ប៊ី យ៉ាងហោចណាស់ ៣០.០០០ នាក់​បាន​ស្លាប់​ក្នង​សង្គ្រាមស៊ីវិល​នោះ ។ បន្ថែម​ពីលើ​នេះ​ទៅ ភាគី​ខាង ក្រុមប្រឹក្សា​ជាតិ​បណ្តោះអាសន្ន បាន​រងរបួស​ប្រមាណ​ជា ៥០.០០០ នាក់​ដែរ ។​

​ក្រោយ​ការដូ​ល​រលំ​របប ហ្គា​ដា​ហ្វ៊ី​
​ក្រោយពី​ការដួលរលំ​ទៅ នៃ របប ហ្គា​ដា​ហ្វ៊ី ប្រទេស លី​ប៊ី ត្រូវបាន​ហែកហួរ​ជា​ពួក​ជា​ក្រុម តាម​តំបន់ តាម​កុលសម្ព័ន្ធ និង ក្រុង​នានា​ជាច្រើន ខណៈ​រដ្ឋាភិបាលកណ្តាល​ក្សត់ខ្សោយ គ្មាន​លទ្ធភាព​ដាក់​អាជ្ញាធរ​នៅ​តំបន់​នានា​ឱ្យបាន​គ្រប់​ទូទាំងប្រទេស ។ ការវាយប្រហារ​ប្រឆាំង គ្នា​ទៅវិញទៅមក ដោយសារ​ទំនាស់​នយោបាយ និង សាសនា ។

​ទម្រាំ​បាន​ចូលដល់ ថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០១២ លី​ប៊ី រៀបចំ​ការបោះឆ្នោត​ជ្រើស តាំងសមាជិក​សភាព​លើក​ទី ១ របស់ខ្លួន ។ ថ្ងៃទី ៨ ខែ សីហា ឆ្នាំ ដដែល​នោះ​ក្រុម​ប្រឹក្សាជាតិ បណ្តោះអាសន្ន បាន​កាន់កាប់​អំណាច​ទាំងអស់​ជា​ផ្លូវការ ហើយ​ដឹកនាំ​ការបោះឆ្នោត​ជ្រើស តាំង​សភាជាតិ ដែល​បន្ទាប់មក​មានកា​ត​ព្វ​កិច្ច​បង្កើត​រដ្ឋាភិបាល​ស្តីទី និង​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី មួយ​របស់ លី​ប៊ី សម្រាប់​អនុម័ត​នៅក្នុង​ការធ្វើប្រជាមតិ​ទូទៅ​មួយ ។

​ទោះយ៉ាងណា​រដ្ឋាភិបាល និង សភា ចេះតែមាន​ផល​រមាស់ ពោលគឺ​ប្រទេសជាតិ​មិនបាន សុខសាន្តត្រាណ​ឡើយ ហើយក៏​មានការ​វាយប្រហា​រ​ជា​បន្តបន្ទាប់​ដែរ រហូតដល់​ឆ្នាំ ២០១៨ នេះ ក៏​ប្រទេស លី​ប៊ី មិនទាន់​ប្រាកដថា​មាន​សន្តិភាព ឬ យ៉ាងណា​នៅឡើយ ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

សាយ​យី​ដ ម៉ូ​ហា​ម៉ា​ដ់ អ៊ី​ឌ្រី​ស ដែល​ត្រូវបាន មូ​អា​ម៉ា ហ្កា​ដា​ហ្វ៊ី ធ្វើ​រដ្ឋប្រហារ​កាល ឆ្នាំ ១៩៦៩ (​សាយ​យី​ដ អ៊ី​ឌ្រី​ស​)
ទីក្រុង ទ្រី​ប៉ូ​លី នៃ ប្រទេស លី​ប៊ី (​ទ្រី​ប៉ូ​លី​)

ទីតាំងផ្សាយពាណិជ្ជកម្ម