នរណា​ជា​នរណា ក្នុងគណៈ​រដ្ឋមន្ត្រី​ចិន​?

1520
ចែករម្លែក
  • 21
    Shares

​នៅ​ជិត​ចុងបញ្ចប់​នៃ​សម័យប្រជុំ​សភា​ប្រជាជន​ចិន លោក​ស៊ី ជីន​ពីង បានចាប់ផ្តើម​អាណត្តិ​ទី​ពីរ​របស់លោក​ជា​ប្រធានាធិបតី​ចិន អម​​ដោយ​អនុ​ប្រធានាធិបតី​ថ្មី​មួយរូប លោក វ៉ាង គី​សាន ដែល​កាលពីមុន​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់​ប​ក្ស​កុំម្មុយនីស្ត​​ចិន​។​

​សភា​ចិន​ក៏បាន​អនុម័ត​ការជ្រើសតាំង​លោក​លី ឃឹ​ឈាំ​ង ជា​នាយករដ្ឋមន្ត្រី​ជាថ្មី ឧបនាយករដ្ឋមន្ត្រី​៤​រូប​និង​រដ្ឋមន្ត្រី​មួយចំនួនទៀត​មាន​​ដូចខាងក្រោម​៖

១-​លី ឃឹ​ឈាំ​ង (Li Keqiang)​អាយុ​៦២​ឆ្នាំ​

​លី បានចាប់ផ្តើម​អាណត្តិ​៥​ឆ្នាំ​របស់លោក​កាលពី​ថ្ងៃអាទិត្យ​ទី​១៨​មីនា​។​មូលដ្ឋាន​អំណាច​របស់លោក ដូច​អតីត​ប្រធានាធិបតី ហ៊ូ ជីន​ថាវ​​ដែរ ស្ថិតក្នុង​សម្ពន្ធ​យុវជន​បក្ស​កុំម្មុយនីស្ត​។​

​អតីត​លេខា​បក្ស​ខេត្ត​ហេ​ណាន​និង​លី​យ៉ាវ​នី​ញ រូបនេះ រៀន​និង​ទទួល​សញ្ញាបត្រ​ច្បាប់​ពី​សកលវិទ្យា​លយ​ប៉េកាំង​និង​ក៏​ទទួល​សញ្ញាបត្រ​ខ្ពស់ៗ​​ខាង​សេដ្ឋកិច្ច​។​

២-​ហាន ហ្សេ​ង (Han Zheng)​វ័យ ៦៣​ឆ្នាំ ជា​ឧបនាយករដ្ឋមន្ត្រី​ខាង​ប្រតិបត្តិ​

​ជា​អ្នកសេដ្ឋកិច្ច​តាម​ការហ្វឹកហាត់​ម្នាក់ លោក​ហាន បច្ចុប្បន្ន​ជា​ឧបនាយករដ្ឋមន្ត្រី​ម្នាក់​គត់​ដែល​ក៏​ជា​សមាជិក​គណៈកម្មាធិកា​រកា​រិ​យា​​ល័័យ​នយោបាយ​របស់​គណបក្ស​កុំម្មុយនីស្ត​។​

​លោក​គឺជា​អតីត​លេខា​បក្ស​ក្រុង​សៀង​ហៃ​ចាប់ពី​ឆ្នាំ​២០១២ ដល់ ២០១៧​។​

៣-​ស៊ុន ជុន​ឡាន (Sun Chunlan)​វ័យ ៦៧​ឆ្នាំ ជា​ឧបនាយករដ្ឋមន្ត្រី​

​ស៊ុន ដែល​ជំនួស​ឧបនាយករដ្ឋមន្ត្រី លីវ យ៉ាន​ដុង ជា​ស្ត្រី​តែ​ម្នាក់​គត់​ដែល​កាន់កាប់​តំណែង​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ចិន​។​ជាមួយនឹង​​សញ្ញាបត្រ​មេកា​និក លោកស្រី​នៅ​រយៈពេល​ចុងក្រោយ​នេះ គ្រប់គ្រង​នាយកដ្ឋាន​រណសិរ្ស ជាទី​ភ្នាក់ងារ​មួយ​ដែល​ត្រួត​មើល​ការងារ​ហួស​​ពី​ឋានានុក្រម​បក្ស​។​

​មុន​នោះ លោកស្រី ជា​លេខា​បក្ស​ក្រុង​ទៀន​ជីន​។​

៤-​ហ៊ូ ជុន​ហួ ( Hu Chunhua)​វ័យ​៥៤​ឆ្នាំ ជា​ឧបនាយករដ្ឋមន្ត្រី​

​ធ្លាប់​ត្រូវគេ​មើលឃើញថា​ជា​អ្នក​ស្នង​តំណែង​លោក​ស៊ី ទស្សនៈ​នយោបាយ​របស់​ហ៊ូ បាន​ស្រអាប់​ក្រោយ​លោក​ស៊ី​បដិសេធ​មិន​ព្រម​ដំឡើង​​លោក​ទៅ​ក្នង​គណៈកម្មាធិការ​ការិយាល័យ​នយោបាយ​កាលពី​ឆ្នាំមុន​។​ទោះជា​យ៉ាងណា ការជ្រើសតាំង​លោក​ជា​ឧបនាយករដ្ឋមន្ត្រី​នេះ ផ្តល់​​អោយ​អតីត​លេខា​បក្ស​ខេត្ត​ហ្កា​ង​ដុង​នេះ នូវ​ទីតាំង​សំខាន់​មួយ​ដើម្បី​មាន​ទឹកមាត់​លើ​ការបង្កើត​គោលនយោបាយ​សម្រាប់​៥​ឆ្នាំ​បន្ទាប់​។​

​ដូច​នាយករដ្ឋមន្ត្រី​លី​ដែរ លោក​ហ៊ូ ក៏មាន​ទំនាក់​ទំនងជា​មួយក្រុម​សម្ពន្ធ​យុវជន​កុម្មុយនីស្ត​របស់​អតីត​ប្រធានាធិបតី​ហ៊ូ​។​លោក​ទទួល​ការ​​អប់រំ​នៅ​នាយកដ្ឋាន​ភាសា​និង​អក្សរសាស្ត្រ​ចិន​នៅ​សកល​វិទ្យាល័យ​ប៉េកាំង​។​

៥-​លីវ ហេ (Liu He)​វ័យ​៦៦​ឆ្នា ជា​ឧបនាយករដ្ឋមន្ត្រី​

​ជ​នប​ច្ចេ​កា​ធិបតេយ្យ​(​អ្នកជំនាញ​ខាង​វិទ្យាសាស្ត្រ​ឬ​បច្ចេកវិទ្យា​)​ដែល​ទទួល​សញ្ញាបត្រ​ស​កល​វិទ្យាល័យ​ហា​វឺ​ដ​រូបនេះ​ជាទី​ប្រឹក្សា​សេដ្ឋកិច្ច​​កំពូល​របស់​ប្រធានាធិបតី​ស៊ី​។​ជានា​យក​នៃ​អគ្គនាយកដ្ឋាន​ហិរញ្ញវត្ថុ​និង​កិច្ចការ​សេដ្ឋកិច្ច​របស់​បក្ស​កុំម្មុយនីស្ត លោក​លីវ​ស្ថិតនៅ​​ចំ​កណ្តាល​នៃ​ក្រុម​ផ្ទៃក្នុង​របស់​ស៊ី​។​

​ប្រភព​មួយ​បាន​និយាយថា ស៊ី​និង​លីវ បាន​ស្គាល់គ្នា​កាលពី​នៅ​យុវវ័យ និង​បាន​រក្សា​ទំនាក់ទំនង​ជាមួយគ្នារ​ហូត​។​

៦-​យ៉ាង ស៊ា​វ​ដូ​(Yang Xiaodu)​វ័យ​៦៤​ឆ្នាំ ជា​នាយក​ប្រឆាំង​អំពើពុករលួយ​

​ត្រូវបាន​គេ​មើលឃើញថា​ជា​ជន​ក្រោម​បន្ទុក​របស់​អតីត​មេ​ប្រឆាំង​អំពើពុករលួយ​វ៉ាង គី​សាន លោក​យ៉ាង បាន​ក្លាយជា​ប្រធាន​អង្គភាព​​នេះ​ជា​លើកដំបូង គឺ​គណៈកម្មាធិការ​ត្រួតពិនិត្យ​ជាតិ​។​លោក​នឹងមាន​អំណាច​ទូលំទូលាយ​ដើម្បី​ចាប់ខ្លួន និង​ស៊ើបអង្កេត​មន្ត្រី​ណា​ដែល​​រំលោភច្បាប់​និង​ក្រមសីលធម៌​។​

៧-​វេ ហ្វេ​ង​ហេ​(Wei Fenghe)​វ័យ​៦៣​ឆ្នាំ ជា​រដ្ឋមន្ត្រី​ការពារជាតិ​

​អតីត​មេបញ្ជាការ​កងកម្លាំង​កាំជ្រួច​យុទ្ធសាស្ត្រ​រូបនេះ ក្លាយជា​រដ្ឋមន្ត្រី​ការពារជាតិ​។​ជា​អតីត​នាយទាហាន​កងកាំភ្លើងធំ លោក​ត្រូវបាន​​ដំឡើង​ជា​ឧ​ត្ត​ម​សេនីយ៍​កាលពី​លោក​ស៊ី​ចូលកាន់​តំណែង​ជា​លេខា​បក្ស​កុំម្មុយនីស្ត​នៅ​ឆ្នាំ​២០១២​។​

​ការតែងតាំង​លោក​ជា​រដ្ឋមន្ត្រី​ការពារជាតិ បានដាក់​រូបលោក​ទៅជា​ជន​លំដាប់​ទី​៤​ក្នុង​ឋានានុក្រម​យោធា បន្ទាប់ពី​លោក​ស៊ី​និង​អនុ​ប្រ​​ធាន​ពីររូប​ក្នុង​គណៈកម្មាធិការ​យោធា​មជ្ឈិម​។​

៨-​លី ហ្កា​ន​ជេ​(Li Ganjie)​វ័យ ៥៣​ឆ្នាំ ជា​រដ្ឋមន្ត្រី​បរិស្ថាន​

​លី ដែល​បាន​ក្លាយជា​រដ្ឋមន្ត្រី​បរិស្ថាន​កាលពី​ខែមិថុនា នឹង​បន្ត​កាន់​មុខតំណែង​ដដែល​ក្នុងគណៈ​រដ្ឋមន្ត្រី​ថ្មី ដើម្បី​ជួយ​ទប់​ការបញ្ចេញចោល​​ឧស្ម័ន​ផ្ទះ​កញ្ចក់​និង​ការប្រែប្រួល​អាកាសធាតុ​នៅក្រោម​រដ្ឋាភិបាល​ទើប​រុះរើ​ថ្មី​នេះ​។​

​ក្រសួងបរិស្ថាន​នេះ​ស្ថិត​ចំណោម​បណ្តា​ទីភ្នាក់ងារ​ដែល​ដឹកនាំ​យុទ្ធនាការ​របស់​ស៊ីក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការបំពុល​បរិយាកាស ដី​និង​​ទឹក​។​

​លី កាលពីមុន​ជា​អនុរដ្ឋមន្ត្រី​និង​ជា​ប្រធាន​រដ្ឋបាល​សុវត្ថិភាព​នុយក្លេអ៊ែរ​ជាតិ​។​

៩-​លូ ហាវ ( Lu Hao)​វ័យ ៥០​ឆ្នាំ ជា​រដ្ឋមន្ត្រី​ប្រភពធនធាន​ធម្មជាតិ​

​អតីត​អភិបាលខេត្ត​ហេ​ឡុង​ជាំ​ង រូបនេះ​នឹង​ដឹកនាំ​ក្រសួង​ថ្មី​មួយ គឺ​ក្រសួង​ប្រភពធនធាន​ធម្មជាតិ ដែល​ត្រួតត្រា​ខ្សាច់ ព្រៃឈើ ដី​សើម​​និង​ប្រភពធនធាន​សមុទ្រ ព្រមទាំង​ផែនការ​ទីក្រុង​និង​ទីប្រជុំជន​។​

​លូ បាន​ក្លាយជា​អភិបាលរងក្រុង​ប៉េកាំង​ក្មេង​ជាងគេ​នៅ​ឆ្នាំ​២០០៣​នៅ​អាយុ​៣៥​ឆ្នាំ និង​ជាម​ន្ត្រី​ថ្នាក់​រដ្ឋមន្ត្រី​ក្មេង​ជាងគេ​ផងដែរ​កាល​​ពី​លោក​ធ្វើជា​លេខា​ទីមួយ​របស់​សម្ពន្ធ​យុវជន​កុំម្មុយនីស្ត​នៅ​អាយុ​៤១​ឆ្នាំ​។​

​សូមបញ្ជាក់ថា អតីត​ប្រធានាធិបតី​ហ៊ូ នាយករដ្ឋមន្ត្រី​លី និង​ឧបនាយករដ្ឋមន្ត្រី​ហ៊ូ សុទ្ធតែ​ចេញ​មកពី​សម្ពន្ធ​នេះ​ដែលជា​ក្រុម​មាន​ឥទ្ធិពល​​មួយ​ក្នុង​បក្ស​កុំម្មុយនីស្ត​ចិន​៕​ដោយ​៖​វាសនា​

​ប្រភព​: Xinhua, Bloomberg, NYTIMES​