​ទុនវិនិយោគ​វិស័យ​សំណង់​ឆ្នាំ​២០១៩​ ជាង​៩​ពាន់​លាន​ដុល្លារ​កើនឡើង​ជាង​៧៨​ភាគរយ​

289
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩​និង​ទិសដៅ​ការងារ​ឆ្នាំ​២០២០ ​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​នៅ​ថ្ងៃទី​២៥​ធ្នូ​២០១៩​ បាន​បង្ហាញថា​៖​នៅ​ឆ្នាំ​២០១៩​នេះ ទិន្នន័យ​សំណង់​ទូទាំងប្រទេស​មាន​ចំនួន​៤៤៤៦​គម្រោង​ មាន​ផ្ទៃក្រឡា​កម្រាល​សំណង់​សរុប​ចំនួន ១៨.៥៤០.៨៧៩​ម៉ែត្រការ៉េ​។​

ក្នុងនោះ​តម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ​ប្រមាណ ៩.៣៥៣.៦៩៧.៤៧៥ ដុល្លារ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨​ដែលមាន​ចំនួន​២.៨៦៧​គម្រោង​ មាន​ផ្ទៃក្រឡា​កម្រាល​សំណង់​ចំនួន​ ១១.៤២៧.១៩០​ម៉ែត្រការ៉េ​។​តម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ​ប្រមាណ​៥.២២៨.៩៩២.៥២២​ដុល្លារ​ កើនឡើង​៧៨,៨៨​ភាគរយ​។​

​យោងតាម​របាយការណ៍​នេះ​គូសបញ្ជាក់ថា ​«​ក្នុងចំណោម​គម្រោង​វិនិយោគ​សរុប​ក្នុងនោះ​សមត្ថកិច្ច​ក្រសួង​មាន​ចំនួន​៤០៨​គម្រោង​ មាន​ផ្ទៃក្រឡា​សំណង់​ចំនួន​១៥​ម៉ឺន​ម៉ែត្រការ៉េ​ តម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ​ប្រមាណ​៨.៤៣៧.០៩៥.៧២២​ដុល្លារ​អាម៉េរិក​។​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨​មាន​ចំនួន​២៤៥​គម្រោង​មាន​ផ្ទៃក្រឡា​សំណង់​ជាង​១០​លាន​ម៉ែត្រការ៉េ​ដែលមាន​តម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ​ប្រមាណ​៤.៨២៩.១៧៣.៨៥៤​ដុល្លារ​អាម៉េរិក​គឺ​កើនឡើង​៧៤,៧១​ភាគរយ​។​

​សមត្ថកិច្ច​រដ្ឋបាល​រាជធានី​ខេត្ត​មាន​ចំនួន​៤.០៣៨​គម្រោង​មាន​ផ្ទៃក្រឡា​សំណង់​ចំនួន​ជាង​២​លាន​ម៉ែត្រការ៉េ​ មានតម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ​ប្រមាណ​៩១៦.៦០១.៧៥៣​ដុល្លារ​អាម៉េរិ​ក​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨​មាន​ចំនួន​២.៦២២​គម្រោង​មាន​ផ្ទៃក្រឡា​សំណង់​ជាង​១​លាន​ម៉ែត្រការ៉េ​។​មានតម្លៃ​ប៉ាន់ស្មាន​ទុន​វិ​ន​យោគ​ប្រមាណ​៩៩.៨១៨.៦៦៨​ដុល្លារ​អាម៉េរិក ​គឺមាន​ការកើនឡើង​ប្រមាណ​១២៩,២៥​ភាគរយ​»​។​

លោក ឡៅ​ទិព្វ​សីហា​ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ន​គន​រូបនីយកម្ម​និង​សំណង់​មានប្រសាសន៍ថា «​មូល​ហេតុដែល​ធ្វើឱ្យ​វិស័យ​សំណង់​មាន​កំណើន​រហូតដល់​៧៨​ភាគរយ​នេះ​គឺ​ដោយសារ​អ្នក​វិនិយោគិន​ក្នុងស្រុក​និង​ក្រៅ​ស្រុក​មាន​ជាអាទិ៍ អគារ​ពាណិជ្ជកម្ម​, សំណង់​សណ្ឋាគារ​, ភោជនីយដ្ឋាន​,​ផ្សារ​ទំនើប ក្លិប​កម្សាន្ត​ អគារ​ស្នាក់នៅ​រួម​អគារ​ខ្ពស់ៗ​។​ទីក្រុង​រណប​,​បុរី​លំនៅស្ថាន​និង​រោងចក្រ​កាត់ដេរ​និង​សម្លៀកបំពាក់​រួម​និង​សំណង់​មួយចំនួន​ផ្សេងទៀត​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​។​នេះ​គឺជា​កំណើន​ខ្ពស់​នៃ​វិស័យ​សំណង់​កម្ពុជា​យើង​»​។​

​លោក​រដ្ឋលេខាធិការ​បា​ន​ឱ្យដឹងទៀតថា ​«​ក្នុង​ឆ្នាំ​២០១៩​នេះ​មាន​ទុនវិនិយោគ​មកពី​បរទេស​ចំនួន​២៩​គម្រោង​មាន​ផ្ទៃក្រឡា​សំណង់​ជាង​៤​លាន​ម៉ែត្រការ៉េ​ហើយ​មានតម្លៃ​ទុនវិនិយោគ​ប្រហែល​២.៥២២​លាន​ដុល្លារ​អាម៉េរិក​មកពី​១៤​ប្រទេស​នៅលើ​ពិភពលោក​ ក្នុងនោះ​យើង​សង្កេតឃើញថា​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន​មាន​ចំនួន​ច្រើនជាងគេ​»​។​

​លោក​បន្តថា​ ស្របពេល​វិស័យ​សំណង់​មាន​កំណើន​បែបនេះ​គឺមាន​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់​និង​ក្រុមហ៊ុន​សាងសង់​បាន​ចុះបញ្ជី​នៅមាន​សុពលភាព​ប្រមាណ​១.០៨១​ក្រុមហ៊ុន​។​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ​វិស័យ​សំណង់​នៅតែ​ជា​ចន្ទល់​មួយ​ដ៏​រឹងមាំ​និង​នៅតែ​ជា​ផ្នែក​មួយ​សំខាន់​ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​និង​ជំរុញ​វិស័យ​សំណង់​របស់​យើង​ប្រកបដោយ​ភាពជោគជ័យ​។​សន្ទុះ​នៃ​ការវិនិយោគ​ក្នុង​វិស័យ​សំណង់​របស់​កម្ពុ​ជាន​បាន​រីកចម្រើន​និង​កើន​ឡើងជា​លំដាប់​។​

​ការរីកចម្រើន​ដែលមាន​សន្ទុះ​ខ្លាំងក្លា​បែបនេះ​ដោយសារតែ​ការដាក់ចេញ​នូវ​គោ​លន​យោ​យ​បាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ក្នុងការ​ថែរក្សា​សន្តិភាព​និង​កៀរគរ​អ្នកវិនិយោគ​គិ​ន​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក​ឱ្យមក​បណ្តាក់​ទុនវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។​បន្ថែម​ពីនេះ​មានការ​ចូលរួម​ពី​សំណាក់​ពី​វិស័យ​ឯកជន​នៅក្នុង​ការអនុវត្ត​ន៍វិស័យ​សំណង់​កម្ពុជា​៕S/Ha

​ចំណងជើង​រូបថត​៖​ទុនវិនិយោគ​វិស័យ​សំណង់​ឆ្នាំ​២០១៩​មាន​ជាង​៩​ពាន់​លាន​ដុល្លារ​កើនឡើង​ជាង​៧៨​ភាគរយ​(​រូបៈ​សុផល​)

ទីតាំងផ្សាយពាណិជ្ជកម្ម