ក្រឡេកទៅមើលរឿងចលាចលទាំងអំបាលម៉ានដែលកើតឡើងក្នុងឆ្នាំ២០១៩

337
ចែករម្លែក

ឆ្នាំ ២០១៩ មានបាតុកម្មផ្ទុះឡើងពាសពេញពិភពលោក ខណៈប្រជាជនទាមទារឱ្យមានការផ្លាស់ប្តូរប្រព័ន្ធនយោបាយចាស់គំរិលដុះស្លែនិងធ្វើសកម្មភាពលើការប្រែប្រួលអាកាសធាតុ។

ខាងក្រោមនេះគឺជាការក្រឡេកមើលទៅព្រឹត្តិការណ៍ទាំងនោះឡើងវិញដែលបានកើតឡើងអំឡុងឆ្នាំ២០១៩។

  • ការតវ៉ារាលដាលពាសពេញអាម៉េរិកឡាទីន

នៅថ្ងៃទី ២៣ មករា ប្រមុខបក្សប្រឆាំងវ៉េណេស៊ុយអេឡាលោក ហ្វ័ន ក្វាយដូ បានប្រកាសខ្លួនឯងជាប្រធានាធិបតីបណ្តោះអាសន្ន ដោយរឹតបង្កើនវិបត្តិនយោបាយនិងសេដ្ឋកិច្ច ដែលកំពុងកើតមានជាយូរមកហើយ។

លោកក្វាយដូត្រូវបានទទួលស្គាល់ដោយប្រទេសជាង ៥០ រួមទាំងសហរដ្ឋអាម៉េរិកផងដែរ។ ប៉ុន្តែកងទ័ពគាំទ្រប្រធានាធិបតីនីកូឡាស ម៉ាឌូរ៉ូ ហើយដូច្នេះគាត់នៅតែស្ថិតក្នុងមុខតំណែងដដែល។

នៅពាក់កណ្តាលខែកញ្ញាបាតុកម្មធំៗបានផ្ទុះឡើងនៅក្នុងប្រទេសហៃទីបន្ទាប់ពីកង្វះខាតប្រេងឥន្ធនៈ ដូច្នេះបាតុករទាមទារឱ្យលោកប្រធានាធិបតីចូវេនែល ម៉យ ចុះចេញពីតំណែង។ អំពើហិង្សាបានឆក់យកជីវិតមនុស្សជាង ៤០ នាក់។

ការដំឡើងថ្លៃសំបុត្ររថភ្លើងក្រោមដីនៅរដ្ឋធានីរបស់ស៊ីលីកាលពីពាក់កណ្តាលខែតុលាគឺជាឆ្នួនបញ្ឆេះឱ្យមានការតវ៉ា ដែលឆក់យកជីវិតមនុស្សជាង ២០ នាក់ មុនពេលការធ្វើប្រជាមតិលើការធ្វើកំណែទម្រង់ត្រូវបានព្រមព្រៀងគ្នា។

បូលីវីបានផុងក្នុងបាតុកម្មរយៈពេល ៣ សប្តាហ៍បន្ទាប់ពីប្រធានាធិបតីអេវ៉ូ ម៉ូរ៉ាឡេស អះអាងថាឈ្នះការបោះឆ្នោតអាណត្តិទី ៤ នៅថ្ងៃទី ២០ ខែតុលា។ មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់។ លោកម៉ូរ៉ាឡេសបានលាលែងពីតំណែងនៅថ្ងៃទី ១០ ខែវិច្ឆិកានិងភៀសខ្លួនទៅសម្ខំរស់នៅបរទេស ខណៈរដ្ឋាភិបាលបណ្តោះអាសន្នកំពុងរៀបចំការបោះឆ្នោតថ្មី។

អេក្វាទ័របានជាប់ទ្រឹងដោយការតវ៉ាជិតពីរសប្តាហ៍នៅខែតុលា និងនៅប្រទេសកូឡុំប៊ី កូដកម្មនិងបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលស្តាំនិយមបានចាប់ផ្តើមនៅពាក់កណ្តាលខែវិច្ឆិកា។

  • កំហឹងនៅអាហ្រ្វិកខាងជើង/មជ្ឈិមបូព៌ា

នៅថ្ងៃទី ២២ ខែកុម្ភៈ បាតុកម្មមិនធ្លាប់មានពីមុនមកបានផ្ទុះឡើងនៅក្នុងប្រទេសអាល់ហ្សេរីប្រឆាំងនឹងអាណត្តិទី ៥ សម្រាប់ប្រធានាធិបតីចាស់ទ្រុឌទ្រោម លោក អាប់ឌែលឡាហ្ស៊ីស ប៊ូតេភ្លីកា ដែលកាន់អំណាចអស់រយៈពេល ២០ ឆ្នាំ។

គាត់បានបាត់បង់ការគាំទ្រពីយោធានិងលាលែងពីតំណែងនៅថ្ងៃទី ២ ខែមេសា។ ប៉ុន្តែបាតុកម្មនៅតែកើតឡើង ដោយទាមទារឱ្យមានការផ្លាស់ប្តូរទាំងស្រុងនូវប្រព័ន្ធនយោបាយទាំងមូល និង បដិសេធប្រធានាធិបតីថ្មី ឈ្មោះ អាប់ឌែលម៉ាតជីត ថេបបោន ដែលជាប់ឆ្នោតកាលពីថ្ងៃទី ១២ ខែធ្នូ ដោយអវត្តមានអ្នកបោះឆ្នោតច្រើនបំផុតមិនធ្លាប់មាន។

នៅប្រទេសស៊ូដង់ យោធានៅថ្ងៃទី ១១ ខែមេសាបានបញ្ចប់អំណាចរយៈពេល ៣ ទសវត្សរ៍របស់លោកអូម៉ា អាល់បាសៀរ ដែលជាការទាមទារសំខាន់ក្នុងការតវ៉ាទូទាំងប្រទេសរយៈពេល៤ខែ។

ការធ្វើបាតុកម្មនៅតែបន្តរហូតដល់មានកិច្ចព្រមព្រៀងជោគជ័យមួយក្នុងខែសីហាដើម្បីបង្កើតក្រុមប្រឹក្សាគ្រប់គ្រងរួមគ្នាដើម្បីឃ្លាំមើលការផ្លាស់ប្តូរទៅរកការគ្រប់គ្រងដោយស៊ីវិល។ យោងតាមក្រុមអ្នកតវ៉ា មនុស្សជាង ២៥០ នាក់ត្រូវបានសម្លាប់។

នៅក្នុងប្រទេសអ៊ីរ៉ាក់ បាតុកម្មទ្រង់ទ្រាយធំបានផ្ទុះឡើងនៅថ្ងៃទី ១ ខែតុលាប្រឆាំងនឹងភាពអត់ការងារធ្វើ អំពើពុករលួយ និង សេវាសាធារណៈអន់ ដែលនាំឱ្យផ្ទុះអំពើហិង្សាឆក់យកជីវិតមនុស្សជាង ៤៦០ នាក់។

នៅថ្ងៃទី ១ ធ្នូ សភាបានទទួលយកការលាលែងពីអំណាចរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់។

នៅប្រទេសលីបង់ ការតវ៉ាទ្រង់ទ្រាយធំចាប់ផ្តើមនៅថ្ងៃទី ១៧ ខែតុលា ដែលបង្កឡើងដោយផែនការទារបង់ពន្ធតាមរយៈកម្មវិធីផ្ញើសារតាមទូរស័ព្ទ ហើយបាតុករបានងាកទៅរកឥស្សរជននយោបាយសំខាន់ៗ។ បាតុករនៅតែបន្តតវ៉ាសូម្បីក្រោយពេលលោកនាយករដ្ឋមន្រ្តីសាអាត ហារីរី លាលែងពីតំណែងនៅថ្ងៃទី ២៩ ខែតុលា ដោយក្រុមបាតុករបានច្រានចោលការតែងតាំងលោកហាសសាន់ ឌីអាប ដែលជាសាស្រ្តាចារ្យវិស្វកម្មគាំទ្រដោយពួកហេសប៊ូឡា។ លោកត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីនៅថ្ងៃទី ១៩ ធ្នូដើម្បីបង្កើតរដ្ឋាភិបាល។

អ៊ីរ៉ង់បានឃើញការផ្ទុះកុបកម្មនៅថ្ងៃទី ១៥ ខែវិច្ឆិកាបន្ទាប់ពីការឡើងថ្លៃប្រេង។ អាជ្ញាធរបានបង្ក្រាបភាពចលាចលនេះ ប៉ុន្តែអង្គការលើកលែងទោសអន្តរជាតិនិយាយថាមនុស្សជាង ៣០៤ នាក់ត្រូវបានសម្លាប់ ដែលភាគច្រើនត្រូវកងកម្លាំងសន្តិសុខបាញ់សម្លាប់ ប៉ុន្តែរដ្ឋាភិបាលបានបដិសេធចំនួនស្លាប់នេះ។

  • មេដឹកនាំរដ្ឋអ៊ីស្លាមត្រូវបានសម្លាប់

បន្ទាប់ពីការវាយលុករយៈពេល ៥ ឆ្នាំដើម្បីដណ្តើមកាន់កាប់ទឹកដីរដ្ឋអ៊ីស្លាម (IS) ដ៏ធំនៅអ៊ីរ៉ាក់និងស៊ីរី ក្រុមជីហាដត្រូវបានបណ្តេញចេញពីមូលដ្ឋានចុងក្រោយរបស់ពួកគេនៅក្នុងខែមីនាដោយកងកម្លាំងដឹកនាំដោយពួកឃឺដ។

នៅថ្ងៃទី ២៧ ខែតុលាប្រធានាធិបតីដូណាល់ ត្រាំប្រកាសថាមេដឹកនាំអាយស៊ីស លោក អាប៊ូ បាកអាល់បាកដាឌី ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់របស់កងកម្លាំងពិសេសអាម៉េរិកនៅប្រទេសស៊ីរី ដោយគាត់បានបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនពេលត្រូវកងទ័ពអាម៉េរិកដេញចាប់។

  • យន្តហោះធុន Boeing MAX ទាំងអស់ត្រូវបានផ្អាកដំណើរការ

ការធ្លាក់យន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អេត្យូពីនៅថ្ងៃទី ១០ ខែមីនាបាននាំឱ្យមានការផ្អាកជាសកលនៃយន្ដហោះ Boeing 737 MAX ទាំងអស់។ រឿងនេះកើតឡើងបន្ទាប់ពីការធ្លាក់យន្តហោះរបស់ក្រុមហ៊ុន Lion Air ដែលពាក់ព័ន្ធនឹងយន្តហោះធុនតែមួយកាលពី ៦ ខែមុននោះ ដោយសម្លាប់មនុស្សសរុប ៣៤៦ នាក់នៅក្នុងឧបទ្ទវហេតុទាំងពីរ។

ក្រុមហ៊ុន Boeing ប្រឈមនឹងការស៊ើបអង្កេតនិងបណ្តឹងជាច្រើន និងត្រូវបានបង្ខំកែលម្អឱ្យប្រសើរឡើងនូវប្រព័ន្ធយន្តហោះរបស់ខ្លួន នៅក្នុងវិបត្តិមួយ ដែលធ្វើឱ្យក្រុមហ៊ុនខាតបង់ប្រាក់រាប់ពាន់លានដុល្លារ។

ផលិតកម្មពាក់កណ្តាលខែធ្នូរបស់ក្រុមហ៊ុនត្រូវបានផ្អាក។ នៅថ្ងៃទី ២៣ ខែធ្នូ ប្រធានក្រុមហ៊ុន Boeing លោក ដេននីស មុយលេនបឺក បានលាឈប់ពីតំណែង។

  • រឿងរ៉ាវ Brexit

ថ្ងៃទី ២៩ ខែមីនាឆ្នាំ ២០១៩ កាលបរិច្ឆេទនៃការចាកចេញពីសហភាពអឺរ៉ុបបន្ទាប់ពីការធ្វើប្រជាមតិឆ្នាំ ២០១៦ ត្រូវបានពន្យារពេល ៣ ដង ដោយសារសភាអង់គ្លេសមិនអាចយល់ព្រមនឹងលក្ខខណ្ឌនៃការចាកចេញ ដែលចរចាដោយនាយករដ្ឋមន្រ្តីថេរ៉េសា មេជាមួយរដ្ឋាភិបាលក្រុងព្រុចសែល ហើយក៏មិនយល់ព្រមចំពោះកិច្ចព្រមព្រៀងទី ២ ដែលចរចាដោយអ្នកស្នងវេនបន្តគឺនាយករដ្ឋមន្ត្រីបូរីស ចនសុន នោះដែរ។

បន្ទាប់ពីឈ្នះការបោះឆ្នោតបឋមនៅថ្ងៃទី ១២ ខែធ្នូ លោកចនសុនទទួលបានការគាំទ្រនៅពេលអានដំបូងនូវកិច្ចព្រមព្រៀងរបស់គាត់ដោយសភាជាន់ទាប។ គាត់បានស្វែងរកការអនុម័តចុងក្រោយនៅថ្ងៃទី ៩ ខែមករា និង ចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០។

  • រូបថតប្រហោងខ្មៅ (Black Hole) ដំបូងគេបង្អស់

នៅថ្ងៃទី ១០ ខែមេសាតារាវិទូបានបង្ហាញរូបថតដំបូងនៃប្រហោងខ្មៅ ដែលជាបាតុភូតមួយពួកគេជឿថាពិតជាកើតមានមែន ទោះបីគេមិនធ្លាប់បានឃើញវាពីមុនក៏ដោយ។

ទាញចេញពីភ្នំទិន្នន័យដែលថតបានកាលពីពីរឆ្នាំមុនដោយកែវយឹតនៅទូទាំងពិភពលោក វាបានបង្ហាញប្រហោងខ្មៅស្ថិតនៅចម្ងាយ ៥០ លានឆ្នាំពន្លឺពីផែនដី។

  • ភ្លើងឆេះវិហារ Notre Dame

នៅថ្ងៃទី ១៥ ខែមេសា អណ្តាតភ្លើងបានលេបត្របាក់ដំបូលវិហារ Notre Dame របស់ទីក្រុងប៉ារីស ប៉ុន្តែអ្នកពន្លត់អគ្គីភ័យបានជួយសង្គ្រោះអគារធំបាន ខណៈស្នាដៃសិល្បៈវត្ថុបុរាណនិងរតនសម្បត្តិជាច្រើនក៏ត្រូវបានជួយសង្គ្រោះដែរ។

ចំពេលមានការតក់ស្លុតសោកស្តាយជុំវិញពិភពលោក ប្រាក់ជិត១ពាន់លានអឺរ៉ូ (១,១ ពាន់លានដុល្លារ) ត្រូវបានសន្យាផ្តល់ឱ្យសម្រាប់ការកសាងឡើងវិញ ដែលនឹងចំណាយពេលច្រើនឆ្នាំ។ ជាលើកដំបូង ចាប់តាំងពីឆ្នាំ ១៨០៣ វិហារ Notre-Dame មិនបានប្រារព្ធពិធីបុណ្យណូអែល។

  • ភាពតានតឹងជុំវិញបញ្ហាអ៊ីរ៉ង់

នៅថ្ងៃទី ៨ ខែឧសភា របបតេហេរ៉ង់បានប្រកាសដកថយមួយជំហានពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ពោលគឺមួយឆ្នាំបន្ទាប់ពីសហរដ្ឋអាម៉េរិកចាកចេញពីកិច្ចព្រមព្រៀងនេះ ហើយដាក់ទណ្ឌកម្មសាជាថ្មី។

ក្នុងរយៈពេលប៉ុន្មានខែកក្រោយមក អ៊ីរ៉ង់ចាប់ផ្តើមឡើងវិញនូវសមាសធាតុនៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ក្នុងនោះរួមទាំងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមឡើងវិញផងដែរ។

ភាពតានតឹងកើនឡើងនៅពេលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនស្តីបន្ទោសតេហេរ៉ង់ចំពោះការវាយប្រហារជាបន្តបន្ទាប់លើនាវាដឹកប្រេងនៅឈូងសមុទ្រពែក្សចាប់ពីពាក់កណ្តាលខែឧសភា។

នៅថ្ងៃទី ១៤ ខែកញ្ញាអ៊ីរ៉ង់ត្រូវបានស្តីបន្ទោសជាថ្មីម្តងទៀតនៅពេលទីតាំងប្រេងសំខាន់ៗរបស់អារ៉ាប៊ីសាអូឌីតត្រូវបានវាយប្រហារដោយពួកឧទ្ទាមហ៊ូធីរបស់យេម៉ែន ដែលអ៊ីរ៉ង់ជាអ្នកគាំទ្រ។ អ៊ីរ៉ង់បដិសេធមិនមានការពាក់ព័ន្ធទេ។

ក្នុងរយៈពេល ៦ ខែតេហេរ៉ង់បានបង្កើនការស្តុកទុកសារធាតុអ៊ុយរ៉ានីញ៉ូមលើសកម្រិតត្រូវការ ដែលកំណត់ដោយកិច្ចព្រមព្រៀង និង បានធ្វើទំនើបកម្មម៉ាស៊ីនបំបែកសារធាតុអ៊ុយរ៉ានីញ៉ូមររបស់ខ្លួន។

  • បាតុកម្មផ្ទុះឡើងនៅហុងកុង

ថ្ងៃទី ៩ ខែមិថុនាវិបត្តិដ៏ធំបានចាប់ផ្តើមនៅហុងកុងដែលជាអតីតអាណានិគមអង់គ្លេស ចាប់តាំងពីក្រុងនេះត្រូវបានប្រគល់ឱ្យចិនគ្រប់គ្រងវិញក្នុងឆ្នាំ ១៩៩៧ ដោយការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យបានកើតមានស្ទើរតែរាល់ថ្ងៃ។

ការធ្វើបាតុកម្មដំបូងត្រូវបានបង្កឡើងដោយច្បាប់បត្យាប័នដែលឥឡូវត្រូវបានបោះបង់ចោលទៅហើយ ដែលច្បាប់នេះគឺអនុញ្ញាតឱ្យធ្វើបត្យាប័នអ្នកទោសទៅកាត់ទោសនៅចិនដីគោក ប៉ុន្តែបាតុកម្មនេះបានវិវត្តទៅជាបដិវត្តន៍ប្រជាជនប្រឆាំងនឹងការគ្រប់គ្រងរបស់ទីក្រុងប៉េកាំង។

នៅថ្ងៃទី ២៤ ខែវិច្ឆិកា ក្រុមអ្នកធ្វើយុទ្ធនាការគាំទ្រលទ្ធិប្រជាធិបតេយ្យបានឈ្នះយ៉ាងភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតក្នុងស្រុក។

  • ខែក្តៅបំផុតមិនធ្លាប់ជួបពីមុន

អាជ្ញាធរអាម៉េរិកនិងសហភាពអឺរ៉ុបបានប្រកាសក្នុងខែសីហាថា សីតុណ្ហភាពក្នុងខែកក្កដាគឺក្តៅបំផុតដែលមិនធ្លាប់មាន។

សីតុណ្ហភាពបានកើនឡើងខ្លាំងមិនធ្លាប់មាននៅអឺរ៉ុបនិងប៉ូលខាងជើង ហើយក្នុងខែសីហាប្រទេសអ៊ីស្លង់បានបាត់បង់ផ្ទាំងទឹកកកដំបូងរបស់ខ្លួនដោយសារការប្រែប្រួលអាកាសធាតុ។

អគ្គិភ័យបានឆាបឆេះព្រៃអាម៉ាហ្សូននៅប្រេស៊ីលនិងព្រៃនៅអូស្រ្តាលី ខណៈទីក្រុងវេនីសរបស់អ៊ីតាលីបានជន់លិចមិនធ្លាប់ជួបក្នុងរយៈពេលរាប់ទសវត្សរ៍។

អាកាសធាតុក្តៅខ្លាំងបានបង្កឱ្យមានការព្រួយបារម្ភអំពីបម្រែបម្រួលអាកាសធាតុ ហើយការប្រមូលផ្តុំតវ៉ាឱ្យមានចំណាត់ការបន្ទាន់ ដែលផ្តួចផ្តើមគំនិតដោយសកម្មជនយុវតីស៊ុយអ៊ែតឈ្មោះ ហ្គ្រេតា ថាន់បឺក បានសាយភាយទូទាំងពិភពលោក។

  • អាម៉េរិកចាកចេញពីកិច្ចព្រមព្រៀងជាច្រើន

នៅថ្ងៃទី ២ ខែសីហាសហរដ្ឋអាម៉េរិកបានចេញជាផ្លូវការពីសន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យមនាសម័យសង្គ្រាមត្រជាក់ (INF) ជាមួយរុស្ស៊ី។

របប “ផ្តោតអាទិភាពទីមួយលើអាម៉េរិក” របស់លោកត្រាំក៏បានធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយចិននិងសហភាពអឺរ៉ុបផងដែរ។ អាម៉េរិកក៏បានដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុនិងដកកងទ័ពចេញពីភាគឦសានប្រទេសស៊ីរីផងដែរ។

  • ការចោទប្រកាន់ដើម្បីដកតំណែងលោកត្រាំ

នៅថ្ងៃទី ២៤ ខែកញ្ញា សមាជិកបក្សប្រជាធិបតេយ្យនៅក្នុងសភាបានបើកការស៊ើបអង្កេតដើម្បីចោទប្រកាន់លោកត្រាំ បន្ទាប់ពីមានការអះអាងថាលោកបានដាក់សម្ពាធលើអ៊ុយក្រែនឱ្យធ្វើការស៊ើបអង្កេតលោកចូ បាយដិន ដែលជាគូប្រជែងនៅក្នុងការប្រជែងបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ ២០២០។

លោកត្រាំត្រូវបានចោទប្រកាន់ជាប្រវត្តិសាស្ត្រដោយសភាតំណាងរាស្រ្តដែលគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យចំពោះបទចោទពីរករណីគឺ រំលោភអំណាចនិងរារាំងដំណើរការស៊ើបអង្កេតរបស់សភា ប៉ុន្តែការផ្តន្ទាទោសទំនងជាមិនត្រូវអនុម័តនៅព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋនៅក្នុងការជំនុំជម្រះក្តី ដែលរំពឹងចាប់ផ្តើមនៅខែមករានោះទេ។

  • តួកគីលើកទ័ពចូលទឹកដីស៊ីរី

កាលពីថ្ងៃទី ៩ ខែតុលាតួកគីបើកការវាយលុកចូលភាគខាងជើងប្រទេសស៊ីរីដើម្បីរុញច្រានពួកយុទ្ធជនឃឺដចេញពីព្រំដែន ដែលខ្លួនចាត់ទុកជា “ភេរវករ”។

ពីរថ្ងៃមុននោះ លោកត្រាំបានប្រកាសដកកងទ័ពអាម៉េរិកនៅតំបន់នោះ ដែលនាំឱ្យមានការចោទប្រកាន់ថាវ៉ាស៊ីនតោនបានបោះបង់ចោលសម្ព័ន្ធមិត្តឃឺដ ដែលមានតួនាទីសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមជីហាដរដ្ឋអ៊ីស្លាម។

តួកគីបានបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅថ្ងៃទី ២៣ ខែតុលាបន្ទាប់ពីអាម៉េរិកនិងរុស្ស៊ីឯកភាពគ្នាក្នុងកិច្ចព្រមព្រៀងដាច់ដោយឡែកដើម្បីធានាថាក្រុមអ្នកប្រយុទ្ធចាកចេញពីតំបន់ព្រំដែន។

  • ការផាកពិន័យក្រុមហ៊ុនបច្ចេកវិជ្ជាធំៗ

នៅថ្ងៃទី ២៤ ខែកក្កដា និយតករអាម៉េរិកបានពិន័យក្រុមហ៊ុន Facebook ចំនួន ៥ ពាន់លានដុល្លារសម្រាប់ការបំពានប្រព័ន្ធការការពារទិន្នន័យ ចំពេលមានការព្រួយបារម្ភអំពីឥទ្ធិពលដ៏ខ្លាំងក្លារបស់ Facebook និងក្រុមហ៊ុនអ៊ីនធឺណេតយក្សដទៃទៀតដូចជា Apple, Amazon និង Google ។

រងការរិះគន់ចំពោះការខកខានមិនបានការពារអ្នកប្រើប្រាស់ក៏ដូចជាបញ្ហាពន្ធនិងការផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនយក្សៗទាំងនេះបានស្ថិតក្រោមសម្ពាធដើម្បីធ្វើការកែទម្រង់ ជាមួយនឹងការគំរាមស៊ើបអង្កេត ការផាកពិន័យ និង ការរំលាយក្រុមហ៊ុនចោល។

  • វិបត្តិសង្គមនៅបារាំង

ប្រទេសបារាំងបានជួបការប្រឈមមុខដាក់គ្នារយៈពេល ៣ សប្តាហ៍រវាងកម្មករនិយោជិតដឹកជញ្ជូនបារាំងនិងរដ្ឋាភិបាលជុំវិញកំណែទម្រង់ប្រាក់សោធននិវត្តន៍ ដែលបណ្តាលឱ្យប៉ះពាល់ខ្លាំងដល់ការធ្វើដំណើរនារដូវបុណ្យណូអែល។

កម្មករនិយោជិតនៅក្រុមហ៊ុនរថភ្លើងជាតិ SNCF និង Parisian RATP ព្រមទាំងក្រុមហ៊ុនដឹកជញ្ជូនសាធារណៈនានានៅក្រុងប៉ារីសបានដើរចេញពីការងារដើម្បីធ្វើបាតុកម្មប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការរំលាយគម្រោងប្រាក់សោធននិវត្តន៍ចំនួន ៤២ របស់បារាំងឱ្យទៅជាគម្រោងតែមួយ ដែលអាចនឹងឃើញបុគ្គលិកសាធារណៈមួយចំនួនបាត់បង់អភ័យឯកសិទ្ធិមួយចំនួន ក្នុងនោះរួមមានទាំងការចូលនិវត្តន៍មុនពេលកំណត់៕

ទីតាំងផ្សាយពាណិជ្ជកម្ម