មន្ត្រី​សង្ឃៈ សីលធម៌​គឺជា​កត្តា​ចម្បង​មួយ​នៃ​វិស័យ​អប់រំ​របស់​ព្រះសីហនុ​រាជ​

405
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ សកលវិទ្យា​ធិ​ការរង នៃ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ ព្រះ​ភិក្ខុ​បណ្ឌិត ឃី សុវណ្ណ​រតនា មាន​ព្រះ​ថេរ​ដីកា​អំពី​សារសំខាន់ នៃ សីលធម៌ ថា ចំណេះវិជ្ជា និង ជំនាញ គឺជា​កត្តា​ដ៏​ចាំបាច់​សម្រាប់​មនុស្ស​ក៏ពិតមែន​ហើយ រីឯ​គុណធម៌ សីលធម៌ និង ចរិយា​ធម៌ គឺជា​កត្តា​មួយទៀត​ដែល​មិនអាច​ខ្វះ​បាន ! មិនអាច​ខ្វះ​បាន ដោយហេតុថា មនុស្ស​ដែលមាន​តែ​ចំណេះ និង ជំនាញ ហើយ​ខ្វះ​សីលធម៌ គឺមាន​ទំនង​ទៅនឹង​មនុស្ស​យន្ត ដែល​គ្មាន​ចិត្ត​អាណិត​ស្រឡាញ់​មនុស្សជាតិ សង្គមជាតិ និង ប្រពៃណី​វប្បធម៌​ជាដើម ហើយ​អាច​លើសពី​មនុស្ស​យន្ត​ទៅទៀត​នោះ គឺ​ពួកគេ​ក៏​ថែមទាំង​អាចមាន​ភាព​ពិសពុល​ដ៏​មិនអាច​នឹកស្មាន​ដល់ ពោលគឺ​ពួកគេ​អាច​នាំមក​នូវ​អន្តរាយ​ដល់​មនុស្សជាតិ សង្គមជាតិ និង ពិភពលោក​ទៀតផង


​ព្រះ​ភិក្ខុ​បណ្ឌិត ឃី សុវណ្ណ​រតនា មាន​ព្រះ​ថេរ​ដីកា​ប្រកបដោយ​ការថ្លឹងថ្លែង​បែបនេះ នៅក្នុង​ពិធី​ប្រគេន និង ប្រគល់​សញ្ញាបត្រ​ដល់​ស​មណ​និស្សិត និង និស្សិត​ថ្នាក់មូលដ្ឋាន នៃ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ នា​ព្រឹក​ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៩ ដែល​នៅក្នុង​ពិធី​នោះ​ក៏មាន​ការផ្តល់​មូលនិធិ​ឧបត្ថម្ភ​ដល់​សមណ​និស្សិត និង និស្សិត​ក្រីក្រ រៀន​ពូកែ​ផងដែរ ។


​ជាការ​កត់​ម្គា​ល់ ភាពជឿនលឿន នៃ បច្ចេកវិជ្ជា និង សេដ្ឋកិច្ច គឺជា​ក្តី​បំណង​ប៉ងប្រាថ្នា​របស់​មនុស្សជាតិ ប៉ុន្តែ​ជា​ញឹកញាប់ ភាពជឿនលឿន​ទាំងនេះ ក៏បាន​នាំមក​នូវ​កត្តា​អវិជ្ជមាន និង ភាពស្មុគស្មាញ​ច្រើនណាស់​ដែរ ដល់​មនុស្សជាតិ និង សង្គម ក៏ដូចជា​ពិភពលោក​ទាំងមូល ។


​ចំពោះ​នៅ​កម្ពុជា វិញ ភាពខ្វះ​គុណធម៌ សីលធម៌ និង ចរិយា​ធម៌ នេះ គេ​អាច​មើលឃើញ​ដោយ​ងាយ​បំផុត តាមរយៈ​ការធ្វើ​ចរាចរណ៍​នៅលើ​ដង​វិថី​សាធារណៈ ឬ អាច​និយាយ​ម្យ៉ាង​ទៀតថា កង្វះ​គុណធម៌ សីលធម៌ និង ចរិយា​ធម៌ នេះ គឺជា​មូលហេតុ​ចម្បង​នាំឱ្យមាន​ភាព​មិនសូវមាន​ណ្តា​ប់​ធ្នាប់ នៃ ការធ្វើ​ចរាចរណ៍​នៅលើ​ដង​វិថី​សាធារណៈ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ និង គ្រោះថ្នាក់​ចរាចរណ៍ ដែល​នាំមក​នូវ​ទុក្ខសោក ខាតបង់​ដល់​សេដ្ឋកិច្ច និង ការអភិវឌ្ឍ​ជាតិ ។ នេះ​មិនទាន់​ពោល​ដល់​កត្តា​អវិជ្ជមាន​ដ៏​ច្រើន​ផ្សេងទៀត ដូចជា​អំពើហិង្សា ការជួញដូរ​មនុស្ស កេងប្រវ័ញ្ច​ផ្សេងៗ ការបំផ្លិចបំផ្លាញ​ធនធានធម្មជាតិ និង សម្បត្តិ​វប្បធម៌​ជាដើម​ផង ។ ដោយហេតុនេះ ព្រះ​ភិក្ខុ ឃី សុវណ្ណ​រតនា តែងតែមាន​ព្រះ​ថេរ​ដីកា​ជា​ញឹកញាប់​ថា គុណធម៌ សីលធម៌ និង ចរិយា​ធម៌ គឺជា​កិច្ចការ​ស្នូល​មួយ នៃ វិស័យ​អប់រំ​នៅ​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ ។​


​គប្បី​រំឭកថា ដើមឡើយ​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ គឺជា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​សម្រាប់​ព្រះសង្ឃ ប៉ុន្តែ​បន្ទាប់ពី​បានធ្វើ​កំណែទម្រង់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ទើប​មាន​និស្សិត​ជា​គ្រហស្ថ​ប្រុស ស្រី​ប្រមាណ​ជា ៥០ ភាគ​សិក្សា​នៅក្នុង​ពុទ្ធិក​ឧ​ត្ត​ម​សិក្សា​ដ៏​មាន​វ័យ​ចំណាស់ និង មាន​កិត្តិនាម​ជាងគេ​នៅ​កម្ពុជា​នេះ ។


​វិស័យ​អប់រំ​ក្នុង​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា មាន​ពាក្យស្លោក​ថា មាន​វិជ្ជា​ឥត​ចរិយា ដូច​បុប្ផា​ឥត​គ​ន្ធា មាន​ចរិយា​ឥត​វិជ្ជា ដូច​គង្គា​ឥត​មច្ឆា ៕Kh

ព្រះ​ភិក្ខុបណ្ឌិត ឃី សុវណ្ណ​រតនា មាន​ព្រះ​ថេរ​ដីកា​នៅក្នុង​ពិធី​ប្រគេន និង ប្រគល់​សញ្ញាបត្រ​នៅ​ព្រះសីហនុ​រាជ ( ​រូបៈ មេសា​ )
ពិធី​ប្រគេន ប្រគល់​សញ្ញាបត្រ​នៅ​ព្រះសីហនុ​រាជ និង អ្នកចូលរួម​ក្នុង​ពិធី (​​រូបៈ មេសា​)

ទីតាំងផ្សាយពាណិជ្ជកម្ម