អាជ្ញាធរ​ជាតិ​អប្សរា​ស្នើឱ្យ​ពលរដ្ឋ​ប្រើប្រាស់​ទឹក​បារាយណ៍​ដោយ​ការ​សន្សំសំចៃ​ខ្ពស់​

211
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: ការងារ​គ្រប់គ្រង​ទឹក ជាការ​ងារ​សំខាន់​បន្ទាប់ពី​កិច្ចការ​អភិរក្ស​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។ ដូច្នេះ អាជ្ញាធរ​ជាតិ​អប្សរា​ស្នើឱ្យ​ពលរដ្ឋ​ប្រើប្រាស់​ទឹក​បារាយណ៍​ដោយ​ការ​សន្សំសំចៃ​ខ្ពស់​។ នេះ​គឺជា​ការបញ្ជាក់​អោយដឹងពី អាជ្ញាធរ​ជាតិ​អប្សរា នា​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៩​នេះ​។​

​មន្ត្រី​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​និយាយថា នា​រដូវប្រាំង​ឆ្នាំនេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​អំពាវនាវ​ឱ្យ​ប្រជាកសិករ​ដែល​កំពុង​ប្រើប្រាស់​ទឹក​ក្នុង​បារាយណ៍​ខាងលិច មានការ​សន្សំសំចៃ​ខ្ពស់ ដើម្បី​ចៀសវាង​បញ្ហា​ខ្វះ​ទឹក​នាពេលខាងមុខ​។​

​មន្ត្រី​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​ណែនាំ​ដល់​ប្រជាកសិករ​ដែល​កំពុង​ប្រើប្រាស់​ទឹក​បារាយណ៍​ខាងលិច​ឱ្យ​មានការ​សន្សំសំចៃ នៅពេលដែល​រដូវប្រាំង​ឆ្នាំនេះ​អាច​អូសបន្លាយ​យូរ​។ បច្ចុប្បន្ននេះ ប្រជាកសិករ​មួយផ្នែក​នៃ​ក្រុង​សៀមរាប និង​ស្រុក​ពួក កំពុង​ទាញយក​ទឹក​បារាយណ៍​ខាងលិច ដើម្បី​ស្រោចស្រព​លើ​ផ្ទៃដី​ស្រែប្រាំង​ប្រមាណ ៧,៥០០​ហិកតា​។

​អាជ្ញាធរ​ជាតិ​អប្សរា បានចាប់ផ្តើម​បើកទឹក​សម្រាប់​ផ្គត់ផ្គង់​ស្រែប្រាំង​ទាំងនោះ​ចាប់ពី​ខែ វិច្ឆិកា​រហូតដល់​ចុងខែ កុម្ភៈ គឺ​រហូតដល់​ប្រជាកសិករ​ប្រមូល​ផល​ស្រូវប្រាំង​រួច​។ បងប្អូន​ប្រជាកសិករ​អាច​ស្នើសុំ​ទឹក​បារាយណ៍​តាមរយៈ​អាជ្ញាធរ​មូលដ្ឋាន ឬ​តាម​សហគមន៍​ប្រើប្រាស់​ទឹក​មកកាន់​អាជ្ញាធរ​ជាតិ​អប្សរា​។ ហើយ​កំឡុងពេល​ផ្តល់​ទឹក​ជូន​នេះ ក្រុមការងារ​របស់​នា​យក​ដ្ឋា​ន​គ្រប់គ្រង​ទឹកបាន​ចុះ​ជាប្រចាំ​ជាមួយ​ក្រុមការងារ​សហ​គម​ន៍​ប្រើប្រាស់​ទឹក ក្នុង​បំណង​ផ្តល់​ទឹក​ជូន​ប្រជាកសិករ​ឱ្យបាន​គ្រប់គ្រាន់ និង​មានការ​សន្សំសំចៃ​ខ្ពស់​។

​ក្រៅពី​ផ្គត់ផ្គង់​ស្រូវប្រាំង​ដល់​កសិករ មួយផ្នែក​នៃ​ទឹក​បារាយណ៍​ខាងលិច​ត្រូវបាន​ចែកចាយ​ដល់​រដ្ឋាករទឹក​ខេត្តសៀមរាប​ប្រមាណ​មួយ​ម៉ឺន​មែត្រ​គូប​ក្នុង​មួយថ្ងៃ​ដើម្បី​ផ្គត់ផ្គង់​ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ ចំណែក​មួយផ្នែក​ទៀត​ត្រូវបាន​រក្សាទុក​ក្នុង​អាង​បារាយណ៍​សម្រាប់​ផ្គត់ផ្គង់​ទឹក​ក្រោម​ដី​។​

​សូមបញ្ជាក់ថា ចាប់ពី​ខែសីហា ដល់​ខែតុលា ក្រុមការងារ​របស់​នា​យក​ដ្ឋា​ន​គ្រប់គ្រង​ទឹក បានធ្វើ​ការបញ្ចូល​ទឹក​មក​រក្សាទុក​នៅក្នុង​បារាយណ៍​ប្រមាណ​ជា ៥៦​លាន​ម៉ែត្រគូប ដែល​ប្រភពទឹក​សំខាន់​ដែល​មក​បំពេញ​បារាយណ៍​នេះ គឺ​បានមកពី​ភ្នំ​គូលែន និង​របប​ទឹកភ្លៀង​ដែល​ប្រមូលបាន​ពី​ជុំវិញ​ទំនប់ទឹក​ក្នុង​រមណីយដ្ឋាន​អង្គរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម