​សម្តេច​តេ​ជោ​ហ៊ុនសែន​៖គេ​ស្អប់​កុ​ម្មុយ​និ​ស្ត​ណាស់ ប៉ុន្តែ​គេ​បែរជា​មកជំរុញ​ឲ្យ​យើង​ធ្វើសេដ្ឋកិច្ច​បែបកុ​ម្មុយ​និ​ស្ត​

363
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើការ​រិះគន់​ដោយ​ប្រយោល​ទៅលើ​អ្នកនយោបាយ​និង​អ្នកវិភាគ​សង្គម​មួយចំនួន​ពាកព័ន្ធ​ការធ្វើ​សេដ្ឋកិច្ច​នៅ​កម្ពុជា ពិសេស​ពាក់ព័ន្ធ​បញ្ហា​ត​ម្លៃស្រូវ​ដែល​ពួកគេ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កំណត់​តម្លៃ​ស្រូវ។សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា​៖​ពួកគេ​ស្អប់របប​កុ​ម្មុយ​និ​ស្ត​ណាស់​ តែ​គេ​បែ​រជា​មក​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កំណត់​ថ្លៃ​ស្រូវ​ដែល​នោះគេ​ជា​បែបផែន​នៃ​សេដ្ឋកិច្ច​ផែនការ​ដែល​បាន​ធ្លាប់ធ្វើ​នៅក្នុង​របប​កុ​ម្មុយ​និ​ស្ត​។

​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ថ្លែង​បែបនេះ​​ ​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ចំនួន​ជិត ៣​ពាន់​នាក់​នាព្រឹក​ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៩ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា​៖ ​ក្រសួងកសិកម្ម​ ក៏ដូចជា​ផ្នែក​ពាក់ព័ន្ធ​បាន​ពន្យល់​រួចហើយ​អំពី​មូលហេតុ​អ្វី​បានជា​ស្រូវ​ធ្លាក់​ថ្លៃ​ វា​មាន​មូលហេតុរបស់​វា​ ​ស្រូវ​ធម្មតា​ដែល​វា​អត់​ខូចគុណភាព​ តម្លៃ​គឺ​នៅតែ​រក្សា​ដដែល​។​ប៉ុន្តែ​កន្លែង​ខ្លះ​ឮថា​ពូជ​វា​អត់​សុទ្ធ​ ហើយក៏​វា​បាក់​កំណាត់ៗ ដូច្នេះ​ទៅ​អ្នក​ដែល​ទិញ​ទៅ​ជួបការលំបាក ​ទើប​គេ​ទម្លាក់​ថ្លៃ ។ប៉ុន្តែ​យ៉ាងណាក៏ដោយ ​រាជរដ្ឋាភិបាល​ក៏បាន​ជួយ​រួមចំណែក​គាំពារ​ទៅលើ​តម្លៃ​ស្រូវ​នេះ​មួយផ្នែក​ដែរ ។

​ពាក់ព័ន្ធ​បញ្ហា​ការធ្លាក់ចុះ​តម្លៃ​ស្រូវ​នេះ​​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ ថា​៖«​ខ្ញុំ​នៅតែ​មិន​យល់​នៅត្រង់ថា​រហូតដល់​មាន​អ្នកខ្លះ​ស្អប់​កុ​ម្មុយ​នី​ស​ណាស់​ ប៉ុន្តែ​អំពាវនាវ​ឬក៏​ជំរុញ​ឲ្យ​ខ្ញុំ​ធ្វើតាម​របប​កុ​ម្មុយ​និ​ស្ត​»​។ ​សម្តេច​បានធ្វើ​ការពន្យល់​ថា​៖ «​ស្អី​ទៅ​គឺ​ឲ្យ​យើង​កំណត់​ថ្លៃ​ស្រូវ​ អ៊ីចឹងទេ​ខ្លួនឯង​ពូកែ​ណាស់​ថា​គេ​កុ​ម្មុយ​និ​ស្ត ប៉ុន្តែ​ខ្លួនឯង​ហ្នឹង​ក៏​ជា​អ្នក​មក​ចាំបង្ខំ​គេ​ឱ្យ​អនុវត្ត​នូវ​សេដ្ឋកិច្ច​បែប​កុ​ម្មុយ​និ​ស្ត​ដែរ »​។​

​សម្តេច​ពន្យល់ថា​ គេ​សម្គាល់​ទៅលើ​ស្ថានភាព​កុម្មុយនីស្ត​នៅត្រង់ថា​សម័យមុន​នោះ​គឺមាន​សេដ្ឋកិច្ច​ទីផ្សារនិង​សេដ្ឋកិច្ច​ផែនការ។​ពួក​សេដ្ឋកិច្ច​ផែនការ​គឺ​ពួក​អ្នកកំណត់​ថ្លៃ​(​រដ្ឋ​កំណត់​ថ្លៃ​តែម្ដង​) ​អ៊ីចឹង​ស្ថានភាព​វា​មិន​ច្បាស់លាស់​ សូម្បីតែ​ប្រព័ន្ធគ្រប់គ្រង​មិន​ច្បាស់លាស់ផង ​រួចហើយ​មក​និយាយ​ដើម្បី​ទូន្មាន​គេ​ឱ្យគេ​ធ្វើ​នូវកិច្ច​ការដែល​ខ្លួនឯង​កំពុង​ស្អប់​ ហើយ​ចង់​ឲ្យ​រដ្ឋ​កំណត់​ថ្លៃ​ស្រូវ បើ​ធ្វើ​យ៉ាង​ដូច្នេះ​គឺជា​ការ​អនុវត្តន៍តាម​ប្រព័ន្ធ​សេដ្ឋកិច្ច​ផែនការ​ ដែល​អតីត​ប្រទេស​សង្គមនិយម​ធ្លាប់បានធ្វើ​នៅលើ​ពិភពលោក​យើង​នេះ ។ អ៊ីចឹងទេ ​គឺ​គ្រាន់តែ​បង្រៀន​អ្នក​ដែល​បាន​អំពាវនាវ​យើង​ឱ្យធ្វើ​ការកំណត់ថ្លៃ​ស្រូវ យើង​បានត្រឹមតែ​អំពាវ​នា​វតែប៉ុណ្ណោះ ប៉ុន្តែ​យន្តការ​ទីផ្សារ​មិន​តម្រូវ​ឲ្យ​រដ្ឋ​ធ្វើ​ការកំណត់ថ្លៃ​ទេ​ ត្រូវ​ឲ្យ​បាន​ច្បាស់​ជាមួយគ្នា ៕​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម