ពូទីនថារុស្ស៊ីឈានមុខគេខាងសព្វាវុធលឿនជាងសំឡេង

444
ចែករម្លែក

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន បាននិយាយនៅថ្ងៃអង្គារទី២៤ធ្នូថា រុស្ស៊ីមានភាពខ្លាំងក្លាខាងរចនាសព្វាវុធថ្មីៗ ហើយថារុស្ស៊ីបានក្លាយជាប្រទេសតែមួយគត់នៅលើពិភពលោកដែលដាក់ពង្រាយសព្វាវុធលឿនជាងសំឡេង។

ថ្លែងនៅក្នុងកិច្ចប្រជុំមួយជាមួយពួកមេយោធាកំពូល លោកពូទីនបាននិយាយថាជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ រុស្ស៊ីឥឡូវកំពុងនាំមុខគេលើពិភពលោកក្នុងការអភិវឌ្ឍសព្វាវុធប្រភេទថ្មីទាំងស្រុង មិនដូចកាលពីមុនទេនៅពេលរុស្ស៊ីដេញតាមពីក្រោយសហរដ្ឋអាម៉េរិក។

មេដឹកនាំរុស្ស៊ីរូបនេះបានកត់សម្គាល់ថានៅសម័យសង្រ្គាមត្រជាក់ សហភាពសូវៀតគឺនៅពីក្រោយសហរដ្ឋអាម៉េរិកក្នុងការរចនាគ្រាប់បែកបរមាណូនិងសាងសង់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រនិងមីស៊ីលឆ្លងអន្តរទ្វីប។

លោកនិយាយថា “ឥឡូវនេះយើងមានស្ថានភាពមួយដែលប្លែកនៅក្នុងប្រវត្តិសាស្ត្រទំនើប នៅពេលពួកគេព្យាយាមតាមឱ្យទាន់យើង។ គ្មានប្រទេសណាមួយមានសព្វាវុធលឿនជាងសំឡេងនោះឡើយ កុំនិយាយដល់មីស៊ីលឆ្លងអន្តរទ្វីបលឿនជាងសំឡេង”។

មន្ទីរបញ្ចកោណនិងទីភ្នាក់ងារយោធាអាម៉េរិកនានាបាននិងកំពុងធ្វើការលើការអភិវឌ្ឍអាវុធលឿនជាងសំឡេងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយរដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិកលោក ម៉ាក អេស្ពើ បាននិយាយកាលពីខែសីហាថា លោកជឿថា “ប្រហែលតែប៉ុន្មានឆ្នាំទៀតប៉ុណ្ណោះ” សហរដ្ឋអាម៉េរិកនឹងមានសព្វាវុធលឿនជាងសំឡេងដែរហើយ។ លោកបានហៅការប្រឹងប្រែងនេះថាជាអាទិភាពមួយ នៅពេលយោធាកំពុងប្រឹងប្រែងអភិវឌ្ឍសមត្ថភាពសព្វាវុធរយៈចម្ងាយឆ្ងាយស៊េរីថ្មី៕ ដោយ៖ កញ្ញាដាលីស

ពូទីនថារុស្ស៊ីនាំមុខគេខាងសព្វាវុធលឿនជាងសំឡេង

ទីតាំងផ្សាយពាណិជ្ជកម្ម