ប្រធាន​តំណាងរាស្ត្រ​ថៃ​៖​រាជរដ្ឋាភិបាល​ថៃ​មិន​គាំទ្រ​ឱ្យមាន​សកម្មភាព​នយោបាយ​ណាមួយ​ក្នុង​ទឹកដី​ថៃ​ឡើយ​

359
ចែករម្លែក

​ដោយៈ​សុផល​/​បាងកកៈ​ប្រធាន​តំណាងរាស្ត្រ​និង​ជា​ប្រធាន​យុទ្ធសាស្ត្រ​គណបក្ស​កម្លាំង​ប្រជារាស្ត្រ​ភូមិភាគ​ខាងជើង​ដែលជា​គណបក្សកាន់អំណាច​និង​ជា​ឥស្សរជន​នយោបាយ​ដ៏​សំខាន់​ម្នាក់​របស់​ប្រទេស​ថៃ បាន​អះអាងថាៈ​រាជរដ្ឋាភិបាល​ថៃ​គាំទ្រ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​និង​មិន​គាំទ្រ​រាល់​សកម្មភាព​នយោបាយ​ទាំងឡាយណា​នៅលើ​ដី​ថៃ ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា ។​

​លោក​ThamanatPrompow​ដែលជា​អនុរដ្ឋមន្ត្រី​ក្រសួងកសិកម្ម​និង​សហ​ករ​របស់​ថៃ​បាន​មានប្រសាសន៍​ដូច្នេះ ក្នុងពេល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា ទីប្រឹក្សា​ផ្ទាល់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងកសិកម្ម​ថៃ​។​

​សូមជម្រាបថា​លោក Thamanat ក៏​ជា​អ្នក​ជិតស្និទ្ធ​ជាមួយ​នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ​ផងដែរ​។​លោក​Thamanat​បាន​ដើរតួនាទី​ក្នុងការ​បង្រួបបង្រួម​គ​ណ​បក្ស​ផ្សេងៗ​ឱ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ក្រោយ​ការបោះឆ្នោត​បានសម្រេច ដែល​ជួយ​ឱ្យ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ក្លាយជា​នាយករដ្ឋមន្ត្រី​បន្តទៀត​។​

​ក្នុងជំនួប​ពិភាក្សា​នៅលើ​ទឹកដី​ថៃ​នេះ​លោក​បណ្ឌិត​សុខ​សុ​ក្រឹ​ត្យា​បានលើកឡើង​ពី​នយោបាយ​ឈ្នះ​-​ឈ្នះ​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេ​ជោ​ហ៊ុនសែន​ជា​នាយករដ្ឋមន្ត្រី​បាន​នាំមក​នូវ​សុខសន្តិភាព​ស្ថិរភាព​និង​ការរីកចម្រើន​លើ​គ្រប់​វិស័យ​។​កត្តា​ទាំងអស់នេះ​ជា​ចលករ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ក្នុង​កំណើន​៧​ភាគរយ​រយៈពេល​ពីរ​ទសវត្សរ៍​កន្លង​ទៅហើយ​នៅ​ឆ្នាំ​២០១៨​កម្ពុជា​ទទួលបាន​កំណើនសេដ្ឋកិច្ច ៧,៧​ភាគរយ​។​

​លោក​បណ្ឌិត បាន​បន្ត​លើកឡើងថា​សន្តិភាព​ជំរុញ​ឱ្យ​វិស័យ​ទេសចរណ៍វប្បធម៌​និង​ធម្មជាតិ​របស់​កម្ពុជា ដែល​ត្រូវបាន​ចាត់ទុកជា​មាស​បៃតង​ឱ្យសម្រេចបាន​នូវ​កំណើន​វិជ្ជមាន​ពីរ​ខ្ទង់​ជា​រៀងរាល់ឆ្នាំ​និង​រួមចំណែក​ប្រមាណ​១២.៧​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​(GDP)​ដោយ​បង្កើត​ការងារ​សរុប​ជាង​២,៩​លាន​កន្លែង​និង​ការងារ​ដោយផ្ទាល់​៦២០.០០០​កន្លែង​។​ជាក់ស្តែង​នៅ​ឆ្នាំ​២០១៨​កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ជាង​៦,២​លាន​នាក់​កើនឡើង​១០,៧​ភាគរយ​និង​ក្នុង​រយៈពេល​១០​ខែ​ឆ្នាំ​២០១៩​កម្ពុជា​ទទួលបាន​ទេស​ចរ​សរុប​ជាង​៥,២៩​លាន​នាក់​កើនឡើង​៩,៧​ភាគរយ​។​

​ជាមួយគ្នា​នោះដែរ​លោក​បណ្ឌិត​ក៏បាន​ពិភាក្សា​ការងារ​មួយចំនួន​ជាមួយ​លោក​Thamanat​ស្តីពី​សភាពការណ៍​នយោបាយ​កន្លងមក​ដែល​សកម្មជន​អតីត​ចលនា​សង្គ្រោះ​ជាតិ​ខុសច្បាប់​តែងតែ​យក​ទឹកដី​ថៃ​ធ្វើ​សកម្មភាព​ប្រឆាំង​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែលមាន​សម្តេច​តេ​ជោ​ហ៊ុនសែន​ជា​នាយករដ្ឋមន្ត្រី​ដោយ​ចង់​បំផ្លាញ​សុខសន្តិភាព​របស់​ជាតិ និង​ប្រជាជន​កម្ពុជា​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ​លោក​Thamanat​បាន​តប​ថា​រាជរដ្ឋាភិបាល​ថៃ​មិន​គាំទ្រ​ឱ្យមាន​សកម្មភាព​នយោបាយ​ណាមួយ​ក្នុង​ទឹកដី​ថៃ​ឡើយ​។​លោក​Thamanat​ក៏បាន​ផ្ញើ​ក្តី​នឹករលឹក​ជូន​សម្តេច​តេ​ជោ​និង​រីករាយ​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​ខាង​កម្ពុជា​ត្រូវការ​។​លោក​បន្ថែមថា ទំនាក់ទំនង​កម្ពុជា​-​ថៃ នឹង​បន្ត​រីកចម្រើន​ជា​លំដាប់​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​។​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​សូម​គាំទ្រ និង​រក្សា​កិច្ច​សហ​ប្រ​ត្តិ​ការល្អ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុ​ជាប​ច្ចុ​ប្បន្ន​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ជានិច្ច​។​

​លោក​រដ្ឋលេខាធិការ​សុខ សុ​ក្រឹ​ត្យា បាន​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក Thamanat ដែល​បាន​ចំណាយពេល​វេលា​ទទួល​ជួបពិភាក្សា​ការងារ​ដោយ​ក្តី​រាក់ទាក់​និង​សូម​អរគុណ​ដល់​រដ្ឋាភិបាល​ថៃ​ដែល​បាន​ជួយ​ទប់ស្កាត់​សកម្មភាព​ខុសច្បាប់​ប្រឆាំង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុ​ជានា​ពេលកន្លងមក​៕S/

ចំណងជើង​រូបថត​៖ លោក Thamanat Prompow អនុរដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​សហ​ករ​របស់​ថៃ ជួបពិភាក្សា​ការងារ​ជាមួយ​លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា ទីប្រឹក្សា​ផ្ទាល់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងកសិកម្ម​ថៃ​

ទីតាំងផ្សាយពាណិជ្ជកម្ម