ប៉ូលិស​ចាប់ខ្លួន​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ​និង​ដកហូត​ប្រមាណ​២០​គីឡូ​

344
ចែករម្លែក
ជនសង្ស័យ​និង​គ្រឿ​ញៀន​ចំនួន ២០​ដុំ​ធំ ទម្ងន់​ប្រមាណ ២០ គីឡូក្រាម​

ដោយៈ មុនី​រ័ត្ន​/ ​ភ្នំពេញៈ ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​បាន​ចាប់ខ្លួន​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ពី​ថៃ​ចូលមក​កម្ពុជា ឆ្លងកាត់​តាម​ច្រក​អានសេះ និង​ដកហូត​គ្រឿងញៀន​ប្រមាណ ២០​គីឡូក្រាម​។ ប្រតិបត្តិ​ការបង្ក្រាប​នេះ បានធ្វើ​ឡើង​នៅ​ចំណុច​ដំណាក់​សេ​មាន់ ភូមិ​អានសេះ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ កាលពី​រសៀល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៩​។


​ប្រតិបត្តិ​ការបង្ក្រាប​នេះ គឺ​អនុវត្តតាម​បញ្ជា​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បញ្ជា​កម្លាំងជំនាញ​មួយក្រុម ចុះ​ស្រាវជ្រាវ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន នៅ​ភូមិសាស្ត្រ​ខេត្តព្រះវិហារ ។​


​មន្ត្រីជាន់ខ្ពស់​អគ្គស្នងកា​រ​នគរបាលជាតិ បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​ព្រលប់​ថ្ងៃទី​២៥ ខែធ្នូ​ថា កាលពី​ថ្ងៃទី​២៥ ខែធ្នូ វេលា​ម៉ោង ២:២២ រសៀល កម្លាំង​ជំនាញ (​ក​១) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ិន សុង នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​លោក​ជា សំអឿន នាយរង​ការិយាល័យ ក​១ ចូលរួម​សហការ​ពី​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ សម្របសម្រួល​ដោយ​ពី​លោក ទី សុវិនថាល់ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែនពី​ថៃ​មក​កម្ពុជា​ឆ្លងកាត់​តាម​ច្រក​អានសេះ នៅ​ចំណុច ដំណាក់​សេ​មាន់ ភូមិ​អានសេះ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ។​

ប្រភព​ដដែល​បាន​បន្តថា លទ្ធផល​នៃ​ការបង្ក្រាប គឺ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់​ឈ្មោះ ពិន និស្សា ហៅ​ខូច ជនជាតិខ្មែរ អាយុ​២៤​ឆ្នាំ​។ រឹបអូស​វត្ថុតាង សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ចំនួន ២០​ដុំ​ធំ ស្មើ​ទម្ងន់​ប្រមាណ ២០ គីឡូក្រាម ។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង បាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ដើម្បី​កសាងសំណុំរឿង​បន្តទៅ​តុលាការ​តាម​នីតិវិធី ៕សរន/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម