ត្រពាំង​បុរាណ​ចំនួន​៨​នៅ​ស្រុក​ពួក ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា​អនុញ្ញាតឱ្យ​ស្ដារ ដើម្បី​រក្សា​ទឹក​ទុក​ប្រើប្រាស់​នា​រដូវប្រាំង​

304
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: អាជ្ញាធរ​ជាតិ​អប្សរា​អនុញ្ញាតឱ្យ​ស្ដារ​ត្រពាំង​បុរាណ​ចំនួន​៨ នៅ​ស្រុក​ពួក​ដើម្បី​រក្សា​ទឹក​ទុក​ប្រើប្រាស់​រដូវប្រាំង​ខាងមុខ​។ នេះ​បើតាម​ការ​ដោយ​ដឹង​ពី អាជ្ញាធរ​ជាតិ​អប្សរា នា​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៩​នេះ​។​

​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា ត្រពាំង​បុរាណ​ចំនួន​៨​កន្លែង ដែល​ស្ថិតនៅ​ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប ស្ថិតក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ត្រូវបាន​អនុញ្ញាតឱ្យ​ស្ដារឡើងវិញ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នកភូមិ​សម្រាប់​រក្សា​ទឹក​ទុក​ប្រើប្រាស់​នា​រដូវប្រាំង ក៏ដូចជា​ដើម្បី​ប្រយោជន៍​សហគមន៍​ទាំងមូល​។

​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា ត្រពាំង​បុរាណ​ចំនួន​៨​កន្លែង ដែល​នឹងធ្វើ​ការស្ដារ​ឡើងវិញ ត្រូវបាន​នាយកដ្ឋាន​ជំនាញ​ចុះ​វាយតម្លៃ​រួចហើយ និង​យល់ថា​គួរ​អនុញ្ញាត​បាន ប៉ុន្តែ​ការស្ដារ​នេះ​គួរ​ជៀសវាង​ស្ដារ​យកទៅ​ធ្វើ​អាជីវកម្ម ឬ​កេងចំណេញ​ផលប្រយោជន៍​ណាមួយ​។​

​អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​បញ្ជាក់ទៀតថា ជាគោលការណ៍​គឺ​អាជ្ញាធរ​ជាតិ​អប្សរា តែង​សហការ​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន​នានា​ដែលមាន​បំណង​ស្ដារ​ត្រពាំង​បុរាណ​នានា ក្នុង​បំណង​រក្សា​ត្រពាំង​ឱ្យនៅ​គង់វង្ស​ផង ជៀសវាង​ការយក​ទីតាំង​នោះ ទៅប្រើ​ប្រាស់​អ្វី​ផ្សេង ឬ​ចាក់ដី​លុប​តែម្ដង​ពេល​វា​កាន់តែ​រាក់​។ បន្ថែម​ពីនេះ វា​ក៏​ជា​កិច្ចការងារ​ថែរក្សា និង​អភិរក្ស​នូវ​ត្រពាំង​បុរាណ ដែល​នៅ​សេសសល់​ជៀសវាង​មាន​ជនខិលខូច​លួច​បន្លំ​យក​ធ្វើ​កម្មសិទ្ធិឯកជន នៅពេល​ត្រពាំង​បុរាណ​ទាំងនេះ​មិនមាន​ទឹក​។​

​ត្រពាំង​ទាំង​៨​កន្លែង ដែល​ត្រូវបាន អនុញ្ញាតឱ្យ​ស្ដារ រួមមាន ទី​១.​ត្រពាំង​កក់​, ទី​២.​ត្រពាំង​ល្បើក​, ទី​៣.​ត្រពាំង​វ៉េង​, ទី​៤.​ត្រពាំង​តា​ស្នេហ៍​, ទី​៥.​ត្រពាំង​គក់​, ទី​៦.​ត្រពាំង​ទ្រាស​, ទី​៧.​ត្រពាំង​ប្រ​នេត្រ​, និង​ទី​៨ ត្រពាំង​ឈ​ក​ស្នាយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម