ចំរើន សុ​ភ័​ក្រ ដែល​ជំនាញ​ច្រៀង​ភ្លេង​ការមិន​នឹកស្មានថា​ចេះ​ខ្លាំង​ដល់​ម្លឹ​ង​ឡើង​កក្រើក​ឆាក ខា​រ៉ា​បាវ​

1731
ចែករម្លែក

(​ភ្នំពេញ)​៖ ទើបតែ​ធូរ​ពី​ជំងឺ​អុតស្វាយ បាន​បន្តិច​សោះ តារាចម្រៀង​ដែលជា​អតីត The Voice of Cambodia កញ្ញា ចំរើន សុភ័ក្ត្រ ដែលមាន​ជំនាញ​ខាង​ចម្រៀង​បុរាណ ឬ​ពូកែ​ច្រៀង​ភ្លេង​ការ​នោះ មិន​ស្មានថា បានធ្វើឱ្យ​កក្រើក​យ៉ាងខ្លាំង នៅលើ​ឆាក​តន្ត្រី ខា​រ៉ា​បាវ ស្ប៉ា​កតា​វេ​ដេ​ង (Caraboa Spark & Tawaden) របស់​ស្ថានីយទូរទស្សន៍​លេខ​៥ នៃ​សប្តាហ៍​ទី​៣ ខែមីនា ឆ្នាំ​២០១៨​នេះ​។​
​ ​
​ពិតជា អស្ចារ្យ​មែន កញ្ញា ចំរើន សុ​ភ័​ក្រ សម្រាប់​ការប្រគំ​តន្ត្រី Caraboa Spark & Tawaden របស់​ស្ថានីយទូរទស្សន៍​លេខ​៥ កាលពី​ថ្ងៃត្រង់​ទី​១៨ ខែមីនា ឆ្នាំ​២០១៨​នេះ ដែល​បានធ្វើឱ្យ​កក្រើក ឆាក​តន្ត្រី​មួយ​នេះ និង​ធ្វើឱ្យ​អ្នកគាំទ្រ​រីករាយ​។ បន្ទាប់​ពីបទ “​អូន​លែង​សំខាន់​ហើយ​មែន​ទេ​” តារាចម្រៀង ដែល​ពូកែ​ច្រៀង​បទ​ភ្លេង​ការ​រូបនេះ បាន​បញ្ចេញ​បទ​ញាក់ យ៉ាង​កន្ត្រាក់​អារម្មណ៍ មិន​ចាញ់​តារាចម្រៀង​ល្បីៗ​ផ្សេងទៀត ដោយ​ដាក់​បទ​៖ ” I Can Do Everything” និង ” Drean With Me” ដែល​នាង​បាន​បញ្ចេញ​ក្បាច់ យ៉ាង​ពិសេស ជាមួយ​សមាជិក ធ្វើឱ្យ​អ្នកគាំទ្រ ស្រែក​ហ៊ោ​សរសើរ​តែម្តង ខណៈ​មហាជន​ស្គាល់​នាង ជា​អ្នកសិល្បៈ​បុរាណ និង​ច្រៀង​បទ​ធម្មតា​ស្លូតៗ​ប៉ុណ្ណោះ​។​
​ ​
​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស កើតចេញពី The Voice of Cambodia ឆ្នាំទៅ រូបនេះ បាន​ប្រាប់ថា មក​ច្រៀង​លើ​ឆាក​ការប្រគំ​តន្ត្រី Caraboa Spark & Tawaden ស្ថានីយ ទូរទស្សន៍​លេខ​៥ លើក​នេះ មក​ទាំង​ឈឺ មិនទាន់​ជា​ស្រួលបួល ខណៈ​ជំងឺ​អុតស្វាយ របស់​នាង ទើបតែ​ធូរ​ហើយ​រៀង​អន់​ស្នាម​អុចៗ បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក៏​ឡើងមក​ការប្រគំ តន្ត្រី​មួយ​នេះ ដើម្បី​ចេញ​តាម​កម្មវិធី​ទូរទស្សន៍​ឡើងវិញ ក៏ដូចជា​ជួប​អ្នកគាំទ្រ និង​មិន​ធ្វើឱ្យ​ទូរទស្សន៍​លេខ​៥ ខកបំណង​ឡើយ សម្រាប់​ការសន្យា​។​
​ ​
​កញ្ញា ចំរើន សុ​ភ័​ក្រ បានផ្តល់​កិច្ចសំភាសន៍ ប្រាប់​អ្នកកាសែត​ឱ្យដឹងថា បទ​ចម្រៀង ដែល​នាង ច្រៀង សម្រាប់​ការប្រគំ​តន្ត្រី Caraboa Spark & Tawaden លើក​ទី​១​នេះ សុទ្ធតែជា​បទ របស់​ផលិតកម្ម​ហង្ស​មាស ដែល​បាន​និពន្ធ​ឱ្យ​នាង​ច្រៀង ជា​យូរ​មកហើយ ប៉ុន្តែ​សម្រាប់​ការឡើង ឆាក​តន្ត្រី​មួយ​នេះ​នាង​បាន​ហ្វឹកហាត់​រាំ​សម ជាមួយ​សមាជិក រយៈពេល​មួយ​សប្តាហ៍ មុន​ឡើង​ចេញមុខ​លើ TV5​។
​ ​
​ចេះតែ​ច្រៀង​ភ្លេង​ការ ច្រៀង​កាត់សក់ ប្រពៃណី​មង្គលការ តារា​រូបនេះ​បាន​បង្ហើប​ថា នាង​ពិត ជា​ពិបាក​ផងដែរ ក្នុងការ​ហាត់​រាំ​បទ​សម័យ ជាពិសេស​បទ​ញាក់ៗ ប៉ុន្មាន​បទ​នេះ​ដែល​នាង​មិន ធ្លាប់តែ​ខំប្រឹង​រាំ​ទាល់​ចេះ​បានសម្រេច បើទោះជា​រាង​ឆ្គង ឬ​មិន​សម​បន្តិច​យ៉ាងណាក្តី​។ ទម្លាប់​របស់​ក្រុមការងារ​របស់​នាង សម្រាប់​បទ​ញាក់​ទាំងនេះ នាង​និង​សមាជិក តម្រូវ​មួយថ្ងៃ ហាត់​មួយ​ម៉ោង ទៅ​ពីរ​ម៉ោង ឱ្យខាងតែបាន ព្រោះ​នាង​ក៏​រវល់​ជាប់​ទទួល​កម្មវិធី​សង្គម​ផង កម្មវិធី​ប្រគំ​តន្ត្រី​ផង ហើយ​សមាជិក ក៏មាន​ការងារ​រៀងៗ​ខ្លួន​ទៀតផង​៕ ដោយ​: បូ​រិ​ន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ