កម្មវិធី​បណ្ដុះ​គំនិត​កុមារ​ថែរក្សា​បរិស្ថាន​អង្គរ​សម្រាប់​ឆ្នាំ​២០១៩=២០២០

285
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​កម្មវិធី​បណ្ដុះ​គំនិត​កុមារ​ថែរក្សា​បរិស្ថាន​អង្គរ​ដែល​អនុវត្ត​ចាប់ពី​ខែធ្នូ​ឆ្នាំ​២០១៩​រហូតដល់​ខែឧសភា​ឆ្នាំ​២០២០​មាន​រយៈពេល​៦​ខែ​ក្នុង​១​ឆ្នាំ​។​តាមរយៈ​អង្គភាព​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តសៀមរាប​ស្ថាប័ន​ធានា​គុណភាព​ជប៉ុន​(JQA)​និង​សាកលវិទ្យាល័យ​Sophia​នៃ​ប្រទេស​ជប៉ុន​អប់រំ​បរិស្ថាន​កុមារ​ចំនួន​៣៨៨​នាក់​មកពី​សាលាបឋមសិក្សា​ចំនួន​៣ ។​

នេះ​គឺជា​ការបញ្ជាក់​ឱ្យដឹងពី​អាជ្ញាធរ​ជាតិ​អប្សរា​នា​ថ្ងៃទី​២៤​ខែធ្នូ​ឆ្នាំ​២០១៩​នេះ​អង្គភាព​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី បណ្តុះ​គំនិត​កុមារ​ឱ្យ​យល់ដឹង ភ្ញាក់រឭក និង​ចេះ​ស្រឡាញ់​ថែរក្សា​ការពារ​សម្បត្តិ​វប្បធម៌​សម្បត្តិ​ធម្មជាតិ​នៃ​តំបន់​អង្គរ​ដើម្បី​ឈានទៅ​រស់នៅ​ក្នុងសង្គម​ប្រកបដោយ​សុខមាលភាព​សុខដុម​រម្យ​នារ​វាង​បរិស្ថាន​ស្អាត​សង្គម​វប្បធម៌​និង​សង្គម​រស់នៅ​របស់​មនុស្ស​ក្នុង​តំបន់​អង្គរ​ទាំងមូល​។​

​ក្នុង​គោលបំណង​ថែរក្សា​ការពារ​សម្បត្តិ​វប្បធម៌​សម្បត្តិ​ធម្មជាតិ​ទំនៀមទម្លាប់​ល្អ​សង្គម​សីលធម៌​ក្នុង​តំបន់ រក្សា​អភិវឌ្ឍន៍​ស៊ីចង្វាក់​គ្នា​រវាង​(​ធម្មជាតិ​ប្រាសាទ​និង​អ្នកស្រុក​)​គឺ​រវាង​(​បរិស្ថាន​វប្បធម៌​និង​សហគមន៍​) បណ្ដុះ​គំនិត​ថ្មី​ទម្លាប់​ថ្មី​ដល់​កុមារ​ដើម្បីឱ្យ​កុមារ​មាន​ទេពកោសល្យ​ចេះ​គិត​ដោយ​ខ្លួនឯង​និង​ចេះ​ដោះស្រាយ​បញ្ហា​ប្រឈមមុខ​ដោយ​ខ្លួនឯង​។​

​ចំពោះ​គ្រូ​បង្គោល​គឺជា​គ្រូ​ទទួលបន្ទុក​ថ្នាក់​ទី​៤​ទី​៥​និង​ទី​៦​ចំនួន​១២​នាក់​មកពី​សាលាបឋមសិក្សា​ទាំង​៣​ខាង​ដែល​ទទួលបាន​ការអប់រំ​បណ្តុះបណ្តាល​ពី​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ស្ថាប័ន​ជប៉ុន​JAQ និង​សាកលវិទ្យាល័យ​Sophia​។​រីឯ​កម្មវិធី​បណ្តុះបណ្តាល​បែងចែក​កុមារ​ជា​ក្រុមៗ​ដើម្បី​ឲ្យ​កុមារ​ចេះ​ដឹកនាំ​ក្រុម​ធ្វើការ​ងារ​តាម​ប្រធានបទ​របស់​ក្រុម​រៀងៗ​ខ្លួន​។​

​ការអប់រំ​បរិស្ថាន​សម្រាប់​កុមារ​ជា​មធ្យោបាយ​មួយ​ជួយ​ឱ្យ​កុមារ​ដែលជា​អ្នក​ស្នង​ដំណរ​ទៅ​ជំនាន់​ក្រោយ​យល់ដឹង​អំពី​សម្បត្តិ​វប្បធម៌​និង​បរិស្ថាន​នៅ​ជុំវិញ​ខ្លួនគេ​ចាប់អារម្មណ៍​ទៅលើ​ការថែរក្សា​ការពារ​សម្បត្តិ​ទាំងនេះ​ដោយ​បណ្ដុះ​ទម្លាប់​ថ្មី​សម្រាប់​កុមារ​ឱ្យមាន​លទ្ធភាព​ដោះស្រាយ​ឆ្លើយតប​ទៅនឹង​បញ្ហា​ថ្មី​ដែល​កើតមាន​នៅក្នុង​តំបន់​របស់ខ្លួន​។​ម្យ៉ាងទៀត​ការរក្សា​ការពារ​សម្បត្តិ​វប្បធម៌​សម្បត្តិ​ធម្មជាតិ​ទំនៀមទម្លាប់​ល្អ​សង្គម​សីលធម៌​ជា​ផ្លូវ​តែមួយ​ឆ្ពោះទៅរក​ការរីកចម្រើន​ជូន​តំបន់​អង្គរ​ជាប់​ជា​អង្វែង​តទៅ​៕S/

​រូបភាព​: កម្មវិធី​បណ្ដុះ​គំនិត​កុមារ​ថែរក្សា​បរិស្ថាន​អង្គរ​សម្រាប់​ឆ្នាំ​២០១៩_២០២០៕​អប្សរា​