ត្រាំ​៖ អាម៉េរិក​ត្រៀម​ឆ្លើយតប​នឹង​កាដូ​ណូអែល​របស់​កូរ៉េខាងជើង តែ​សង្ឃឹមថា​វា​ជា​«​ថូ​ផ្កា មិនមែន​កាំជ្រួច​»

309
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក​លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​អង្គារ​ទី​២៤​ធ្នូ បាន​ច្រាន​ចោល​ការព្រមាន​របស់​កូរ៉េខាងជើង​អំពី​«​កាដូ​បុណ្យ​ណូអែល​»​ដ៏​ភ្ញាក់ផ្អើល​មួយ ដោយ​លោក​បាន​​និយាយ​ថា​សហរដ្ឋ​អាម៉េរិក​នឹង​«​ដោះស្រាយ​វា​បាន​ជោគជ័យ​ណាស់​» ចំ​ពេល​មាន​ការបារម្ភ​ថា​កូរ៉េ​ខាងជើង​អាច​ត្រៀម​ធ្វើ​ការសាកល្បង​កាំជ្រួច​ចម្ងាយ​ឆ្ងាយ​។​

ប្រធានាធិបតី​អាម៉េរិក​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្រោយ​ចូលរួម​វីដេអូ​ខន​ហ្វើ​រិនជាមួយ​សមាជិកក​ង​កម្លាំងប្រដាប់អាវុធ​អាម៉េរិ​ក នៅក្នុង​រដ្ឋ​​ផ្លរីដា កាលពី​ថ្ងៃ​២៤​ធ្នូ​

​សូមបញ្ជាក់​ថា កូរ៉េ​ខាងជើង​បាន​ព្រមាន​ជូនអំណោយ​បុណ្យ​ណូអែល​(​គ្រី​សម៉ាស​)​ដល់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ក្រោយ​ពី​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ទុក​ពេល​ដល់​ចុង​​ឆ្នាំ​ដើម្បី​អាម៉េរិក​ផ្លាស់ប្តូរ​ឥរិយាបទ​ចរចា ឬ​ធ្វើ​សម្បទាន​ដើម្បី​បន្ត​ការចរចា​នុយគ្លេអ៊ែរ​ជា​ថ្មី​រវាង​ប្រទេស​ទាំង​ពីរ​តែ​អាម៉េរិក​ទំនងជា​មិន​ធ្វើ​តាម​។​

​តែ​លោក​ត្រាំ​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​រមណីយដ្ឋាន​ម៉ា អា ឡាហ្គោ ថា​«​យើង​នឹង​បាន​ឃើញ​អ្វី​ជា​ព្រឹត្តិការណ៍​ភ្ញាក់ផ្អើល​ហើយ​នឹង​នឹង​ឆ្លើយតប​ជាមួយ​នឹង​លទ្ធផល​ជោគជ័យ​​ណាស់​។​យើង​នឹង​ឃើញ​ថា​អ្វី​នឹង​កើតឡើង​។​អាច​ជា​កាដូ​ល្អ​មួយ ។​គាត់​អាច​ជូន​អោយ​ខ្ញុំ​ថូផ្កា​ស្អាត​មួយ មិនមែន​ការសាកល្បង​កាំជ្រួច​ទេ​»​។​

​ក្នុង​ការព្រមាន​របស់​ខ្លួន កូរ៉េ​ខាងជើង​បាន​ចោទប្រកាន់​អាម៉េរិក​ថា​ព្យាយាម​ទាញ​កិច្ចពិភាក្សា​នុយគ្លេអ៊ែរ​ចេញពី​តុ​ចរចា នៅមុន​ការ​ឈរឈ្មោះ​បោះឆ្នោត​ជា​ថ្មី​របស់​ត្រាំ​នៅ​ឆ្នាំ​​ក្រោយ និង​ថា​«​កាដូ​ណូអែល​ជា​អ្វី​នោះ​វា​អាស្រ័យ​លើ​អាម៉េរិក​ជ្រើសរើស​យក​ទាំងស្រុង​»​។​

​ក្នុងពេល​ជាមួយគ្នា ពួក​មេបញ្ជាការ​យោធា​អាម៉េរិក​បាន​និយាយថា ចម្លើយ​តប​របស់​កូរ៉េខាងជើង​អាច​ជា​ការ​សាក​កាំជ្រួច​ចម្ងាយ​ឆ្ងាយ​ដែល​បាន​ផ្អាក ឬ​ជា​ការសាកល្បង​នុយ​​គ្លេ​អ៊ែរ​៕​ដោយ​៖​វាសនា​