ចាងហ្វាងផលិតកម្ម Galaxy Navatra សង្ឃឹម រឿង «កុំងាក ក្រោយ» ទទួលបានការគាំទ្រ

638
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ ភ្នំពេញ៖ ដើម្បីសាងស្នាដៃអោយកាន់តែរីកធំ​នូវក្នុងរង្វង់សិល្បៈ ផលិតកម្ម Galaxy Navatra បានផលិតរឿងទី២ របស់ខ្លួនជាមួយទំនុកចិត្ត និង បច្ចេកទេសថ្មីៗ ដែលអ្នកដឹកនាំ និង អ្នកផលិតសង្ឃឹមថា ទទួលបានជោគជ័យ ខ្លាំង ចំពោះ រឿង «កុំងាកក្រោយ» ដែលជាស្នាដៃបន្ទាប់ពីរឿង កំពូលល្ងង់នៅអាស៊ី។

អ្នកដឹកនាំសម្តែងវ័យក្មេង ចាន់ណា រ៉ូណាន់ បានថ្លែងថា សម្រាប់រឿង «កុំងាក ក្រោយ» គឺជាស្នាដៃដែលលោកបានប្រឹងប្រែងទាំងយប់ទាំងថ្ងៃដែលសឹងតែគ្មាន ពេល សម្រាក ព្រោះឈុតឆាកនីមួយៗ មានភាពស៊ីសង្វាក់គ្នា និងប្លង់ថតទាំងអស់គឺសុទ្ធតែ ឈុតដែលត្រូវការពេលវេលាសមស្រប និងទេពកោសល្យ អ្នកសម្តែង។ ដូច្នេះហើយ ក្នុងនាមជាអ្នកដឹកនាំសម្តែងមួយរូប លោកពិតជាបានបូជាកម្លាំងកាយចិត្តសម្រិត សម្រាំងរឿងមួយនេះ អោយមានភាពទាក់ទាញដើម្បីជាចំណីចក្ខុសម្រាប់អ្នកទស្សនា។

លោកបន្តថា ភាពយន្តដែលនិយាយពីក្មេងប្រុសម្នាក់ ចង់ធ្វើចំណាកស្រុកទៅ ធ្វើ ជាពលករនៅប្រទេសកូរ៉េ ហើយមិនហ៊ានងាកមើលទឹកមុខម្តាយរបស់ខ្លួនដែល បាន រារាំង មិនអោយកូនប្រុសសំលាញ់ចាកចេញឆ្ងាយ គូបផ្សំនិងជំនឿកផ្សេង ៗស្តីពីការឮ សំឡេងពេលរាត្រីហាមងាកក្រោយផង លោកក៏សម្រេចយកចំនុច ទាំងពីរមកបូក បញ្ចូលគ្នា លាយលំនិងឈុតកំប្លែងកំសត់ព្រឺព្រួចផ្សេងទៀតបង្កើតបានជាសាច់រឿង «កុំងាកក្រោយ» នេះឡើងដើម្បីជាចំណងដៃសម្រាប់ចុងឆ្នាំ២០១៩។

លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត់ត្រា ដែលជាម្ចាស់ផលិតកម្មបានថ្លែងថា ភាពយន្តរឿង «កុំងាកក្រោយ»​ ត្រូវបានផលិតជិតរយៈពេលកន្លះឆ្នាំ ទម្រាំបានបញ្ចាំង ដោយលោកឧកញ៉ា រំពឹង​យ៉ាង​ខ្លាំងថា ភាពយន្តនេះ នឹងទទួលបានភាពជោគជ័យ និងមានការគាំទ្រច្រើន ពីសំណាក់​បងប្អូន​ប្រជាពលរដ្ឋ ពីព្រោះសម្អាងថា ជារឿង ដែលមានរូបភាពភ្លឺច្បាស់ល្អ សម្លេងស្ដង់ដា និង​មាន​គុណ​ភាព​ពេញលក្ខណៈ ជាភាពយន្ត និងមានឈុតឆាកភ័យរន្ធត់តាំងពីដើមរហូតដល់ចប់ គឺ​ទាក់​ចិត្តតែម្តង។

លោកបានបន្តថា សម្រាប់រឿង «កុំងាកក្រោយ» គ្រាន់តែជាចំណុចចាប់ ផ្តើមតែ ប៉ុណ្ណោះ សម្រាប់ផលិតកម្ម « Galaxy Navatra » និងមានគម្រផង ពង្រីកទីផ្សារ របស់ខ្លួនបន្ថែមទៀត ពោលនិងផលិតរឿងអោយបានច្រើនក្នុងឆ្នាំ២០២០ ខាងមុខ និងផលិតរឿង ដែលមានគុណភាពនិងស្តង់ដារបន្ថែមទៀតដើម្បី ឈានជើង ចូល ទៅប្រកួតក្នុងទីផ្សារអន្តរជាតិ។

សូមជម្រាបថា រឿង «កុំងាកក្រោយ» ចូលរួមសម្តែងដោយ លោក ទ្រី តារាវុធ កញ្ញា ឆាយ នីតា លោក ជា លាងឈែ លោក ភីម៉ៃ លោកស្រី អ៊ុំ សក្ខណា និងតារា សម្តែងជាច្រើនរូបទៀត។ ការ​ដាក់លក់សំបុត្រជាផ្លូវការ​នៅ​ ថ្ងៃ​ទី​២៦ខែធ្នូ ឆ្នាំ២០១៩ នៅ​គ្រប់​រោង​ភាពយន្ត​​ទាំង​អស់​ក្នុង​រាជធានី​ភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តនានាផងដែរ៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ