បំពុល​ឆ្កែ​ចូល​លួច​ម៉ូតូ​អស់​២​គ្រឿង​នៅ​ស្រុក​ស្វាយទាប​

197
ចែករម្លែក

វ៉ៃ​កូ​/​ស្វាយរៀង​៖​កាលពី​ម៉ោង​៤​និង​១០​នាទី​ទាបភ្លឺ​ថ្ងៃទី​២៥​ខែធ្នូ​ឆ្នាំ​២០១៩​មានការ​ភ្ញាក់ផ្អើល​មួយ​បន្ទាប់​ម្ចាស់ផ្ទះ​ទើប​ដឹងខ្លួន​ពី​ដំណេក​ថា​មាន​ករណី​ចោរលួច​ម៉ូតូ​ដោយ​បំពុល​ឆ្កែ​រួច​ចូល​យក​ម៉ូតូ​បាត់អស់​២​គ្រឿង​។​

សមត្ថកិច្ច​ឱ្យដឹងថា​ក្រុមចោរ​មួយក្រុម​បានធ្វើ​សកម្មភាព​បំពុល​សត្វ​ឆ្កែ​លួច​យក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ចំនួន​២​គ្រឿង​។ ក្នុងនោះ​មាន ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្ម្មៅ​ស៊េរី​ឆ្នាំ​២០១៥​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CZ-7273 ។​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ​ស្វាយរៀង​1N-1941​ដែល​ទុក​នៅក្នុង​បន្ទប់​ក្រោមផ្ទះ​ចាក់សោ​។ ម្ចាស់​ម៉ូតូ​ឈ្មោះ មុំ សារិន អាយុ​៦២​ឆ្នាំ ភេទ​ប្រុស មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ស្វាយ​គយ ឃុំ​ពពែ​ត ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។

​ប្រភព​ដដែល​បន្តថា​មុននឹង​ក្រុមចោរ​ចូល​កាត់​សោ​បន្ទប់​លួច​យក​ម៉ូតូ​ក្រុមចោរ​បានធ្វើ​សកម្មភាព​បំពុល​សត្វ​ឆ្កែ​០៤​ក្បាល បណ្តាលឱ្យ​សត្វ​ឆ្កែ​ងាប់​អស់​២​ក្បាល និង​កំពុង​ពុល​ងីងើរ​ជិត​ងាប់​២​ក្បាល​ទៀត​។​

​គួរឱ្យ​ដឹងថា​ក្រុមចោរ​បាន​ស្ងប់ស្ងាត់​បាន​ប្រមាណ​១​ខែ​ហើយ​បន្ទាប់ពី​សមត្ថកិច្ច​បង្ក្រាប​ចាប់បាន​៣​នាក់ ដែលជា​ក្រុមចោរ​មកពី​ខេត្តព្រៃវែងខេត្តតាកែវនិងខេត្តបន្ទាយមានជ័យ ។​ស្រាប់តែ​ឥឡូវនេះ មាន​ក្រុមចោរ​ផ្សេងទៀត មក​ធ្វើ​សកម្មភាព​បំពុល​ឆ្កែ​កាត់​សោ​លួច​យក​ម៉ូតូ​ទៅ​បាត់​ជាថ្មីទៀត​។ សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ការពារ​ភូមិ និង​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម