អំពាវនាវឲ្យសិស្សានុសិស្សចូលរួម​ហ្វឹក​ហាត់កីឡាហែលទឹក ដើម្បី​ត្រៀមប្រកួតស៊ីហ្គេមឆ្នាំ២០២៣​

215
ចែករម្លែក

ដោយ:គង់ហេង/កំពង់ចាម ៖ លោក ស៊ុន ចាន់ថុល ប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជា និងជាទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជួនបានសំណូមពរ និងអំពាវនាវដល់សិស្សានុសិស្សទាំងអស់ចូលរួមហ្វឹកហាត់កីឡាហែលទឹក គឺដើម្បីចូលរួមប្រកួតដណ្តើមយកមេដាយស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។

លោកប្រធានសហព័ន្ធថ្លែងបែបនេះនៅក្នុងពិធីបិទ ការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកថ្នាក់ជាតិ និង«រង្វាន់តេជោសែន»លើកទី៥ ឆ្នាំ២០១៩ នៅមណ្ឌលកីឡាហែលទឹក តេជោសែន ខេត្តកំពង់ចាម ដែលមានវត្តមានពីសំណាក់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងវត្តមានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជួន ប្រជាពលរដ្ឋ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ នារសៀលថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៩។

លោកទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ថា សំណូមពរដល់ក្លិបកីឡាហែលទឹកទូទាំងប្រទេសគឺត្រូវតែមានកីឡាបាល់ទឹក ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេមលើវិញ្ញាសាបាល់ទឹកនៅឆ្នាំ២០២៣ ខាងមុខ គឺកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។ យើងត្រូវតែមានវិញ្ញាសាទាំងអស់ គឺហែលទឹក លោតទឹក និងបាល់ទឹករបស់យើង។

លោករដ្ឋមន្រ្តីបានមានប្រសាសន៍ទៀតថា ជុំវិញបញ្ហាកីឡាហែលទឹកនេះសូមឲ្យក្មួយៗ ជាសិស្សានុសិស្សទាំងអស់មេត្តាចូលរួមហ្វឹកហាត់កីឡាមួយនេះ ដើម្បីនឹងត្រៀមចូលរួមប្រកួត​ដណ្តើមយករង្វាន់ជាមេដាយជូនជាតិយើងឲ្យបានច្រើន ក្នុងឳកាសកីឡាស៊ីហ្គេម​២០២៣​ខាងមុខ។ ជាពិសេសខេត្តកំពង់ចាមសូមឲ្យល្បីរន្ទឺដូចកីឡាករ កីឡាការិនីជំនាន់ទសវត្សរ៍ឆ្នាំ១៩៦០ និង១៩៧០ គឺដណ្តើមយកមេដាយលើវិស័យកីឡាហែលទឹកនេះជូនប្រទេសជាតិយើង។

លោក ស៊ុន ចាន់ថុល បានលើកឡើងទៀតថា ដូច្នេះដើម្បីតបស្នងសងគុណដល់អតីតកីឡាករកីឡាការិនីខេត្តកំពង់ចាមនេះ បានជាយើងសម្រេចកសាងអាងហែលទឹកនេះឡើង។ ប៉ុន្តែកំពុងបន្តនៅកោះធំ ខេត្តកណ្តាល នៅខេត្តបាត់ដំបង និងកំពុងជួស​ជុល​អាងហែលទឹកនៅស្តាតចាស់ រាជធានីភ្នំពេញ គឺទីតាំងទាំងអស់នេះនឹងផ្តល់សម្រាប់ការហ្វឹកហ្វឺនរបស់យើង។

លោកបានបន្តថា ខាងសហព័ន្ធយើងនឹងខិតខំស្វែងរកថវិកា ដើម្បីបន្តសាងសង់​អាងហែលទឹកនៅតាមបណ្តាខេត្តផ្សេងបន្ថែមទៀត ក្នុងការទាក់ទាញសិស្សានុសិស្សឲ្យចូលរួមហ្វឹកហាត់កីឡាហែលទឹកនេះឲ្យបានផលផុស ប្រយោជន៍ប្រកួតដណ្តើមពាន់រង្វាន់កីឡាស៊ីហ្គេមឆ្នាំ២០២៣ ក៏ដូចកីឡាផ្សេងៗទៀត ជារៀងរាល់ ពីរឆ្នាំម្តងនៅស៊ីហ្គេម ឬមួយឆ្នាំម្តង ជូនជាតិយើង។

រយ:ពេលបីថ្ងៃ ពីថ្ងៃទី ២០ ដល់ ២៣ ខែធ្នូ ឆ្នាំ២០១៩ គណ:កម្មការសហព័ន្ធកីឡាហែលទឹកកម្ពុជាបានរៀបចំការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិ«ពានរង្វាន់​តេជោសែន លើកទី៥ ឆ្នាំ២០១៩»នៅមណ្ឌលកីឡាហែលទឹកតេជោសែន ខេត្តកំពង់ចាម ដែលមានក្លឹបចំនួនប្រាំបី ចូលរួមប្រកួតដែលមានមេដាយសរុបចំនួន៦០គ្រឿង។

ក្នុងនោះលទ្ធផលបច្ចេកទេស ១.ក្លឹបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជួនបានទទួលមេដាយចំនួន ១៨ គ្រឿង ២. ក្លឹបហែលទឹកក្រសួងមហាផ្ទៃបានទទួលមេដាយចំនួន ១៣ គ្រឿង ៣.ក្លឹបហែលទឹកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានទទួលមេដាយចំនួន ១៧ គ្រឿង ៤.ក្លឹបហែលទឹកនាគរាជកំពង់ចាមបានទទួលមេដាយចំនួន ប្រាំមួយ គ្រឿង និង៥.ក្លឹបហែលទឹកប៉ារ៉ាឡាំពិកកម្ពុជាចំនួន ប្រាំមួយគ្រឿងដែរ។ ដោយឡែកសម្រាប់ ក្លឹបហែលទឹកចំនួនបីផ្សេងទៀតមិនបានមេដាយសម្រាប់ការប្រកួតនេះមាន ក្លឹបហែលទឹកក្រសួងព័ត៌មាន ក្លឹបហែលទឹកខេត្តត្បូងឃ្មុំ និងក្លឹបហែលទឹកប្លូដូហ្វីន​ស្វីមមីង៕b/

ទីតាំងផ្សាយពាណិជ្ជកម្ម