អ្នកគោកត្របែករំភើបរីករាយ ​ទទួល​​​​​​​​​​បានសាលាកបត្រ ព័ត៌មានដី​អាស្រ័យផល

219
ចែករម្លែក

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំកាលពីថ្ងៃទី25ខែធ្នូនេះ រួមជាមួយ អភិបាលអភិបាលខេត្តកំពង់ធំ បានចុះទៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ដើម្បីចែកសាលាកប័ត្រព័ត៌មានជូនប្រជាពលរដ្ឋដែលអាស្រ័យផលដីនៅតំបន់៣ មានចំនួន ១២៤គ្រួសារ។

ចំពោះដីអាស្រ័យផលនៅតំបន់៣នេះ ក្រុមការងារជំនាញបានចុះបំពេញសាលាកប័ត្របានចំនួន ១២៤គ្រួសារ ដែលមានផ្ទៃដីសរុបជាង១៣១ហិកតា គិតជាក្បាលដីចំនួន ១៣៣ក្បាលដី ក្នុងនោះប្រជាពលរដ្ឋដែលមានក្បាលដី២ប្លង់ មានចំនួន៧គ្រួសារ និងមានក្បាលដី៤ប្លង់ មានចំនួន១គ្រួសារ។ ការចុះធ្វើសាលាកប័ត្រនេះ គឺក្រុមការងារចុះធ្វើតែលើទីតាំងដែលប្រជាពលរដ្ឋអាស្រ័យផលជាក់ស្តែងតែប៉ុណ្ណោះ ហើយក្នុង១គ្រួសារ មិនលើសពី៥ហិកតា។

លោក ថោង ខុន បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលទទួលបានសាលាកប័ត្រព័ត៌មាននេះ និងប្រជាពលរដ្ឋទូទៅ៖

  • ហាមទិញ ឬលក់ដូរដីនៅតំបន់៣នេះ ព្រោះជាដីអាស្រ័យផល
  • សូមកុំកាប់ទន្ទ្រានដីព្រៃ និងដីនៅតំបន់ហាមឃាត់។
  • សូមកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ពិសេសការឆក់ត្រី។
  • សូមចូលរួមថែរក្សា និងការពារធនធានធម្មជាតិ ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយៗទៀត។
  • សូមអាជ្ញាធរខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បង្កលក្ខណៈដល់ការបង្កបង្កើនផល និងអាស្រ័យផលរបស់ប្រជាពលរដ្ឋមូលដ្ឋាន។
  • សូមចូលរួមថែរក្សារាល់សមិទ្ធផលទាំងឡាយនៅភូមិគោកត្របែក ដែលជាអំណោយដ៏ថ្ងៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសប្បុរសជននានា
  • មានជំនឿជឿជាក់ កក់ក្តៅ និងទុកចិត្តមកលើរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្នុងការបន្តដឹកនាំ និងកសាងប្រទេសជាតិឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព និងអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

ប្រជាពលដ្ឋមានសេចក្តីរីករាយក្រៃលែង និងសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រុមការងារថ្នាក់ជាតិ រដ្ឋបាលខេត្ត ស្រុក ឃុំ និងភូមិ ដែលបានយកចិត្តទុកដាក់គិតគូរដល់ការបង្កបង្កើនផល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

លោករដ្ឋមន្ត្រីនិងចៅហ្វាយខេត្តក៏បានចែកជានិម្មិត្តរូបនូវសាលាកប័ត្រព័ត៌មានដីអាស្រ័យផលជូនប្រជាពលដ្ឋ និងចែកអំណោយជូនប្រជាពលដ្ឋចូលរួមប្រមាណ ៣០០នាក់ ដោយក្នុង ០១នាក់ ទទួលបាន សារ៉ុង ០១ ថវិកា ០២មុឺនរៀល និងថ្នាំពេទ្យ TIFFY ០៣បន្ទះ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម