រកឃើញការពិត ករណីលោក ផ្កាយ​ពីរ ទុន ដៀត ចាក់ដី និងបូមខ្សាច់​ចូលឆ្នេរ សមុទ្រកោះប៉ោ

322
ចែករម្លែក

ដោយ:សុផានីតា/កោះកុង ៖ ទីបំផុតទៅ មន្រ្តីជាន់ខ្ពស់ក្រសួងដែនដី ព្រះរាជអាជ្ញា និងអភិបាលរងខេត្តកោះកុង រកឃើញថា លោកផ្កាយ២ ទុន ដៀត ពិតជាបានលួចចាក់ដី បូមខ្សាច់ចូលឆ្នេរសមុទ្រកោះប៉ោ ស្ថិតនៅសង្កាត់​ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បន្ទាប់ពីរួមគ្នាចុះពិនិត្យវាយតម្លៃ និងមានចំណាត់ការជាក់ស្តែងកាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ២០១៩។

មិនអាចជំទាស់បានឡើយករណី ដោយក្រសួងដែនដី អយ្យការអមសាលាដំបូង និងអាជ្ញាធរកម្លាំងជំនាញចម្រុះនៅខេត្តកោះកុង បានរកឃើញថា លោកផ្កាយ២លើស្មា ឈ្មោះ ទុន ដៀត ពិតជាបានលួចចាក់ដី និងបូមខ្សាច់​ចូលដៃសមុទ្រព្រែកកោះប៉ោពិតប្រាកដមែន ដោយរំលោភច្បាប់ភូមិបាល គ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។


យោងតាមកំណត់ហេតុលទ្ធផលអង្កេតចុះហត្ថលេខាដោយលោក រស់ សារាំ ព្រះរាជអាជ្ញាសាលាដំបូងខេត្ត លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងដែនដី អភិបាលរងខេត្ត និងប្រធានមន្ទីរជំនាញផ្សេងទៀតមិនតិចជាង១៧នាក់នោះទេ ចុះហត្ថលេខារួមគ្នាកាលពីល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩។

ក្រុមការងារថ្នាក់ជាតិ និងក្រោមថ្នាក់ជាតិ បានសម្រេចឱ្យលោក ទុន ដៀត តួនាទីជានាយករងទីចាត់ការទំនាក់ទំនងកាងារព្រំដែននៃអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទជីកកាយអាចម៍ដី កម្ទេចថ្ម ខ្សាច់ និងរុះរើផែឈើ​ចេញពីមាត់ព្រែកកោះប៉ោឱ្យដូចភាពដើមពីមុនឡើង។

លើសពីនេះទៀត ក្រុមការងារ ក៏បានផ្អាកគ្រប់សកម្មភាពទាំងឡាយជា​បណ្តោះអាសន្នរង់ចាំការសម្រេចបន្តបន្ទាប់ពីតុលាការ រីឯលោក ទុន ដៀត ដែលរងការចោទប្រកាន់វិញ គឺស្ថិតនៅចាត់ការអនុវត្តន៍តាមនីតិវិធិច្បាប់​ជាធរមានផងដែរ។

លោក រស់ សារាំ ព្រះរាជអាជ្ញាខេត្តកោះកុង គូសបញ្ជាក់ថា លោកមិនដាក់​កំហិតលើការជីកកាយអាចម៍ដី ថ្ម និងខ្សាច់ ដែលចាក់ហៀរចូលឆ្នេរសមុទ្រ​នោះទេ ដោយតម្រូវឱ្យលោក ទុន ដៀត អនុវត្តទៅតាមការជាក់ស្តែង ក្រោមការដាក់កម្លាំងសមត្ថកិច្ចតាមដានពិនិត្យបន្ត លុះត្រាតែកាយអាចម៍ដី ថ្ម និងខ្សាច់ឲ្យអស់។

តាមគំនូសបង្ហាញទីតាំងចាក់ដីលុបមាត់ព្រែកបោះប៉ោរបស់លោក ទុន ដៀត តំណាងការិយាល័យរៀបចំដែនដីក្រុងខេមរភូមិន្ទ ឱ្យដឹងកាលពីរសៀលថ្ងៃទី២៣ ខែធ្នូថា លោក ទុន ដៀត បានបូមខ្សាច់ជាប់នឹងស្ពានឈើខាងលិចប្រវែង​២៥ម៉ែត្រ ខាងកើតប្រវែង ២៥ម៉ែត្រ ខាងជើង៣ម៉ែត្រ និងខាងត្បូងប្រវែង​៨ម៉ែត្រ។ នៅខាងឆ្វេងដៃជាប់នឹងទំនប់ស្ពានឈើមានការចាក់ដី និងថ្ម ខាងលិចប្រវែង១៨ម៉ែត្រ ខាងកើតប្រវែង ១៨ ម៉ែត្រ ខាងជើង៨ម៉ែត្រ និងខាងត្បូងប្រវែង៤ម៉ែត្រ ដីចាក់ថ្មី។

គួរកត់សម្គាល់ថា ប្រតិបត្តិការចុះត្រួតពិនិត្យ និងវាយតម្លៃទីតាំងចាក់ដីលុប​មាត់ព្រែកកោះប៉ោ ផ្តើមឡើងចាប់ពីម៉ោង២កន្លះរសៀលដល់ម៉ោង៦កន្លះល្ងាច និងក្រោយរយៈពេល២ថ្ងៃនៃការប្រតិកម្ម និងដាក់បញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា។

ការលួចចាក់ដីបូមខ្សាច់នេះ ធ្វើឡើងជិត១ខែទៅហើយ ចាប់ពីចុងវិច្ឆិកា មកដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៩ គ្រានោះ លោក អ៊ុន សុវណ្ណធានី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងអាជ្ញាធររដ្ឋបាលជំនាញ ក៏ចុះពិនិត្យ និងផ្អាកសកម្មភាពម្តងរួចមកហើយដែរ និងរង់ចាំការស៊ើបអង្កេតលម្អិតបន្ត។

ដោយឡែក លោក ទុន ដៀត ដែលគេស្គាល់ថាជាឧត្តមសេនីយ៍ទោម្នាក់​ប្រចាំនៅខេត្តកោះកុង បានមិនជំទាស់នឹងវិធានការរបស់អាជ្ញាធរជំនាញនោះទេ ហើយក៏ទទួលស្គាល់កំហុសតាមច្បាប់ចំពោះសកម្មភាពចាក់ដីចូលមាត់សមុទ្រ និងឯកភាពទាំងស្រុងជីកកាយអាចម៍ដី ថ្ម និងខ្សាច់ចេញពីឆ្នេរវិញ។ ចំពោះរូបលោកផ្ទាល់ នៅមិនទាន់ថាតុលាការនឹងមានចំណាត់របៀបណា​លើរូបខ្លួននោះទេ។

កន្លងទៅ លោក ទុន ដៀត ធ្លាប់អះអាងថា លោកទទួលបានលិខិតស្នើសុំពី​អាជ្ញាធរក្រុង និងមន្ទីរជំនាញ ដើម្បីឱ្យរូបលោកផ្លាស់ប្តូរទីតាំងស្តុក និងចែកចាយខ្សាច់ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ទៅទីតាំងថ្មី ដើម្បីកាត់បន្ថយ​ផលប៉ះពាល់ដល់បរិស្ថានសោភ័ណ​សណ្តាប់ធ្នាប់ដល់ប្រជាពលរដ្ឋ​ទូទៅនៅក្នុងទីក្រុង ព្រោះតែមានការស្នើសុំយ៉ាងដូច្នេះ លោក ទុន ដៀត មិនជំទាស់អ្វីដែរ ដោយស្វែងរកទីតាំងថ្មីជំនួសវិញ ពោលគឺមើលឃើញទីតាំងថ្មី (ទីតាំងកើតហេតុ) ដែលជាដីកម្មសិទ្ធិរបស់លោកផ្ទាល់ស្រាប់ ស្ថិតនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ដើម្បីស្តុកទុកខ្សាច់ត្រៀមលក់ចែកច​ាយទៅឱ្យពលរដ្ឋជាអតិថិជនធ្វើសំណង់រស់នៅ ឬធ្វើអាជីវកម្មផ្សេងៗបន្ត។

កាលដែលសាធារណជនមួយចំនួនមើលឃើញហាក់ដូចជាលោកកំពុងបូមខ្សាច់ចូលសមុទ្រ តែផ្ទុយមកវិញ ម៉ាស៊ីនក្បាលបូមខ្សាច់ចេញពីទូកដឹកខ្សាច់ទំហំតូច ហើយទូកដឹកខ្សាច់មិនអាចចូលចតក្បែរច្រាំងបាន ព្រោះទឹករាក់ ទើបធ្វើឱ្យលោកបង្ខំចិត្តចាក់ថ្មក្រួសហ៊ុមជាអណ្តូង ដើម្បីតភ្ជាប់ទុយោបូម​ខ្សាច់ពីទូកដាក់ក្បែរមាត់ច្រាំង រួចជីកកាយយកទៅលក់​បន្ត៕B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម