ជួសជុល​ផ្លូវ​ជង្ហុក​សម្បុកមាន់ តែ​គួរតែ​ការពារ ប្រសើរ​ជាង​ព្យាបាល​!

750
ចែករម្លែក

“​ផ្លូវ​ជង្ហុក​សម្បុកមាន់ ៣១០​ករណី ក្នុងចំណោម ២ ៥០៣​ករណី ត្រូវបាន​ចុះ​ជួសជុល រួច​ភ្លាមៗ ខណៈ​មួយចំនួនទៀត កំពុង​សហការ​ដោះស្រាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ព្រមទាំង​ដាក់ចូល ផែនការ​ដោះស្រាយ​ក្នុង​ឆ្នាំ​បន្ទាប់​”​។ នេះ​បើ​យោងតាម​របាយការណ៍​ក្នុង​កម្មវិធី​បិទ​យុទ្ធនាការ បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​បច្ចេកទេស​ជួសជុល​ថែទាំ​ផ្លូវ និង​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE Mobile App) កាលពី​ថ្ងៃទី​១៦ ខែធ្នូ កន្លងទៅនេះ​នៅ​ខេត្តបាត់ដំបង​។​

​សូមបញ្ជាក់ថា កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE Mobile App) បានដាក់​ដំណើរការ​រយៈពេល មួយឆ្នាំ​(១៣ ធ្នូ ២០១៨ -១៣ ធ្នូ ២០១៩) និង​មាន​អ្នក​ទាញយក​កម្មវិធី​សរុប​ចំនួន ១៧ .១១២ នាក់​។ មាន​របាយការណ៍​ចំនួន ២.៥០៣​របាយការណ៍​ក្នុងនោះ​របាយការណ៍​ដោះស្រាយ រួច​ចំនួន ១.០៥៤ របាយការណ៍​ស្មើនឹង ៤២​ភាគរយ ក្នុងនោះ បាន​ចុះ​ជួសជុល​រួច​ភ្លាមៗ មាន​ចំនួន ៣១០ ករណី និង​មួយចំនួនទៀត កំពុង​ត្រូវបាន​សហការ​ដោះស្រាយ​ជាមួយ​ភាគ ពាក់ព័ន្ធ ។​

​កម្មវិធី​នេះ រៀបចំឡើង​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​សហការ​រៀបចំ​ដោយ កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​គោលបំណង​សាង សង់ និង​ថែទាំ​ផ្លូវថ្នល់​មាន​លក្ខណៈ​ល្អប្រសើរ លុបបំបាត់​ផ្លូវ​ខូច​និង​ជង្ហុក​សម្បុកមាន់​តាម ដងផ្លូវ​នានា ក្នុង​រាជធានី​-​ខេត្ត ព្រមទាំង​បង្កើន​សុវត្ថិភាព​ចរាចរណ៍ ជូន​អ្នកប្រើប្រាស់​ផ្លូវថ្នល់ និង​អភិវឌ្ឍ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ក្នុងប្រទេស​កម្ពុជា​។​

​ជាការ​ពិត ការបង្កើត​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE Mobile App) ដែល​មហាជន អាច​ថតរូប រាយការណ៍ និង​ផ្តល់ព័ត៌មាន​ដល់​ក្រុមការងារ​ជំនាញ អំពី​ផ្លូវ​ខូច ជង្ហុក សម្បុកមាន់ ហើយ​ភ្លាមៗ មន្ត្រី​ជំនាញ​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ខេត្ត ក៏បាន​ដឹង​និង​បាន​ចុះ​ជួសជុល ផ្លូវ​ខូច​ទាំងនោះ​ភ្លាមៗ​។​

​យ៉ាងណា​ក៏ដោយចុះ ក្រសួង​សាធារណការ គួរតែ​បង្កើន​ការពង្រឹង​គុណភាព​ក្នុងការ​សាង សង់​ផ្លូវ ដូច​អ្វីដែល​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុង​រយៈពេល ចុងក្រោយ​នេះ បាន​ចុះ​ត្រួតពិនិត្យ ដើម្បី​ឲ្យ​ផ្លូវ​ដែល​កំពុង​សាងសង់ និង​ផ្លូវ​ដែល​ទើប​សាងសង់​នោះ​មាន គុណភាព ស្របតាម​ស្តង់ដារ និង​ដើម្បី​លុបបំបាត់​ពាក្យ​ថា “​ចាក់​ក្រាស់ ស៊ី​ស្តើង ចាក់​ស្តើង ស៊ី​ក្រាស់​» ដែល​នាំ​ឲ្យ​ផ្លូវ​ឆាប់​ខូច ក្នុងពេល​កន្លងមក​។​

​ទន្ទឹមគ្នានេះ មន្ត្រី​ជំនាញ​សាធារណការ និង​ដឹកជញ្ជូន​យើង​ក៏​គួរតែ​បង្កើន​ការទប់ស្កាត់​នូវ​ការ ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដែល​ឡានធំៗ ដឹក​ធ្ងន់ៗ​លើស​ទម្ងន់​នេះ បានធ្វើឱ្យ​ផ្លូវថ្នល់ រង​ការខូចខាត មុន​អាយុកាល ដូច​អ្វីដែល​គេ​បានលើកឡើង​ក្នុងសង្គម​ជាតិ​យើង​។​

​ក្រៅពី​ការងារ​របស់​ក្រសួង បងប្អូន​ប្រជាពលរដ្ឋ អ្នកប្រើប្រាស់​ផ្លូវ ក៏​គួរតែ​បន្ត​ចូលរួម​រាយការណ៍ អំពី​ជង្ហុក​សំបុកមាន់ តាមរយៈ​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE Mobile App) ដើម្បី​ក្រុមការងារ ក្រសួង​អាច​ចុះមក​ជួសជុល​បាន​ទាន់ពេលវេលា បង្ការ​កុំឱ្យ​ផ្លូវ​ខូច​កាន់តែ​ធំ​។ រីឯ​ក្រុមហ៊ុន​ឡាន ដឹកជញ្ជូន​ទាំងអស់ ពិសេស​ក្រុមហ៊ុន​ឡាន​ដឹកជញ្ជូន ដែលមាន​ខ្សែ មាន​ខ្នង​ធំៗ​ក៏​ត្រូវតែ​បញ្ឈប់ ការផ្ទុក​ទំនិញ​លើស​ចំណុះ ហើយ​មិន​ចូល​ជញ្ជីង​ថ្លឹង​ទេ ដោយ​គ្រាន់​តែមាន​អ្នក​បង់លុយ ឬក៏ មាន​អ្នកកាង ហើយ​បន្ត​ដឹកទំនិញ​លើស​ចំណុះ ដែលជា​មូលហេតុ ធ្វើ​ឲ្យ​ផ្លូវ​យើង ឆាប់​ខូច​។​
​ ​
​ជារួម មន្ត្រី​ជំនាញ​សាធារណការ និង​ដឹកជញ្ជូន បាន​បង្កើត​កម្មវិធី​ថែទាំ​ផ្លូវ តាមរយៈ App នៅលើ​ទូរស័ព្ទ​ហើយ តែ​ក៏​គួរតែមាន​ការបន្ត​ចូលរួម​ពី​ប្រជាពលរដ្ឋ ពិសេស​ក្រុមហ៊ុនដឹកជញ្ជូន ដើម្បី​ឲ្យ​ផ្លូវថ្នល់​យើង​ប្រើប្រាស់​បានយូរ តាម​កាលកំណត់​។ ក្នុង នោះ​ការត្រួតពិនិត្យ​គុណភាព នៃ​ការសាងសង់​ផ្លូវ ឲ្យ​ស្របតាម​ស្តង់ដារ បច្ចេកទេស ដោយ​គ្មាន​ការ​កិបកេង​លុយ​នៃ​ការធ្វើ​ផ្លូវ ក៏​ជា​កត្តាចាំបាច់ ដែល​មន្ត្រី​ជំនាញ​សា​ធារ​ការ និង​ដឹកជញ្ជូន គួរតែ​ចូលរួម​ដើម្បី​កុំ​ឲ្យ​ធ្វើ​ផ្លូវ​មួយ ខ្សែ​មិនទាន់រួច​ផង ស្រាប់តែ​ផ្លូវ​ខាង ក្រោយ ដែល​ធ្វើ​រួច ខូច ឬក៏​មាន​ពាក្យ​មួយ​គេ​ថា​ផ្លូវ​យើងធ្វើ​ជាប់​ជាដើម​៕ ដោយ​: ម៉េង​ឆៃ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ