បកស៊ីង ដេយ៍ មានអត្ថន័យប្រហាក់ ប្រហែលហឹបពុទ្ធបូជាខ្មែរ និង អាំង ប៉ាវ ចិន

525
ចែករម្លែក

ដោយៈមេសា/ភ្នំពេញ ៖ បកស៊ីង ដេយ៍ (Boxing Day) គឺជាថ្ងៃសម្រាកសាធារណៈសម្រាប់ បណ្តាប្រទេសដែលគោរពសាសនាគ្រិស្ត ហើយត្រូវបានធ្វើនៅថ្ងៃទី ២៦ ខែ ធ្នូ រៀងរាល់ឆ្នាំ ជាថ្ងៃទីមួយ ឬ ទីពីរ បន្ទាប់ពីថ្ងៃបុណ្យណូអែល ( Christmas Day ) ហើយក៏បានក្លាយជាថ្ងៃសម្រាកដើរទិញឥវ៉ាន់ដ៏ពាក់ពពូនប្រចាំឆ្នាំសម្រាប់ប្រទេសខ្លះហើយមានផ្នែកខ្លះមានអត្ថន័យប្រហាក់ប្រហែលនឹងហឹបពុទ្ធបូជាប្រពៃណី ខេមរពុទ្ធសាសនិក ហើយទិដ្ឋភាពខ្លះមានអត្ថន័យប្រហាក់ប្រហែលនឹងអាំងប៉ាវ ប្រពៃណីរបស់ជនជាតិចិន ហើយក៏ជាថ្ងៃសម្រាប់ប្រកួតកីឡាដ៏សំខាន់ដែរ។

អត្ថន័យបកស៊ីង ដេយ៍រូបស័ព្ទ នៃ ពាក្យថា Boxing Day ទីនេះ ប្រែថា ថ្ងៃ នៃ ការបំពេញប្រអប់ ។ ប៉ុន្តែមានការឱ្យនិយមន័យទៅលើអត្ថន័យ នៃ ពាក្យថា Boxing Day ជាច្រើន ។ បកស៊ីង ដេយ៍ ត្រូវបានធ្វើនៅប្រទេសអូស្ត្រាលី កាណាដា ញូវហ្សេឡែន ចក្រភពអង់គ្លេស និង បណ្តាក្រុមរដ្ឋសហធនមួយចំនួន ។ នៅប្រទេស អៀរឡង់ ពិធីបុណ្យ Boxing Day ត្រូវបានគេស្គាល់ថាជាថ្ងៃបុណ្យព្រះអរហន្តស្តេហ្វិន ( St. Stephen’s Day )។ ឆ្នាំ១៩៩៤ អាហ្វ្រិកខាងត្បូង បានប្តូរ បកស៊ីង ដេយ៍ ទៅជា Day of Goodwill ។

ថ្ងៃ បកស៊ីង ដេយ៍ នេះ កើតនៅអឺរ៉ុប ដោយមានតំណាលថា នៅបស្ចិមសម័យរ៉ូម៉ាំង គេបានដាក់ប្រអប់ដែកនៅខាងក្រៅវិហារនានា នៃ គ្រិស្តសាសនា ដើម្បីទទួលអំណោយពីគ្រប់មជ្ឈដ្ឋានសម្រាប់បូជាក្នុងពិធីបុណ្យ វិសុទ្ធិបុគ្គល ស្តេហ្វិន (Saint Stephen) ដែលធ្វើឱ្យយើងយល់បានថាប្រអប់ដែកនេះមានអត្ថន័យប្រហាក់ប្រហែលនឹងហឹបពុទ្ធបូជា នៅប្រទេសកម្ពុជា ។

ទង្វើនៃការដាក់ ឬការបរិច្ចាគរបស់របរនានាទៅក្នុងប្រអប់ ឬ ហឹបដែក នោះឯងហើយ ដែលមានន័យថា “ ការបំពេញប្រអប់ “ ឬ “ បំពេញហឹប “ ដែលជាភាសាអង់គ្លេសហៅថា Boxing (បុកស៊ីង) ។

មួយទៀត ប្រពៃណីទំនៀមទម្លាប់ពីបុរាណអង់គ្លេស បន្ទាប់ពីកម្មករ ឬ អ្នកបម្រើរបស់ពួកគេបានធ្វើការនៅលើកសិដ្ឋានពេញមួយឆ្នាំដោយល្អមក ម្ចាស់កសិដ្ឋាន ឬ ថៅកែ រមែងបានអនុញ្ញាតឱ្យពួកកម្មករទាំងនោះ ឈប់សម្រាកពីការងារមួយថ្ងៃគឺនៅថ្ងៃទី២៦ ខែធ្នូ ដើម្បីទៅលេងស្រុកកំណើត ឬ ជួបជុំគ្រួសារ។ ពួកថៅកែ តែងតែឱ្យពួកកម្មករទាំងនោះនូវប្រអប់មួយម្នាក់ដែលក្នុងប្រអប់នោះមានអំណោយ ជាអាហារចំណី ឬ សម្លៀកបំពាក់ និង ប្រាក់កាស ( បន្ថែមលើប្រាក់ខែដែលពួកគេត្រូវទទួលបានប្រចាំខែ ) ទៅតាមទឹកចិត្តថៅកែ ។

ប្រពៃណីមួយនេះ យើងអាចនិយាយបានថា មានភាពប្រហាក់ប្រហែលគ្នាទៅនឹងប្រពៃណីជនជាតិចិនដែលចែកអាំងប៉ាវ ឬ តែអៀរ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់ពួកគេដែរ។

បកស៊ីង ដេយ៍ បច្ចុប្បន្នបច្ចុប្បន្ននេះសម្រាប់ពួកពាណិជ្ជករនៅអង់គ្លេស ថ្ងៃ បុកស៊ីក ដេយ៍ គឺជាថ្ងៃដែលពួកគេដើរប្រមូលប្រអប់ណូអែល (Christmas boxes) ដែលនៅក្នុងប្រអប់នោះមានលុយកាក់ ឬ អំណោយផ្សេងៗពីអតិថិជនជាការអរគុណសម្រាប់ការផ្តល់ឬ បម្រើសេវាកម្មរបស់ពួកគេពេញមួយឆ្នាំមក ។

នៅអង់គ្លេស កាណាដា ញូវហ្សេឡែន និង រដ្ឋមួយចំនួននៃប្រទេសអូស្ត្រាលី ថ្ងៃ បុកស៊ីង ដេយ៍ បានក្លាយជា “ ថ្ងៃសម្រាកដើម្បីដើរទិញឥវ៉ាន់ប្រចាំឆ្នាំ” ដែលភាសាអង់គ្លេសហៅថា a shopping holiday ដែលមានលក្ខណៈស្ទើរតែដូចគ្នាទៅនឹងថ្ងៃបុណ្យ នៃ ក្តីអំណរ ( Thanksgiving ) នៅសហរដ្ឋអាមេរិក ។

ពេញមួយថ្ងៃ នៃ ថ្ងៃ បកស៊ីង ដេយ៍ នេះ ហាងលក់ទំនិញនានាបានលក់ទំនិញចុះថ្លៃយ៉ាងលើសលប់ ហេតុនេះទើប នៅមុខហាងលក់ទំនិញនីមួយៗ មានមនុស្សច្រើនមីរដេរដាសភ្លូកទឹកភ្លូកដីនាំគ្នាទៅតម្រង់ជួរដ៏វែងអន្លាយចាំចូលទិញឥវាន់ ឯហាងខ្លះមានអ្នកប្រជ្រៀតស្មាគ្នាចូលទិញទំនិញ តាំងពីព្រលឹមអុល រហូតដល់យប់ជ្រៅ ហើយហាងខ្លះបានបន្តលក់ទំនិញក្នុងតម្លៃ ថ្ងៃ បកស៊ីង ដេយ៍ (តម្លៃបញ្ចុះយ៉ាងពិសេស) នេះរយៈពេលមួយសប្តាហ៍ក៏មាន ដែលបានន័យថាពួកគេលក់ទំនិញលាងឃ្លាំង ។

ចំពោះវិស័យកីឡាវិញ នៅអង់គ្លេស ស្កុតឡែន និង អៀរឡង់ខាងជើង ការប្រកួតកីឡាបាល់ទាត់ Premier League អង់គ្លេស Premier League ស្កុតឡែន និង Premier League អាយរីស សុទ្ធតែបានរៀបចំកម្មវិធីប្រកួតជាពិសេស សម្រាប់ថ្ងៃ បកស៊ីង ដេយ៍ នេះ។

តាមទម្លាប់ ការប្រកួតនៅថ្ងៃ បកស៊ីង ដេយ៍ នេះ គឺជាការប្រកួតរវាងក្រុមជាគូប្រជែងនៅក្នុងតំបន់ជាមួយគ្នា ដើម្បីកុំឱ្យពិបាកដល់ក្រុមកីឡាករ និង ពួកអ្នកគាំទ្រត្រូវធ្វើដំណើរទៅទីផ្សេងដើម្បីប្រកួត និង ទស្សនាការប្រកួត បន្ទាប់ពីថ្ងៃបុណ្យណូអែល ដែលពួកគេកំពុងនៅជួបជុំគ្រួសារ ។ ការប្រកួតជើងឯកវាយកូគោលលើទឹកកកជាច្រើនក៏បានកំណត់នៅថ្ងៃទី ២៦ ខែ ធ្នូ នេះដែរ ។

នៅក្នុងបណ្តាប្រទេសអាហ្វ្រិកដែលជាក្រុមរដ្ឋសហធន (Commonwealth =បណ្តាប្រទេសដែលកាលពីអតីតស្ថិតនៅក្រោមអាណានិគមអង់គ្លេស ) ជាពិសេប្រទេសហ្កាណា អ៊ូហ្កង់ដា ម៉ាឡាវី សាំប៊ី និង តង់ហ្សានី ការប្រកួតដណ្តើមពានផ្សេងៗ ក៏ត្រូវបានធ្វើនៅថ្ងៃ បកស៊ីង ដេយ៍ នេះដែរ ។ ហេតុនេះថ្ងៃ បកស៊ីង ដេយ៍ ក៏បានក្លាយជាកាលបរិច្ឆេទសំខាន់មួយសម្រាប់ព្រឹត្តិការណ៍ នៃ ការប្រកួតកីឡា ។

ថ្ងៃ បកស៊ីង ដេយ៍ ក៏ជាទិវាដ៏មានប្រជាប្រីយ៍ផងដែរនៅអាមេរិក និង អង់គ្លេស សម្រាប់ពួកព្រានប្រមាញ់កញ្ជ្រោង ទោះជាការបរបាញ់កញ្ជ្រោងត្រូវបានហាមឃាត់កាលពីឆ្នាំ២០០៤ ក៏ដោយ ។

ជារុបទៅថ្ងៃ បុកស៊ីង ដេយ៍ ( ២៦ ធ្នូ ) នេះ គឺជាថ្ងៃសម្រាកដែលសេសសល់ពីថ្ងៃបុណ្យណូអែល (២៥ ធ្នូ ) ហើយក៏ជាឱកាសត្រៀមស្វាគមន៍ឆ្នាំថ្មី នៃ ឆ្នាំសកលផង និង ជាឱកាសលក់ និង ទិញទំនិញលាងឃ្លាំងផងដែរ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម