​រាជរដ្ឋាភិបាល​នឹង​សាងសង់​ផ្សារ​គំរូ​ព្រំដែន​ចំនួន​២​ទៀត​នៅ​ខេត្តកំពត​និង​ស្វាយរៀង​ដោយ​ថវិកាជាតិ​

291
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​(​ត្បូងឃ្មុំ​)៖ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាស​សាងសង់​ផ្សារ​គំរូ​ព្រំដែន​ចំនួន​២ទៀត​នៅ​ខេត្តកំពត​និង​ខេត្តស្វាយរៀង​ដោយ​ប្រើប្រាស់​ថវិកាជាតិដែលជា​ផ្នែក​មួយ​នៃ​ការសម្រួល​ពាណិជ្ជកម្ម​រវាង​ប្រជាពលរដ្ឋ​នៅតាម​ព្រំដែននិងជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​វៀតណាម ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​បែបនេះ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៩ ក្នុងឱកាស​អញ្ជើញ​សម្ពោធ​ផ្សារ​ដោះដូរ​ទំនិញ​កម្ពុជា​-​វៀតណាម (​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​) នៅ​ព្រំដែន​កម្ពុជា​-​វៀតណាម​ស្ថិតនៅ​ក្នុងភូមិ​ដារ​កណ្តោល ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ដែល​ពិធី​សម្ពោធ​ផ្សារ​នេះ​ក៏មាន​ការអញ្ជើញចូលរួម​ពី លោក ជី​ញ ឌិ​ញ ស៊ុ​ង (TRINH DINH DUNG) ឧបនាយករដ្ឋមន្ត្រី​វៀតណាម​ផងដែរ​។​

​ពាក់ព័ន្ធ​ការសាងសង់​ផ្សារ​គំរូ​ថ្មី​ពីរ​ទៀត​ដែល​គម្រោង​នេះ​បានដាក់​ស្នើសុំ​ទៅ​វៀតណាម​ជួយ​ហើយ​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកឡើងថា​កម្ពុ​ជាគ​ប្បី​សាងសង់​ផ្សារ​នេះ​ដោយ​ខ្លួនឯង​ព្រោះ​ផ្សារ​មួយ​តម្លៃ​ត្រឹមតែ ២ លាន​ដុល្លារ​ប៉ុណ្ណោះ​ដូចនេះ​យើង​ពិតជា​អាចធ្វើ​បាន ។ ពាក់ព័ន្ធ​បញ្ហា​នេះ​ដែល​សម្តេច​បានស្នើ​ឲ្យ អាជ្ញាធរខេត្ត​ជា​អ្នករក​ដី​ដើម្បី​ធ្វើ​ទីតាំង​សាងសង់​ហើយ​រាជរដ្ឋាភិបាល​ជា​អ្នកចេញ​ថវិកា​សម្រាប់​ការសាងសង់ ។

​សម្តេច​បាន​បន្តថា​តែ​បញ្ហា​ធំ​គឺត្រូវធ្វើ​អោយ​ជោគជ័យ​នៅ​កន្លែង​នេះ​បើ​កន្លែង​នេះ​បរាជ័យ​ហើយ​នោះ​ផ្សារ​ដែល​បង្កើត​ក្រោយ​ក៏​នឹង​បរាជ័យ​ដែរ ។ដូចនេះ​អភិបាល ខេត្ត​ត្បូងឃ្មុំ​ត្រូវខិតខំ​ធ្វើយ៉ាងណា​ឲ្យ​ផ្សារ​គំរូ​នេះ​ទទួលបាន​ជោគជ័យតែបើ​ផ្សារ​នេះ​បរាជ័យ​តំណែង​អភិបាលខេត្ត​ក៏​មិនអាច​នៅបាន​ដែរ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​នេះ​នឹង​ក្លាយទៅជា​កន្លែង​ដោះដូរ​ទំនិញ​ស្របច្បាប់​មួយ​ដែល​បង្កើតបានជា​ចំណុច​ឈ្នះ ឈ្នះ​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម ។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​បន្ថែមថា​ផ្សារ​នេះ​ក៏​ជាទី​ផ្សារ​ដែល​កម្ពុជា​ត្រូវខិតខំ​ប្រឹងប្រែង​ក្នុង​ការកែ​ច្នែ​ផលិត ផល​របស់ខ្លួន​នាំចេញ​ទៅ​វៀតណាម​ផងដែរ​ដើម្បី​នាំមក​នូវ​ចំណូល​ជាតិ​និង​ការងារ​សម្រាប់​ប្រជាជន​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម