ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា ឯកភាព​ឱ្យ អេស៊ីលីដា និង ភ្នំពេញ​ពាណិជ្ជ​ចុះបញ្ជី​លក់​មូល​ប​ត្រ

282
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញ​៖​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា​(CSX)​កាលពី​ថ្ងៃទី​២៦​ខែធ្នូ​ឆ្នាំ​២០១៩​បានឱ្យដឹងថា​៖​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា​បានសម្រេច​ឯកភាព​ជាគោលការណ៍​លើ​ពាក្យស្នើសុំ​ពិនិត្យ​លទ្ធភាព​ចុះបញ្ជី​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​នៅ​ទីផ្សារ​គោល​របស់​ធនាគា​រ​អេស៊ីលីដា ភីអិលស៊ី និង​លើ​ពាក្យស្នើសុំ​ពិនិត្យ​លទ្ធភាព​ចុះបញ្ជី​លក់​មូល​ប​ត្រ​បំណុល​របស់​ធនាគារ​ភ្នំពេញ​ពាណិជ្ជ នៅ​ថ្ងៃទី​២៤ ខែធ្នូ​ឆ្នាំ​២០១៩​។​

​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន​បញ្ជាក់ថា ដើម្បី​អាច​ចុះបញ្ជី និង​ជួញដូរ​មូល​ប​ត្រ​ជា​ផ្លូវការ​បាន​នៅ CSX ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​និង​ធនាគារ​PPCB​ត្រូវតែ​ទទួលបាន​ការអនុញ្ញាត​ឱ្យ​បោះផ្សាយ​លក់​មូល​ប​ត្រ​ជា​សាធារណៈ​ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា និង​ត្រូវបំពេញ​នូវ​លក្ខខណ្ឌ​ផ្សេងៗ​មួយចំនួនទៀត ពាកព័ន្ធ​នឹង​ការចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​។​

​សូមបញ្ជាក់ថា​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​ជា​ធនាគារពាណិជ្ជ​ទី​១​ដែល​ទទួលបាន​ការឯកភាព​ជាគោលការណ៍​លើ​ពាក្យស្នើសុំ​ពិនិត្យ​លទ្ធភាព​អាច​ចុះបញ្ជី​លក់​មូល​ប​ត្រ​សិទ្ធិ​នៅ​CSX​ហើយក៏​ជា​ក្រុមហ៊ុន​ទី​៦​ដែល នឹង​ចុះបញ្ជី​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​នៅ​ទីផ្សារ​គោល​របស់ CSX នៅពេល​ខាងមុខ​។

ចំណែកឯ​ធនាគារ​ភ្នំពេញ​ពាណិជ្ជ​ជា​ក្រុមហ៊ុន​ទី​៤​ដែល​ទទួលបាន​ការឯកភាព​ជាគោលការណ៍​លើ​ពាក្យស្នើសុំ​ពិនិត្យ​លទ្ធភាព អាច​ចុះបញ្ជី​លក់​មូល​ប​ត្រ​បំណុល​នៅ CSX​។​ធនាគារ​អេស៊ីលីដា ភីអិលស៊ី គ្រោង​នឹង​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ ឬ​ហៅថា លក់​ភាគហ៊ុន​លើកដំបូង​ជា​សាធារណៈ នៅ​កម្ពុជា​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​បន្ទាប់ពី​ទទួលបាន​ការយល់ព្រម​ពី​ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ចុងខែ​វិច្ឆិកា​ឆ្នាំ​២៩០១៩​នេះ​។​

​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ​(IPO)​នេះ​បាន​នូវ​សករាជ​ថ្មី​មួយ​នៃ​ប្រវត្តិ​ជោគជ័យ​របស់​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​និង​បង្ហាញ​ពី​ភាព​រីកលូតលាស់​ខ្លាំង​នៃ​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​ភាគហ៊ុន​របស់​ធនាគា​រ​អេស៊ីលីដា​ភីអិលស៊ី​នឹងត្រូវ​បានដាក់​លក់​ជូន​សាធារណជន​បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ជា​បន្ត​បន្ទាប់ពី​ផ្សា​រមូល​ប​ត្រ​កម្ពុជា​(​ផ​.​ម​.​ក​.)​និង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​(​គ​.​ម​.​ក​.)៕S/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ