ពលរដ្ឋ​៣៣២​គ្រួសារ​នៅ​ស្រុក​ឆែប​បានទទួល​អណ្តូងទឹក​ស្អាត​ចំនួន​១៥​ពី​កាកបាទក្រហម​

201
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាកបាទក្រហមកម្ពុជា​ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ជា​ប្រធាន​កាលពី​ថ្ងៃទី​២៥​ខែធ្នូ​ឆ្នាំ​២០១៩​តំណាង​ក្រុមការងារ​កាកបាទក្រហម​បាន​សម្ពោធ​ឱ្យប្រើ​ប្រាស់​អណ្តូង​ទឹកស្អាត​ប្រភេទ​អា​ហ្វ្រី​ដេ​ស​ចំនួន​១៥​អណ្តូង​ជូន​ពលរដ្ឋ​ដែល​ខ្វះខាត​ទឹក​ប្រើប្រាស់​ចំនួន​៣៣២​គ្រួសារ​ស្មើនឹង​៩៣៧​នាក់​។​ពួកគាត់​រស់នៅ​ក្នុងភូមិ​ចំនួន​៧​នៃ​ឃុំ​ម្លូព្រៃ​១​ឃុំ​ម្លូព្រៃ​២​និង​ឃុំ​សង្កែ​២​ក្នុងស្រុក​ឆែប​ខេត្តព្រះវិហារ ។​

​លោកស្រី​ម៉ែន​នារី​សោ​ភ័គ​អគ្គលេខាធិការ​ស្តីទី​កាកបាទក្រហមកម្ពុជា​និង​លោកស្រី​ចឹក​ហេង​អនុប្រធាន​អចិន្ត្រៃយ៍​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​បាន​ពាំនាំ​ប្រសាសន៍​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ​ក្តី​នឹករលឹក​និង​ការគិតគូរ​ពី​សុខុមាលភាព​របស់លោក​យាយ​លោកតា​និង​ប្រជាពលរដ្ឋ​ទាំងអស់​។

លោកស្រី​ម៉ែន​នារី​សោ​ភ័គ​បាន​បន្តថា​ជាមួយគ្នានេះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ក៏បាន​ផ្តាំ​ផ្ញើជូន​ពលរដ្ឋ​ទាំងអស់​សូម​គិតគូរ​ថែទាំ​សុខភាព​ឱ្យបាន​ល្អ​ពិសា​ទឹក​ដាំ​ពុះ​សម្អាត​បរិស្ថាន​និង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​។​សូម​រួម​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ​ដោយសារ​តំបន់​នេះ​អាច​ប្រឈម​នឹង​គ្រោះរាំងស្ងួត​និង​រួមគ្នា​ថែរក្សា​សមិទ្ធផល​អណ្តូង​ទឹកស្អាត ទាំងនេះ​ឱ្យបាន​គង់វង្ស​យូរអង្វែង​តទៅ ។

​លោក​យុង​គឹម​ហ៊ាន​នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​ចាប់តាំងពី​ឆ្នាំ​២០១២​ដល់​ឆ្នាំ​២០១៩​នេះ​ខេត្តព្រះវិហារ​បានទទួល​អណ្តូងទឹក​ស្អាត​សរុប​ចំនួន​២៣៥​អណ្តូង​ពី​កាកបាទក្រហមកម្ពុជា​។​លោក​បាន​សំដែង​នូវ​ក្តីរំភើប​រីករាយ​និង​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ជួយ​ដោះស្រាយ​បញ្ហា​ទឹកស្អាត​និង​បំពេញ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ជួប​ការលំបាក ដោយ​គ្មាន​ការរើសអើង​អ្វី​ឡើយ​។

​សូមបញ្ជាក់ថា​ប្រជាពលរដ្ឋ​ចំនួន​៦០​នាក់​ដែល​ចូលរួម​ក្នុង​ពិធី​សម្ពោធ​អណ្តូងនោះ​ក៏​ទទួលបាន​ក្នុង​ម្នាក់ៗ​ជា​សារុង​,​ក្រមា​,​និង​ថវិកា​២​ម៉ឺន​រៀល​ជា​អនុស្សាវរីយ៍​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម