មេដឹកនាំ​កូរ៉េខាងត្បូង ជប៉ុន​និង​ចិន ព្រមព្រៀង​គ្នា​ថា​នឹង​ជំរុញ​កិច្ចពិភាក្សា​កូរ៉េខាងជើង​-​អាម៉េរិក​

332
ចែករម្លែក

​ចិន ជប៉ុន និង​កូរ៉េខាងត្បូង​បាន​ព្រមព្រៀង​ថា​នឹង​រួម​គ្នា​ជំរុញ​កិច្ចចរចា​រវាង​សហរដ្ឋ​អាម៉េរិក​និង​កូរ៉េខាងជើង នេះ​បើ​តាម​ការបញ្ជាក់​ពី​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​​មូន ជែ​អ៊ីន កាលពី​ថ្ងៃ​អង្គារ​ទី​២៤​ធ្នូ ក្រោយ​ជំនួប​កំពូល​មួយ​រវាង​ប្រទេស​ទាំង​បី​នៅក្នុង​ប្រទេស​ចិន​។​

​កូរ៉េ​ខាងជើង​បាន​កំណត់​ពេល​ចុងឆ្នាំ​នេះ​ដើម្បី​អោយ​អាម៉េរិក​ផ្លាស់ប្តូរ​អ្វី​ដែល​ខ្លួន​និយាយថា គោល​ន​យោ​បា​អារិភាព​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចំពោះ​ខ្លួន​ចំ​ពេល​មាន​ភាព​​ជាប់គាំង​កិច្ចពិភាក្សា​នុយគ្លេអ៊ែរ​រវាង​កូរ៉េ​ខាងជើង​និង​អាម៉េរិក ។​

​ប្រធានាធិបតី​កូរ៉េខាងត្បូង មូន ជែ​អ៊ីន (​ឆ្វេង​)​នាយករដ្ឋមន្ត្រី​ចិន​(​កណ្តាល​) និង​នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ីន​ហ្សូ អាបេ ថត​រួមគ្នា​នៅមុន​កិច្ច​ពិភាក្សា​របស់​ពួកលោក​នៅ​​ក្រុង​ចេង​ឌូ ប្រទេស​ចិន​កាលពី​ថ្ងៃ​២៤​ធ្នូ​

​ថ្លែង​នៅ​ទីក្រុង​ចេង​ឌូ ក្រោយ​កិច្ចប្រជុំ​មួយ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ចិន​លោក​លី ឃឹ​ឈាំ​ង និង​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អាបេ លោក​មូនបាន​និយាយថា ប្រទេស​ទាំង​បី​បាន​​ព្រមព្រៀង​ថា​នឹង​ទាក់ទង​គា្ន​យ៉ាង​ដិតដល់ គឺ​« កូរ៉េខាងត្បូង ចិន ជប៉ុន ប្រទេស​ទាំង​បី ព្រមព្រៀង​បន្ត​ទាក់ទង​គ្នា​ជិតដិត​និង​សហការគ្នា​ឆ្ពោះទៅ​កាន់​ការរំសាយ​ចោល​នុយ​​គ្លេ​អ៊ែ​រនិង​សន្តិភាព​ឋិតថេរ​នៅលើ​ឧបទ្វីប​កូរ៉េ​»​។​

​លោក​បាន​បន្ថែមថា «​យើង​មាន​ទស្សនៈ​រួម​មួយ​គឺ​ថា​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ ជា​ផលប្រយោជន៍​រួម​នៃ​ប្រទេស​ទាំង​បី ហើយ​សំរេច​ចិត្ត​ធ្វើការ​រួមគ្នា​ដើម្បី​ធានា​បាន​ការរំសាយ​ចោល​​នុយគ្លេអ៊ែរ​និង​សំរេច​សន្តិភាព​តាមរយៈ​បន្ត​ការចរចា​អាម៉េរិក​-​កូរ៉េខាងជើង​»​។​

​ចំណែក​លោក​លី បាន​និយាយថា មេដឹកនាំ​ទាំង​បី បានបញ្ជាក់​អះអាង​ឡើងវិញ​អំពី​តំរូវការ​ស្វែងរក​ដំណោះស្រាយ​មួយ​ចំពោះ​បញ្ហា​កូរ៉េខាងជើង តាម​ការចរចា​និង​កិច្ចសហការ​រវាង​​ប្រទេស​ទាំង​បី​។​

​សូមបញ្ជាក់​ថា ចិន​ជា​ខ្នងបង្អែក​សេដ្ឋកិច្ច​និង​ការទូត​ដ៏​សំខាន់​បំផុត​របស់​កូរ៉េខាងជើង តែ​ចិន​ត្រូវបាន​ធ្វើ​អោយ​ខឹង​ដោយសារ​កូរ៉េ​ខាងជើង​ធ្វើ​ការសាកល្បង​កាំជ្រួច​និង​​នុយគ្លេអ៊ែ​រ​។​

​តំណាង​ពិសេស​របស់​អាម៉េរិក​ទ​ទួល​ការងារ​កូរ៉េខាងជើង លោក​ស្ទេ​ហ្វិន ប៊ី​អេ​ហ្កា​ន់ បាន​ជួបពិភាក្សា​ជាមួយ​អ្នកការទូត​ជាន់ខ្ពស់​ចិន​ក្នុងអំឡុងពេល​លោក​ធ្វើ​ទស្សនកិច្ច​ចិន​២​ថ្ងៃ​កាលពី​សប្តាហ៍​មុន បន្ទាប់ពី​មាន​ជំនួប​ស្រដៀង​គ្នា​ជាមួយ​មន្ត្រី​ជប៉ុន​និង​កូរ៉េខាងត្បូង​។​

​ចិន​ក៏​ដូច​រុស្ស៊ី​ដែរ កាលពី​សប្តាហ៍​មុន​បានស្នើ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដក​ទណ្ឌកម្ម​ខ្លះ​លើ​កូរ៉េខាងជើង​ដើម្បី​បំបែក​ភាពទាល់ច្រក​បច្ចុប្បន្ន​ស្តីពី​ការពិភាក្សា​នុយ​​គ្លេ​អ៊ែ​ររបស់​កូរ៉េខាងជើង​ជាមួយ​អាម៉េរិក​។​តែ​ក្នុងជំនួប​កាលពី​ថ្ងៃ​អង្គារ​ទី​២៤​ធ្នូ គេ​មិនដឹថា​តើ​ចិន​មាន​បាន​អូសទាញ​អោយ​កូរ៉េ​ខាងត្បូង​និង​ជប៉ុន​គាំទ្រ​គំនិត​នេះ​ដែរ​ឬ​អត់ ហើយ​ងាក​ចេញ​ពី​ជំហរ​រឹងរូស​មិន​ផ្លាស់ប្តូរ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ស្តី​ពី​កា​បន្ត​ដាក់​សម្ពាធ​អតិបរមា​លើ​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​៕​ដោយ​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម