ព្យុះ​វាយប្រហារ​ហ្វីលីពីន​កណ្តាល​សម្លាប់​មនុស្ស​១០​នាក់​

262
ចែករម្លែក

​ព្យុះ​ទី​ហ្វុង​មួយឈ្មោះ ផាន​ហ្វូន​( Phanfone)​បាន​វាយប្រហារ​ហ្វីលីពីន​កណ្តាល​ចំ​ថ្ងៃ​បុណ្យ​ណូអែល​ទី​២៥​ធ្នូ ដោយ​ខ្យល់​ដ៏​ខ្លាំង​របស់​វា​បាន​បំផ្លាញ​ផ្ទះ​និង​ការផ្តាច់​ចរន្តអគ្គិសនី​ព្រមទាំង​នាំមក​ទឹកភ្លៀង​ដែល​​បង្ក​ទឹកជំនន់​ជន់​លិច​ភូមិ​នានា​។​

​យ៉ាងហោច​ណាស់​មនុស្ស​១០​នាក់​បាន​បាត់បង់​ជីវិត​ក្នុង​ឧបទ្ទវហេតុ​នានា​ពាក់ព័ន្ធ​នឹង​ព្យុះ ដោយ​ជនរងគ្រោះ​ម្នាក់​ស្លាប់​នៅក្នុង​ខេត្ត​ឡេយ​តេ និង​៨​នាក់​នៅក្នុង​ខេត្ត​អ៊ី​ឡយ​ឡូ និង​ខេត្ត​កា​ពី​ហ្ស៍​។​

​មនុស្ស​៦​នាក់​ទៀត​បាត់​ខ្លួន​នៅក្នុង​ខេត្ត​អ៊ី​ឡយ​ឡូ​។​

បង្គោល​ភ្លើង​ដួល​ដោយ​សារ​ព្យុះ​ផាន​ហ្វូន នៅក្នុង​ខេត្ត​ឡេយ​តេ កាលពី​ថ្ងៃ​២៥​ធ្នូ

​មនុស្ស​ជាង​១៦.០០០​នាក់​បាន​ចំណាយ​ពេល​យប់​នៅ​មណ្ឌល​ជម្លៀស​នៅពេល​ព្យុះ​វាយបំផ្លាញ​ទ្រព្យសម្បត្តិ ហែក​ដំបូលផ្ទះ សាលារៀន អាគារ​ពាណិជ្ជកម្ម​និង​រដ្ឋាភិបាល និង​រំលំ​ដើមឈើ​និង​បង្គោល​ភ្លើង​កាលពី​​ថ្ងៃ​អង្គារ​។​

អ្នកស្រុក​នៅ​ក្នុង​មណ្ឌល​ជម្លៀស​កាលពី​ថ្ងៃ​២៤​ធ្នូ នៅពេល​ព្យុះ​ចាប់ផ្តើម​ចូល​មក​ដល់​ហ្វីលីពីន​

​ក្នុងពេល​ជាមួយគ្នា មនុស្ស​រាប់ពាន់​នាក់​ទៀ​ត​ដែល​បាន​ព្យាយាម​ទៅ​ដល់​ផ្ទះ​ដើម្បី​អបអរ​បុណ្យ​គ្រី​សម៉ាស​(​ណូអែល​)​ជាមួយ​ក្រុម​គ្រួសារ​ឬ​មិត្ត​ភ័ក្តិ​នោះ បាន​ជាប់​ដំណើរ​នៅតាម​កំពង់ផែ​ក្នុង​តំបន់​បន្ទាប់ពី​អា​​ជ្ញាធរ​បិទ​សេវា​នាវាចម្លង​តាំងពី​ថ្ងៃច​ន្ទ​។​

​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​បាន​លុបចោល​ជើងហោះហើរ​៤០​ទៅ​កាន់​ទីក្រុង​វី​សា​យ៉ាស តែ​អាកាសយានដ្ឋាន​អន្តរជាតិ នី​ណ​យ អាគីណូ​នៅ​ក្រុងម៉ានីល​នៅ​មមាញឹក​ទទួល​ជើងហោះហើរ​ចូល​និង​ចេញ​​ទៅកាន់​ផ្នែក​ផ្សេងៗ​នៃ​ប្រទេស​ដែល​មិន​រង​ផល​ប៉ះពាល់​ដោយ​ព្យុះ​។​

​គិត​ត្រឹម​ថ្ងៃ​ពុធ ព្យុះ​នេះ​បាន​វាយប្រហារ​តំបន់​ដីគោក​ចំនួន​៧​និង​ត្រូវ​រំពឹង​ថា​វា​នឹង​ស្ថិត​នៅលើ​សមុទ្រ​ហ្វីលីពីន​ខាង​លិច​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​មុន​ចុះ​កម្លាំង​ក្លាយជា​ព្យុះ​ត្រូពិ​ក​មួយ​នៅ​ថ្ងៃសៅរ៍​៕​ប្រែ​សម្រួល​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម