ប្លន់​ធនាគារ​បាន បាច​លុយ​ឡើងលើ​ហើយ​ស្រែកថា “​រីករាយ​បុណ្យ​ណូអែល​!”

406
ចែករម្លែក

បុរស​ម្នាក់​ដែលមាន​ពុកមាត់ពុកចង្កា​ស្កូវ ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ពីបទ​ប្លន់​ធនាគារ​មួយកន្លែង ស្ថិតក្នុង​រដ្ឋ​ខូ​ឡូ​រ៉ា​ដូ (Colorado) សហរដ្ឋ​អាម៉េរិក ហើយ​បាច​លុយ​ទាំងនោះ​ឡើងលើ​ដោយ ស្រែកថា “Merry Christmas” (​រីករាយ​បុណ្យ​ណូអែល​) នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់ ប៉ូលិស និង​ការចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​កាលពី​ថ្ងៃ​អង្គារ ទី​២៤ ខែធ្នូ​។

​យោងតាម​របាយការណ៍​ប៉ូលិស​បង្ហាញថា ជនសង្ស័យ​ដែលមាន​ឈ្មោះថា ដេវីដ វ៉េ​ន អូ​លី​វើ (David Wayne Oliver) វ័យ ៦៥ ឆ្នាំ​ត្រូវបាន​ឃាត់ខ្លួន​នៅ​ហាង​កាហ្វេ Starbucks មួយកន្លែង ក្បែរ​នោះ បន្ទាប់ពី​ធ្វើ​សកម្មភាព​ប្លន់​ធនាគារ Academy Bank ក្នុង​ទីក្រុង​ខូ​ឡូ​រ៉ា​ដូ ស្ព្រី​ង​ស៍ (Colorado Springs) កាលពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​២៣ ខែធ្នូ​។​

​ប៉ូលិស​និយាយថា ជនសង្ស័យ​បាន​គំរាម​ប្រើ​អាវុធ​ក្នុង​សកម្មភាព​ប្លន់​នេះ មុនពេល​ចាកចេញ ពី​ធនាគារ​ដោយ​យកលុយ​មួយចំនួន​ដែល​គ្មាន​ការបញ្ជាក់​។​

​ភ្លាមៗ អ្នកនាំពាក្យ​ប៉ូលិស​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បានទេ​ជុំវិញ​ករណីនេះ ប៉ុន្តែ​ស្ថានីយ ទូរទស្សន៍ KKTV ផ្សាយ​ថា សាក្សី​ម្នាក់​រៀបរាប់ថា ជនសង្ស័យ​បាន​ដើរ​ចេញពី​ធនាគារ​ហើយ បាច​លុយ​ឡើងលើ​រាយប៉ាយ​ពេញ​ហ្នឹង​។

​សាក្សី​ដដែល​និយាយទៀតថា ជនសង្ស័យ​បាន​បាច​លុយ ហើយ​ស្រែកថា “Merry Christmas”​។

​ទូរទស្សន៍​ដដែល​បាន​ផ្សាយ​ថា មនុស្សម្នា​ដែល​នៅក្បែរនោះ​រើស​បាន​លុយ​មួយចំនួន​ហើយប្រគល់​ឱ្យទៅ​ធនាគារ​វិញ ខណៈ​ជនសង្ស័យ​ដើរទៅ​កាន់​ហាង​កាហ្វេ Starbucks ហើយ​អង្គុយចុះ​ដែល​ហាក់​ចាំ​ឱ្យ​ប៉ូលិស​មក​ចាប់ខ្លួន​។

​កំណត់ត្រា​ពន្ធនាគារ​ប​ង្ហា​ញ​ថា ពេលនេះ​ជនសង្ស័យ​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ក្នុង​សង្កាត់​អែល ផា​សូ (El Paso) ហើយនឹង​ត្រូវ​ចូលខ្លួន​ទៅ​តុលាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែធ្នូ ដើម្បី​ស្ដាប់​ការ ជំនុំជម្រះ​ទោស ៕ ប្រែ​សម្រួលៈ​ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម