៧​នាក់​ស្លាប់​ក្នុង​ការវាយប្រហារ​ដោយ​ពួក​ជី​ហាត​នៅ​មួយ​ថ្ងៃមុន​ណូអែល​

283
ចែករម្លែក

​ពួក​សកម្មប្រយុទ្ធ​អ៊ីស្លាម​មក​ពី​ក្រុម បូកូ ហា​រ៉ា​ម​បាន​សម្លាប់​មនុស្ស​៧​នាក់​នៅ​មួយ​ថ្ងៃមុន​បុណ្យ​ណូអែល នៅ​ក្នុងការ​ឆ្មក់​វាយប្រហារ​ចូល​ភូមិ​អ្នក​កាន់​សាសនា​​គ្រិស្ត​មួយ​នៅ​ជិត​ទីប្រជុំជន​ជីបុក​ក្នុង​រដ្ឋ​ប័រ​ណូ ភាគ​ឦសាន​ប្រទេស​នី​ហ្សរី​យ៉ា​, នេះ​បើ​តាម​កងជីវពល​និង​អ្នកស្រុក​បាន​ប្រាប់​សារព័ត៌មាន​បារាំង​កាលពី​ថ្ងៃ​ពុធ​​ទី​២៥​ធ្នូ​។​

​ពួក​យុទ្ធជន​សកម្មប្រយុទ្ធ​រាប់សិប​នាក់​ជិះ​នៅ​ក្នុង​រថយន្ត​មួយ​បាំង​កន្លះ​និង​លើ​ម៉ូតូ​បាន​សំរុកចូល​ភូមិ​ក្វា​រ៉ង់​ហ្គូ​លូ​ម កាលពី​យប់​ថ្ងៃ​អង្គារ ដោយ​បាញ់​ពួក​អ្នកស្រុក​​ដែល​រត់គេច​ខ្លួន​និង​ដុត​ផ្ទះ ក្រោយ​លួច​យក​របស់របរ​និង​ស្បៀង​។​

​បូកូ ហា​រ៉ា​ម​និង ក្រុម​ISWAP​របស់​វា​បាន​បង្កើន​ការវាយប្រហារ​លើ​យោធា​និង​ជន​ស៊ីវិល​នៅ​ពេល​ថ្មីៗ​នេះ​។​

​កាលពី​ខែ​មេសា ក្រុម​បូកូ ហា​រ៉ា​ម នេះ​ក៏​បាន​សំរុកចូល​លួច​ស្បៀងអាហារ និង​ដុត​ភូមិ​ក្វា​រ៉ង់​ហ្គូ​លូ​ម​ទាំងមូល តែ​ពេល​នោះ​អ្នកស្រុក​បាន​ភៀសខ្លួន​ចេញផុត​មុន​​ពួក​ជី​ហាត​មកដល់​ដោយ​សារ​មាន​ការផ្តល់​ព័ត៌មាន​សម្ងាត់​។​

​ពួក បូកូ ហា​រ៉ា​ម​កាលពី​ឆ្នាំ​២០១៤ ក៏​បាន​ចាប់ពង្រត់​ក្មេងស្រី​សិស្សសាលា​២៧៦​នាក់ ជាហេតុ​នាំ​អោយ​មាន​ការ​ថ្កោលទោស​និង​ចាប់អារម្មណ៍​ជា​អន្តរជាតិ​ចំពោះ​​អំពើ​ព្រៃផ្សៃ​របស់​ក្រុម​នេះ​។​

​ទាហាន​ត្រូវបាន​ដាក់​អោយ​ឈរជើង​នៅ​តំបន់​ជីបុក​ចាប់តាំងពី​មាន​ហេតុការណ៍​ចាប់ពង្រត់​ក្មេងស្រី​សិស្សសាលា​។​

​ជម្លោះ​ចំណាស់​១​ទសវត្សរ៍​នៅ​តំបន់​នេះ​បាន​សម្លាប់​មនុស្ស​៣៦.០០០​នាក់​និង​បង្ខំ​អោយ​មនុស្ស​ប្រមាណ​២​លាន​នាក់​ចាកចោល​ផ្ទះ​សម្បែង​របស់​គេ​នៅ​ភាគ​​ឦសាន​ប្រទេស​។​អំពើហិង្សា​បាន​រាលដាល​ទៅ​ដល់​ប្រទេស​នី​ហ្សេ ឆាត​និង​កា​មេ​រូ​ន ក្បែរ​ខាង ជាហេតុ​នាំ​អោយ​មាន​ការ​បង្កើត​ក្រុម​យោធា​ចម្រុះ​ប្រចាំ​តំបន់​​សំរាប់​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ជី​ហាត​ជាច្រើន​៕​ដោយ​៖​វាសនា​

ទាហាន​ឈរជើង​នៅ​តំបន់​ឦសាន​របស់​នី​ហ្សេ​រី​យ៉ា​បាន​ប្រយុទ្ធប្រឆាំង​នឹង​ពួក​បូកូ ហា​រ៉ា​ម អស់​ពេល​១​ទសវត្សរ៍​មក​ហើយ​

ទីតាំងផ្សាយពាណិជ្ជកម្ម