បក្សកាន់អំណាចឥណ្ឌាចាញ់ឆ្នោតនៅរដ្ឋដ៏សំខាន់មួយ ចំពេលកំពុងមានការតវ៉ាប្រឆាំងច្បាប់សញ្ជាតិ

288
ចែករម្លែក

គណបក្សជាតិនិយមហិណ្ឌូរបស់នាយករដ្ឋមន្រ្តីឥណ្ឌាបានចាញ់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងរដ្ឋដ៏សំខាន់មួយ ដែលនេះជាឧបសគ្គសម្រាប់គណបក្ស នៅពេលដែលខ្លួនកំពុងប្រឈមនឹងការតវ៉ាប្រឆាំងនឹងច្បាប់សញ្ជាតិថ្មីដ៏ចម្រូងចម្រាស។

យោងតាមលទ្ធផលដែលបានប្រកាសដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ឥណ្ឌាកាលពីល្ងាចថ្ងៃចន្ទទី២៣ធ្នូ គណបក្សបារ៉ាទីយ៉ាចាណាតារបស់លោកម៉ូឌី ឬ បក្ស BJP បានរបូតអំណាចទៅសម្ព័ន្ធភាពមួយ ដែលបង្កើតឡើងដោយបណ្តាគណបក្សប្រឆាំងដឹកនាំដោយបក្សសមាជ និង ក្រុមក្នុងតំបន់នានាដែលមានឥទ្ធិពលនៅក្នុងរដ្ឋចាខាន់ភាគខាងកើត កន្លែងដែលការបោះឆ្នោតបានធ្វើឡើងនៅខែនេះ។

ការបោះឆ្នោតនេះត្រូវបានធ្វើឡើងចំពេលមានការតវ៉ា ដែលអំពាវនាវឱ្យដកហូតច្បាប់សញ្ជាតិ ដែលក្រុមអ្នករិះគន់និយាយថាជាកិច្ចប្រឹងប្រែងចុងក្រោយរបស់រដ្ឋាភិបាលលោកម៉ូឌីដើម្បីលុបបំបាត់សិទ្ធិរបស់ជនជាតិអ៊ីស្លាម ២០០ លាននាក់របស់ឥណ្ឌា។ បក្សប្រឆាំងនិងអង្គការសិទិ្ធស៊ីវិលគ្រោងនឹងធ្វើការតវ៉ាបន្ថែមទៀតប្រឆាំងនឹងច្បាប់នេះនៅល្ងាចថ្ងៃអង្គារទី២៤ធ្នូនេះ។

មេដឹកនាំបក្ស BJP បាននិយាយនៅថ្ងៃអង្គារនេះថា ច្បាប់សញ្ជាតិថ្មីមិនមែនជាបញ្ហានៅក្នុងការបោះឆ្នោតក្នុងរដ្ឋចាខាន់នោះទេ ប៉ុន្តែមេដឹកនាំគណបក្សសមាជលោកស៊ីងបាននិយាយថា លទ្ធផលនេះគឺជាការបែរខ្នងចេញពីគណបក្សរបស់លោកម៉ូឌី ដែលទទួលបានតែ ២៥ អាសនៈក្នុងចំណោមអាសនៈសរុបទាំងអស់ ៨១ នៃសភានីតិប្បញ្ញត្តិរបស់រដ្ឋចាខាន់។ គណបក្សសមាជនិងសម្ព័ន្ធមិត្តរបស់ខ្លួនបានឈ្នះអាសនៈចំនួន ៤៧ ដោយបញ្ចប់ការគ្រប់គ្រងរយៈពេល ៥ ឆ្នាំរបស់បក្ស​ BJP នៅក្នុងរដ្ឋនេះ។

ចាប់តាំងពីខែធ្នូឆ្នាំ ២០១៨ គណបក្ស BJP បានបាត់បង់អំណាចនៅក្នុងរដ្ឋចំនួន ៥ គឺ រដ្ឋម៉ាដយ៉ាប្រាដេស រដ្ឋរ៉ាចាស្ថាន រដ្ឋឆាធីសហ្គា រដ្ឋមហារ៉ាស្ត្រា និងរដ្ឋចាខាន់។ ប៉ុន្តែលោកម៉ូឌីទទួលបានជ័យជម្នះដ៏សំខាន់នៅក្នុងការបោះឆ្នោតជាតិកាលពីខែឧសភា។ គណបក្ស BJP បានឡើងកាន់អំណាចក្នុងឆ្នាំ ២០១៤ ដោយបានផ្តួលគណបក្សសមាជ។

លោកម៉ូឌីបានការពារច្បាប់ស្តីពីសញ្ជាតិថ្មីនិងចោទប្រកាន់បក្សប្រឆាំងថាបានរុញប្រទេសឱ្យធ្លាក់ទៅក្នុងស្ថានភាព “ភ័យខ្លាចដូចមនុស្សឆ្កួត”៕ ដោយ៖ កញ្ញាដាលីស

ជនភៀសខ្លួនហិណ្ឌូមកពីខេត្តស៊ីងរបស់ប៉ាគីស្ថានបង្ហាញលិខិតឆ្លងដែនរបស់ពួកគេខណៈពួកគេគាំទ្រច្បាប់សញ្ជាតិរបស់ឥណ្ឌា

ទីតាំងផ្សាយពាណិជ្ជកម្ម