រមណីយដ្ឋានឆ្នេរឋានសួគ៌ជា​ចំណែក​សំខាន់ក្នុងការពង្រឹងគុណ​ភាពលើវិស័យទេចរណ៍

497
ចែករម្លែក

ដោយ:បូកគោ/កំពត ៖ ដោយទើបតែមានអាយុកាលប្រហែលប្រាំពីរខែ រមណីយដ្ឋានឆ្នេរឋានសួគ៌ស្ថិតនៅប្របមាត់ព្រែកកំចាយនាទឹកដីភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពតនឹងក្លាយជាចំណែកសំខាន់ក្នុងការពង្រីក និងពង្រឹងគុណភាពនៃវិស័យទេសចរណ៍កាន់តែប្រសើរឡើង។

លោកសាម៉ុន ម្ចាស់រមណីយដ្ឋានឆ្នេរឋានសួគ៌បានរៀបរាប់ថាកន្លែងកម្សាន្តរបស់លោកទើបតែបើកដំណើរការបានប្រហែលប្រាំមួយខែប៉ុណ្ណោះ ពោលគឺចាប់ពីក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ទោះបីទើបមានអាយុកាលនៅថ្មីក៏ដោយ តែភ្ញៀវដែលមកលម្ហែសប្បាយ និងសម្រាកកម្សាន្តគឺពួកគាត់មានការពេញចិត្តជាមួយម្លប់ឈើត្រឈឹងត្រឈៃដោយលោកបានថែរក្សាតាំងពីយូរមកហើយ។

ម្ចាស់រមណីយដ្ឋានបានបន្តថា នៅទីនេះលោកមានដីទំហំមួយហិកតាកន្លះ ហើយសមិទ្ធផល​ដែលបង្កើតបាន រួមមាន អាងហែលទឹកបំពាក់ដោយឧបករណ៍សម្រូតសម្រាប់កុមារលេងកម្សាន្ត បន្ទប់ទឹកជាច្រើនបន្ទប់ដាច់ដោយឡែកពីគ្នាដើម្បីឱ្យបុរសស្ត្រីប្រើប្រាស់ ងូតទឹក ឬផ្លាស់សម្លៀកបំពាក់។ ចំណែកនៅមាត់ទឹកមានកីឡាជាច្រើនជម្រើស ដូចជា ត្រាក់ទ័រទឹក ទូកកៃយ៉ាក់អុំកម្សាន្ត និងផ្ទាំងស្លាយសម្រាប់មនុស្យគ្រប់វ័យសម្រូតចុះក្នុងទឹក។

បញ្ហាសន្តិសុខសុវត្ថិភាពជាកត្តាចម្បង ដោយលោកមានឆ្មាំបីនាក់នៅក្នុងព្រែកសម្រាប់ល្បាត និងឃ្លាំមើលភ្ញៀវ ហើយបន្ថែមពីរនាក់ទៀតពេលមានបុណ្យទាន។ រីឯកន្លែងអាងកុមារលេងទឹកក៏មានអ្នកឃ្លាំមើលជាប្រចាំផងដែរ។ លោក សាម៉ុន បានបញ្ជាក់ថាមក​ដល់ពេលនេះ កន្លែងរបស់លោកប្រើប្រាស់បុគ្គលិក១៧នាក់ ប៉ុន្តែថ្ងៃបុណ្យត្រូវបន្ថែម​១០នាក់ទៀត។ តទៅលោកនឹងពង្រីកសេវាកម្មកាន់តែធំទូលាយដើម្បីឱ្យស្របនឹងបរិមាណភ្ញៀវ ពិសេសរដូវកាលបុណ្យទានម្តងៗ ព្រមទាំងផ្តល់ការងារបន្ថែមជូនកូនចៅអ្នកស្រុកមានឱកាសរកប្រាក់ចំណូលសម្រាប់គ្រួសារ។ គោលការណ៍សំខាន់ ឆ្នេរឋាន​សួគ៌​ផ្តោតជាចម្បងលើបញ្ហអនាម័យ ក៏ដូចជាសណ្តាប់ធ្នាប់ ស្របនឹងទីធ្លាស្រឡះល្អជាមួយការថែរក្សាដើមឈើតូចធំជាមោទនភាពនូវអ្វីដែលមានស្រាប់។ ពិសេសមិនដំឡើងថ្លៃម្ហូបអាហារទោះថ្ងៃបុណ្យទានក៏ដោយ។

លោកសយ ស៊ីណុល ប្រធាមន្ទីរទេសចរណ៍ខេត្តកំពតបានមានប្រសាសន៍ថាជាការសង្កេតជាក់ស្តែង ទោះបីមិនទាន់ដល់កម្រិតស្តង់ដារក្តី តែមន្ទីរជំនាញសូមកោតសរសើចំពោះកិច្ចប្រឹងប្រែងរបស់ម្ចាស់ រមណីយដ្ឋានឆ្នេរឋានសួគ៌នោះ។ ការបង្កើតកន្លែងកម្សាន្តមួយនេះឡើងជាផ្នែកសំខាន់ក្នុងកិច្ចពង្រីកបន្ថែមនូវមណ្ឌលទេសចរណ៍ក្នុងខេត្តកំពតស្របតាមបរិមាណភ្ញៀវដែលមានសន្ទុះ និងកំណើនច្រើនឡើងៗ រៀងរាល់ឆ្នាំ។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ជាមួយនឹងកិច្ចខិតខំបង្កើតសមិទ្ធផលទេសចរណ៍ ក៏ដូចជាការយកចិត្តទុកដាក់ចំពោះបញ្ហាអនាម័យ សន្តិសុខសណ្តាប់ធ្នាប់ និងបង្កើនសេវាកម្មផ្សេងៗ ព្រមទាំងគិតគូរអំពីបដិសណ្ឋារកិច្ចឱ្យកាន់តែល្អប្រសើរ លោកជឿជាក់ថារមណីយដ្ឋានឆ្នេរឋានសួគ៌នឹងក្លាយជាចំណែកសំខាន់ក្នុងការពង្រឹងគុណភាពលើវិស័យទេចរណ៍នៅខេត្តកំពត៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម