គ្រួសារ​ជនរងគ្រោះ​នៅ​ស្រុក​ស្វាយចេក​សុំ​សម្តេច​តេ​ជោ ហ៊ុន សែន ជួយ​រក​យុត្តិធម៌​

367
ចែករម្លែក

​ដោយៈ ឫទ្ធិ​ស័ក្តិ​/ ​ភ្នំពេញៈ ក្រុមគ្រួសារ​ជនរងគ្រោះ និង​ប្រជាពលរដ្ឋ​ក្នុង ភូមិ​ស្ទឹង ឃុំ​រលួស ស្រុក​ស្វាយចេក ខេត្ត បន្ទាយមានជ័យ បានដាក់​លិខិត​សុំ​អន្តរាគមន៍​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍ ពិនិត្យមើល​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​៦៩៣ ចុះ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩ របស់​តំណាង អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ និង​ការកសាង​សំណុំរឿង​របស់​មេបញ្ជាកា​រ កង​រាជ អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ដែលមាន​ភាពមិនប្រក្រតី​បានធ្វើការ​ចោទប្រកាន់​ចាប់​ឃុំឃាំង មនុស្ស​ដាក់ពន្ធនាគារ​ដោយ​អយុត្តិធម៌​ទាំង​គ្មាន​ភស្តុតាង​និង​សាក្សី​គ្រប់គ្រាន់​សម្រាប់​ដាក់បន្ទុក​លើ​ជនជាប់សង្ស័យ​។​


​ ​ជនរងគ្រោះ​ដែល​សមត្ថកិច្ច​ចាប់ឃុំខ្លួន​មានដូចជា ១. ឈ្មោះ តែម វាសនា ២. ឈ្មោះ តែម ស៊ីថុន និង​ទី​៣. ឈ្មោះ អ៊ូ ស្រី​នី​ត ដោយ​តុលាការ​ចោទប្រកាន់​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយ​គាស់​ទម្លុះទម្លាយ​។​
​លោក ជួន តុ​ប អាណាព្យាបាល​របស់​ជន​រងគ្រោះ​ឈ្មោះ តែម វាសនា , តែម ស៊ីថុន និង​ឈ្មោះ​អ៊ូ ស្រី​នី​ត និង​ប្រជាពលរដ្ឋនៅក្នុង ភូមិ​ស្ទឹង ឃុំ​រលួស ស្រុក​ស្វាយចេក ខេត្ត​បន្ទាយ មានជ័យ បានដាក់​លិខិត​ស្នើសុំ​អន្តរាគមន៍​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។
​នៅក្នុង​លិខិត​ស្នើសុំ​អន្តរាគមន៍​ដល់​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹងថា …​ជាការ​ពិត​ចំពោះ​សំណុំ​រឿងនេះ ប្រជាពលរដ្ឋ​ដែល​បាន​ដឹងឮ​នៅ​អង្គហេតុ​នៃ​ដំណើរ​សាច់រឿង​នេះ​មិន​ពេញចិត្ត​និង​ចំណាត់ការ​របស់​សមត្ថ​កិច្ច​និង​តំណាង​អយ្យ​ការដែល​បានធ្វើ​សេចក្តីសន្និដ្ឋាន​ចោទប្រកាន់​មកលើ​ឈ្មោះ តែម វាសនា , តែម ស៊ីថុន និង​ឈ្មោះ អ៊ូ ស្រី​នី​ត ប្រជាពលរដ្ឋ​មានការ​កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​ភាពអយុត្តិធម៌​ដែល​បានកើត​ឡើងទៅ​លើ​ជនរងគ្រោះ​ស្លូតត្រង់ ដែល​មន្ត្រី​មួយចំនួន​តូច​គិត​គួរតែ​ពី​ផល​ប្រ​យោ​ជ​ន៏ លាភសក្ការៈ​ផ្ទាល់ខ្លួន​និង​បក្សពួកនិយម​តែប៉ុណ្ណោះ​។ ក្នុងនាម​លោក​ជា​អាណាព្យាបាល​ហើយ​និង​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ថា ពួកគាត់​ទាំងបី​នាក់ ជា​ប្រជាពលរដ្ឋ​ស្លូតត្រង់​នៅក្នុង​ភូមិ​មាន​អាប្ប​កិរិយា​ល្អ សីលធម៌​ល្អ អត្ត​ច​រិ​ក​ល្អ ចរិយា​មាយា​ទ​ល្អ ចេះ​គោរព​ចាស់ទុំ សុភាពរាបសារ មិនដែល​ធ្លាប់បាន​ប្រព្រឹត្ត​នៅ​ទង្វើ​មិន​គប្បី​ដែល​សង្គម​ស្អប់ខ្ពើម​។ មិនដែល​នាំ​បញ្ហា​ដល់​ក្រុមគ្រួសារ​និង​សង្គមជាតិ​ម្តងណា​ឡើយ មានតែ​ខិតខំ​ប្រឹងប្រែង​រកស៊ី​ចិញ្ចឹមជីវិត​ដោយ​សច្ចៈ​ភាព សុចរិត​ទៀងត្រង់ ។​ជាពិសេស​ទៀត​នោះ​ឈ្មោះ តែម សី​ថុ​ន ដែល​បានទទួល​ការអប់រំ​សិក្សា​ខ្ពង់ខ្ពស់​បានបញ្ចប់​ថ្នាក់អនុបណ្ឌិត​ច្បាប់ ហើយ​បច្ចុប្បន្ន​ជា​មន្ត្រី​ប៉ូលីស​ដែល​បាន​ខិតខំ​លះបង់​ទាំង​កម្លាំងកាយ ទាំង​កម្លាំងចិត្ត ធ្វើ​ការងារ​ស្មោះត្រង់ មាន​ឆន្ទៈ​មុះ​មុត បម្រើ​ការងារ​ជូន​ជាតិ​មាតុភូមិ តែ​ផ្ទុយ​មកវិញ​ត្រូវបាន​គេ​ធ្វើបាប​មួលបង្កាច់ ហើយ​ធ្វើការ​ចោទប្រកាន់​បំភ្លៃ​ពី​ការពិត​យ៉ាង​អយុត្តិធម៌​ជាទីបំផុត​។ ក្នុងនាម​គាត់​ជា​មន្ត្រី​សមត្ថកិច្ច​មិនអាច​ស្វែងរក​យុត្តិធម៌​ឲ្យ​ខ្លួនឯង​ផង ចុះ​ទំរាំ​តែ​ប្រជាពលរដ្ឋ​សាមញ្ញ​ធម្មតា​ដែល​បាន​រងគ្រោះ តើ​ឲ្យ​គាត់​ទៅ​ពឹងពាក់​អ្នកណា​។​
អាស្រ័យ​បាន​ជម្រាបជូន​សូម​សម្តេច មេត្តាជួយ​តាមដាន​និង​ពិ​និត្យនៅ​ភាពមិនប្រក្រតី​នៅក្នុង​សំណុំ​រឿងនេះ​ផង​ជា​តឹកតាង​ជាក់ស្តែង​ថា តើ​វា​មាន​អា​អ្វីដែល​បាន​លាក់បាំង​ជា​ប្រព័ន្ធ​នៅក្នុង​ការឃុំ​ឃាំង ការចោទប្រកាន់ និង​ការសម្រេចចិត្ត​ដ៏​អយុត្តិធម៌​ជាទីបំផុត ដែល​បណ្តាល​ឲ្យ​មានការ​ប៉ះពាល់​សតិអារម្មណ៍​ផ្លូវចិត្ត​សម្រាប់​ក្រុមគ្រួសារ​លោក​និង​មាន​ការមិនសប្បាយចិត្ត ហើយ​មិន​ពេញចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​ផង​ដែល ។​
​ប្រភព​ដដែល​បាន​បន្តថា ចំពោះ​ការឃុំ​ឃាំង​ឈ្មោះ តែម វាសនា ដាក់​ក្នុង​ពន្ធនាគារ​ជាច្រើន​ខែ​កន្លងមកហើយ​ដែល​សមត្ថកិច្ច និង​តំណាង​អយ្យការ​មិនអាច​ស្វែងរក​ភស្តុតាង និង​សាក្សី​ដែលជា​តម្រុយ​នៃ​បទល្មើស​បាន​គ្រប់គ្រាន់​ទៅតាម​នីតិវិធី​ច្បាប់ ដើម្បី​ធ្វើការ​ចោទប្រកាន់​ឬក៏​ដាក់បន្ទុក​មកលើ​រូបគាត់​នោះទេ​។ សាក្សី​ទាំងអស់​ដែល​បានឃើញ​ហេតុការណ៍ និង​បានធ្វើ​ដំណើរ​ជាមួយគ្នា សុទ្ធតែ​អះអាងថា កូនប្រុស​របស់គាត់​មិនមែនជា​អ្នកប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះទេ មិន​ត្រឹមតែ​ប៉ុន​ណ្ណោះ​តំណាង​អយ្យការ​ថែមទាំង​បានធ្វើការ​ចោទប្រកាន់​មកលើ​កូនប្រុស​របស់គាត់​ម្នាក់​ទៀត ហើយ​និង​កូនប្រសា​រថា​ជា​បក្ខពួក​ដែល​បានរួម​ផ្សំគំនិត​លួច ជា​សក្ខីភាព​ជាក់ស្តែង​នេះ សបញ្ជាក់​អំពី​គម្រោងការ​ទុច្ចរិត​របស់​ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​បាន​ទំលាក់កំហុស​ហើយ​ចោទប្រកាន់​មកលើ​កូនប្រុស​ទាំងពីរ​នាក់រ​បស់​គាត់ និង​កូនប្រសារ​។ ដោយសារតែ​កូនប្រសារ​របស់គាត់​ដែល​ត្រូវជា​ប្អូនស្រី​បង្កើត​របស់​ឈ្មោះ ថោង រដ្ឋា ដែល​បានដឹង​អំពី​រឿងរ៉ាវ​រកស៊ី​ទុច្ចរិត​របស់​ពួកគេ បើ​ឆ្លុះបញ្ចាំង​ជាក់ស្តែង​មាន​តួអង្គ​យាយ​អី​ផងដែរ​ប៉ុន្តែ​មិនមាន​ឈ្មោះ​យាយ​អី​ផងដែរ ប៉ុន្តែ​មិនមាន​ឈ្មោះ​យាយ​អី​ពាក់ព័ន្ធ​ឡើយ​នៅក្នុង​កម្មវត្ថុ​នៃ​សំណុំ​រឿងនេះ​។​
​ដូចនេះ​វា​ជាការ​រៀបចំ​ផែនការ​ដាក់ចេញ​នៅ​គម្រោងការ​នៅ​ចេតនា​ទុច្ចរិត​របស់​ពីរ​នាក់​ប្តី​ប្រពន្ធ​និង​មន្ត្រី​សមត្ថកិច្ច​ដែលមាន​ការពាក់ព័ន្ធ ដែល​បានទទួល​នូវ​ផលប្រយោជន៍​ពី​អង្គហេតុ​នេះហើយ​បានធ្វើការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​រឹងមាំ​សូម្បីតែ​បន្តិច​មកលើ​កូនប្រុស​របស់គាត់​ទាំងពីរ​នាក់​និង​កូនប្រសារ​។ អាស្រ័យ​ហេតុ​ដូច្នេះហើយ គាត់​និង​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ មូលមតិ​គ្នា​សម្រេចចិត្ត​ធ្វើការ​ស្នើសុំ​ទៅ​សម្ដេច ឲ្យ​មេត្តា​ពិនិត្យ​និង​ជួយ​អន្តរាគមន៍​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ផ្តល់​ភាព​ស្អាតស្អំ​និង​យុត្តិធម៌​ជូន​ឈ្មោះ តែម វាសនា តែម ស៊ីថុន និង​កូនស្រី អ៊ូ ស្រី​នី​ត ដើម្បី​ឲ្យ​គាត់​មាន​សេរីភាព​ពេញលេញ​រស់នៅ​ក្នុងសង្គម​ហើយ​អាចជួយ​សំរាល​កិច្ចការងារ​ស្រែចំការ​ដល់​ក្រុមគ្រួសារ​ក្នុង​ពេលនេះ​រូបគាត់​និង​ប្រពន្ធ​មាន​បញ្ហា​សុខភាព​ទាំង​ផ្លូវកាយ ផ្លូវចិត្ត និង​កម្លាំង​ទ្រុឌ​ទ្រម​មិនអាច​ធ្វើ​កិច្ចការងារ​ធ្ងន់ៗ​បាន​ដូច​មុន​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម