​កម្ពុជា​លក់​ស្រូវ​ឲ្យ​វៀតណាម​ក្រៅ​ផ្លូវ​ការជាង​២ លាន​តោន​ក្នុង​១​ឆ្នាំ​តែ​តួលេខ​គយ​មាន​ត្រឹម​៣០ម៉ឺន ​តោន​ប៉ុណ្ណោះ

300
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ថា​ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​វៀតណាម​មិនមែន​ក្រោម៥០០០​លាន​ដុល្លារ​នោះទេ​គឺ​លើស​៥០០០លាន​ដុល្លារ​ ដោយសារតែ​ការនាំចេញ​ស្រូវ​ទៅ​វៀតណាម​ ហើយ​វៀតណាម​កត់ត្រា​ជា​ផ្លូវ​ការដែល​កត់ត្រា​ក្នុង​ជើង​លេខគយ​គឺមាន​ត្រឹម៣០ម៉ឺនតោន​ទេ ប៉ុន្តែ​ជាក់ស្តែង​វៀតណាម​មក​ទិញស្រូវ​ពី​កម្ពុជា​រហូតដល់​ជាង ២ លាន​តោន ។

​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ថ្លែង​បែបនេះ​ នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ចំនួន​ជិត ៣​ពាន់​នាក់​នាព្រឹក​ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៩ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖​ ក្នុងឆ្នាំនេះ​កម្ពុជា​នាំចេញ​អង្ករ​ទៅ​ក្រៅប្រទេស​បាន​ប្រមាណ​ជាង​កន្លះ​លាន​តោន ។ ក៏ប៉ុន្តែ​តួលេខ​មិន​ផ្លូវការ ដែល​ប្រជាកសិករ​របស់​យើង​បាន​លក់​ទៅ​ឲ្យ​ប្រទេសជិតខាង​គឺមាន​ទំហំ​ធំ គ្រាន់តែ​លក់​ស្រូវ​ទៅ​ឲ្យ​វៀតណាម​មាន​រហូត​ជាង ២ លាន​តោន ។

​សម្តេច​តេ​ជោ​បន្តថា​៖ «​អ៊ីចឹង​ហើយ​បានជា​ខ្ញុំ​ថា​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​វៀត ណាម​វា​មិនមែន​ឋិត​នៅក្រោម​៥​ពាន់​លាន​ដុល្លារ​ទេ វា​ស្ថិតនៅ​លើស៥ពាន់លាន​ដុល្លារ​ដោយសារ​យើង​នាំ​ចេញទៅ​វៀតណាម​ដែល​វៀតណាម​ចេញ​ជា​ផ្លូវ​ការដែល​កត់ត្រា​ក្នុង​ជើង​លេខ​គយ​គឺ​ចំនួន​តែ​៣០​ម៉ឺន​តោន​ទេ​។​ប៉ុន្តែ​ខាង​វៀតណាមមក​ទិញ​គឺមាន​ប្រមាណ​ជា២ លាន​តោន​ជា​ស្រូវ​» ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានធ្វើការ​ពន្យល់​អំពី​មូលហេតុ​ដែល​ប្រជាកសិករ​លក់​ស្រូវ​ទៅ​ក្រៅប្រទេស​ច្រើន​គឺ​ដោយសារតែ​កម្ពុជា​នៅ​ខ្វះ​មធ្យោបាយ​ក្នុងការ​ស្តុក ខ្វះ​ឡ​សម្ងួ​ត និង ម៉ាស៊ីនកិនស្រូវ។ចំណុច​នេះ​វា​ដូចជា​យើង​មាន​មាស​ខ្វះ​ក្រដាស​ខ្ចប់ ។ គោលនយោបាយ​របស់​យើង​ដាក់ចេញ​ជំរុញ​ផលិតកម្ម​ស្រូវ​និង​ការ នាំចេញ​អង្ករ​ឲ្យ​បាន​១​លាន​តោន​។​អ៊ីចឹង​គោលដៅ​ទាំងពីរ​របស់​យើង​នេះ​សម្រេច​បានតែ​គោលដៅ​មួយ​ទេ​គឺ​យើង​ធ្វើ​ឲ្យ​សល់​ស្រូវ​ជិត​៦​លាន​តោន​។​តែ​ការនាំចេញ​របស់​យើង​អត់​ដែល​នាំចេញ​បាន​១​លាន​តោន​នោះទេ​។

​សម្តេច​បាន​ដាក់​ជា​សំណួរ​ថា​ អ៊ីចឹង​ស្រូវ​ដែល​នៅសល់​យកទៅ​ណា​នេះ​ ជា​សំណួរ​របស់​យើង​។ ស្រូវ​ដែល​នៅសល់​គឺ​លក់​ទៅ​វៀតណាម ៧០ ភាគរយ​និង​លក់​ទៅ ថៃ ៣0 ភាគរយ ។ សម្តេច​បន្តថា ​ហេតុ​ដូច្នេះហើយ​បានជា​ឥឡូវនេះ​យើង​កំពុងតែ​ខិតខំ​ទាញ​វិនិយោគ​ដើម្បី​ឲ្យ​មក​វិនិយោគ​ក្នុងស្រុក​តែម្ដង កន្លងទៅនេះ​ខ្វះ​ឡស​ម្ងួ​ត ខ្វះ​ម៉ាស៊ីនកិនស្រូវ ខ្វះ​ឃ្លាំង អ៊ីចឹងទេ​ជម្រើស​ដែល​នៅសល់​គឺ​លក់​ទៅ​ឲ្យ​ប្រទេសជិតខាង ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​រំលឹក​ឡើងវិញ​ថា​៖«​មាន​ពេល​មួយ​នោះ​អតីត​នាយករដ្ឋមន្ត្រី​វៀតណាម​ង្វៀន​តាន់​យុង ​គាត់​បាន​និយាយ​មកកាន់​ខ្ញុំ​ថា​អរគុណ​សម្តេច​ដែល​កម្ពុជា​ជួយ​លក់​ស្រូវ​ឱ្យ​វៀតណាម​ដល់​ជាង១លាន​តោន ។ ខ្ញុំព្រះករុណាខ្ញុំ​ក៏​ឆ្លើយតប​ទៅវិញ​ថា​ អរគុណ​ឯកឧត្តម​ដែល​បាន​ជួយ​ទិញស្រូវ​ពី​កម្ពុជាជាង ១ លាន​តោន​ដោយ​មិនបាច់​បង់ពន្ធ​ចូល​ប្រទេស​វៀតណាម » ។​

​បើតាម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខា​ប្រ​មាញ់ និង នេសាទ កម្ពុជា​បាន​លក់​ស្រូវ​ទៅ​ឲ្យ​វៀតណាម​ក្រៅផ្លូវការ​មាន​ចំនួន​ប្រមាណ ២,២៥ លាន​តោន​នៅក្នុង​ឆ្នាំ ២០១៩ នេះ ៕/Ha


ទីតាំងផ្សាយពាណិជ្ជកម្ម