​ក្រសួង​ដែនដី​ពង្រឹង​យន្តការ​ដោះស្រាយ​វិវាទ​កាត់បន្ថយ​ជម្លោះ​បញ្ហាដីធ្លី​នៅ​កម្ពុជា​

357
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្នុង​គោលបំណង​កាត់បន្ថយ​ជម្លោះ​បញ្ហាដីធ្លី​នៅ​កម្ពុជា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាននិងកំពុង​បង្កើន​ការខិតខំ​ព្យាយាម​ដោះស្រាយ​ជម្លោះដីធ្លី​នៅ​ទូទាំងប្រទេស​។​

​ថ្លែង​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩​និង​ទិសដៅ​ការងារ​ឆ្នាំ​២០២០​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​នៅ​ថ្ងៃទី​២៥​ធ្នូ​ឆ្នាំ​២០១៩​នា​សណ្ឋាគារ​សុខា​លោក​ឧបនាយករដ្ឋមន្ត្រី​ជា​សុផារ៉ា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយ៍កម្ម​និង​សំណង់​មានប្រសាសន៍ថា​«​ក្រសួង​បាន​ពង្រឹង​យន្តការ​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​គ្រប់ភាគី​ពាក់ព័ន្ធ​ឲ្យ​បាន​លឿន​និង​ឱ្យបាន​ច្រើនជាង​មុន​ដើម្បី​ធានា​ឱ្យ​ប្រជាពលរដ្ឋ​បាន​កាន់កាប់​ដីធ្លី​របស់ខ្លួន​ប្រកបដោយ​ភាពស្របច្បាប់​និង​កាត់បន្ថយ​ជម្លោះ​បញ្ហាដីធ្លី​នៅ​កម្ពុជា​»​។​

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​លើកឡើងថា​៖​ក្រសួង​បាន​ខិតខំ​ដោះស្រាយ​វិវាទ​ដីធ្លី​គ្រប់​រូបភាព​ដោយ​ប្រើប្រាស់​យន្តការ​គណៈកម្មកា​រ​សូ​រិ​យោ​ដី​ក្រុមការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ក្រសួង​ក្រុមការងារ​ដោះស្រាយ​វិវាទ​ចល័ត​និង​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​ធ្វើ​ឲ្យ​ចំនួន​វិវាទ​និង​ការប្ដឹងតវ៉ា​ថយចុះ​ធានាបាន​នូវ​យុត្តិធម៌​និង​ភាពសុខដុមរមនា​នៅក្នុង​សង្គម ។​

​លោក​ថេ​ង​ច័ន្ទ​សង្វារ​រដ្ឋលេខាធិការ​នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយ៍កម្ម​និង​សំណង់​បានឱ្យដឹងថា​៖​ការដោះស្រាយ​វិវាទ​ដីធ្លី​ក្នុង​យន្តការ​គណៈកម្មការ​សុរិយោដី​ទទួល​ពាក្យបណ្តឹង​ចំនួន​២៩០​ករណី​(​ទទួល​ពី​គណៈកម្មការ​រដ្ឋបាល​ចំនួន​២៣៨​ករណី​)​អនុវត្តបាន​ចំនួន​២៩៤​ករណី​។​ក្នុងនោះ​ដោះស្រាយ​បញ្ចប់​ចំនួន​១៦៩​ករណី​មាន​៧២៣​គ្រួសារ​ស្មើនឹង​ផ្ទៃដី​ទំហំ​១៣០,៥១​ហិកតា​ច្រានចោល​ពាក្យបណ្តឹង​បន្ទាប់ពី​ស៊ើបអង្កេត​ឃើញថា​ខុស​សមត្ថកិច្ច​ចំនួន​៩៥​ករណី និង​សុំ​ដក​ពាក្យបណ្តឹង​ចំនួន​៣០​ករណី​។

​លទ្ធផល​នេះ​ក្រុម​ដោះស្រាយ​វិវាទ​ដីធ្លី​ចល័ត​ក្រុង​ស្រុក​ខណ្ឌ ដោះស្រាយ​បញ្ចប់​ចំនួន​១៤១​ករណី ច្រានចោល​ចំនួន​៨៩​ករណី​ដក​ពាក្យ​ចំនួន​២២​ករណី​និង​បញ្ជូនទៅ​គណៈកម្មការ​សុរិយោដី​ថ្នាក់​ខេត្ត​ចំនួន​៤១​ករណី​។​ចំណែក​គណៈកម្មការ​សុរិយោដី​ក្រុង​ស្រុក​ខណ្ឌ​សរុប​លទ្ធផល​ពី​ពេល​ចាប់ផ្តើម​អនុវត្ត​ពី​ឆ្នាំ​២០០៣​រហូតដល់​ខែវិច្ឆិកា​ឆ្នាំ​២០១៩​បានទទួល​ពាក្យបណ្តឹង​ចំនួន​៨៦៤៣​ករណី​។​

​ដោះស្រាយ​ប​ពា្ច​ប់​ដោយ​គណៈកម្មការ​សុរិយោដី​ទាំង​៣​ថ្នាក់​ចំនួន​៤១៣៦​ករណី​ច្រានចោល​ពាក្យបណ្តឹង​បន្ទាប់ពី​ស៊ើបអង្កេត​ឃើញថា​ខុស​សមត្ថកិច្ច​ចំនួន​២៨២០​ករណី​សុំ​ដក​ពាក្យបណ្តឹង​ចំនួន​៩០៨​ករណី​និង​កំពុង​ដោះស្រាយ​ចំនួន​៧៧៩​ករណី​។​លទ្ធផល​នេះ​ក្រុម​ដោះស្រាយ​វិវាទ​ដីធ្លី​ចល័ត​ក្រុង​ស្រុក​ខណ្ឌ​អនុវត្តបាន​ចំនួន​៣៦២៦​ករណី​ដោយ​ដោះស្រាយ​បញ្ចប់​ចំនួន​១៨៥១​ករណី​ច្រានចោល​ចំនួន​១.០០៤​ករណី​ដក​ពាក្យ​ចំនួន​៤៤៩​ករណី​និង​បញ្ជូនទៅ​គណៈកម្មការ​សុរិយោដី​ថ្នាក់​ខេត្ត​ចំនួន​៣២២​ករណី​។​

​ចាប់ពី​ឆ្នាំ​២០០៥ រហូតដល់​ខែវិច្ឆិកា ឆ្នាំ​២០១៩ គណៈកម្មការ​សុរិយោដី​បានបញ្ចប់​វិវាទ​ពាក់ព័ន្ធ​នឹង ២១៧២៥​គ្រួសារ​ស្មើនឹង​ផ្ទៃដី​ចំនួន​៦.៤៥០,៣៧​ហិកតា​។​ការដោះស្រាយ​វិវាទ​ដីធ្លី​ដោយ​ក្រុមការងារ​ក្រសួង​ទទួល​ពាក្យបណ្តឹង​ចំនួន​៨១៧​ករណី​។​ដោះស្រាយ​សរុប​បាន​ចំនួន​១០៥​ករណី​ក្នុងនោះ​ដោះស្រាយ​បញ្ចប់​ចំនួន​៨១​ករណី​និង​ធ្វើលិខិត​ឆ្លើយតប​ទៅ​ម្ចាស់​បណ្តឹង​ឬ​បង្វែរ​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចំនួន​២៤​ករណី​។​លទ្ធផល​សរុប​គិត​ចាប់ពី​ខែមេសា​ឆ្នាំ​២០១៦​ដល់​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ក្រសួង​បានទទួល​ករណី​វិវាទ​ចំនួន​២០៣៤​ករណី​ដោះស្រាយបាន​ចំនួន​៤៧៤​ករណី​។​

​ក្នុងនោះ​បានបញ្ចប់​ជា​ស្ថាពរ​ចំនួន​២០៨​ករណី​ធ្វើលិខិត​ឆ្លើយតប​ទៅ​ម្ចាស់​បណ្តឹង​និង​បង្វែរ​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចំនួន​២៦៦​ករណី​និង​កំពុង​ដោះស្រាយ​១.៥៦០​ករណី​។​រីឯ​លទ្ធផល​ការដោះស្រាយ​របស់​អាជ្ញាធ​រ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​ទទួល​ពាក្យបណ្តឹង​ចំនួន​៨១​ករណី​ដោះស្រាយ​បញ្ចប់​ចំនួន​២​ករណី​បង្វែរ​ទៅ​ម្ចាស់​បណ្តឹង​ចំនួន​២​ករណី​។​សរុប​ចាប់ពី​ដំណើរការ​រហូតដល់​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ទទួលបាន​ចំនួន​១៨៩៦​ករណី​ដោះស្រាយ​សរុប​បាន​ចំនួន​១.៧៦៦​ករណី​បង្វែរ​ទៅ​ម្ចាស់​បណ្តឹង​ចំនួន​២​ករណី​និង​កំពុង​ដោះស្រាយ​ចំនួន​១២៨​ករណី​៕S/

​ចំណងជើង​រូបថត​៖​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩​និង​ទិសដៅ​ការងារ​ឆ្នាំ​២០២០​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ នៅ​ថ្ងៃទី​២៥​ធ្នូ ឆ្នាំ​២០១៩ នា​សណ្ឋាគារ​សុខា​

ទីតាំងផ្សាយពាណិជ្ជកម្ម