រដ្ឋបាលខណ្ឌឫស្សីកែវបិទចោលជា​ស្ថាពរនូវអាជីវកម្ម ខារ៉ាអូខេ ដែល​បង្កការរំខានដល់ការរស់នៅរបស់​ប្រជាពលរដ្ឋ

256
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ បន្ទាប់ពីទទួលពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook និងចុះធ្វេីការណែនាំដល់ ម្ចាស់អាជីវកម្មធ្វើការបន្ថយសម្លេង និងបញ្ឈប់ការចាក់ភ្លេងរហូតដល់ពេលយប់ តែផ្ទុយទៅវិញ ម្ចាស់ទីតាំងនេះ នៅតែរឹងរូស ហើយបន្តចាក់ជាសម្លេងរំខានដដែល ជាដដែល ទើបរដ្ឋបាលខណ្ឌឫស្សីកែវ សម្រេចបិទអាជីវកម្មខារ៉ាអូខេមួយកន្លែងនេះកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

លោក ជា ពិសី អភិបាលខណ្ឌបានធ្វើការណែនាំច្រើនលើក ក្រោយទទួលបានពាក្យបណ្ដឹង រហូតឈានទៅដល់ការបិទចោលជាស្ថាពរ នូវទីតាំងអាជីវកម្មខារ៉ាអូខេ មានម្ចាស់ឈ្មោះ ងួន ស្រី ដែលបង្កសម្លេងរំខានដល់ប្រជាពលរដ្ឋ ខាងលើនេះ ដឹកនាំដោយលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ និងអាជ្ញាធរភូមិ-សង្កាត់ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោក ជា ពិសី លើកឡើងថា មុនឈានដល់ការសម្រេចបិទចោលនូវអាជីវកម្ម ខារ៉ាអូខេ ខាងលើនេះដែរ កន្លងមក អាជ្ញាធរភូមិ-សង្កាត់ បានចុះធ្វេីការណែនាំដល់ ម្ចាស់អាជីវកម្មធ្វើការបន្ថយសម្លេង និងបញ្ឈប់ការចាក់ភ្លេងរហូតដល់ពេលយប់ តែផ្ទុយទៅវិញ ម្ចាស់ទីតាំងនេះ នៅតែរឹងរូស ហើយបន្តចាក់ជាសម្លេងរំខានដដែល ជាដដែល ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្រៅពីរកឃើញអាជីវកម្មនេះ ពុំមានលិខិតអនុញ្ញាត និងស្ថិតនៅតំបន់មិនរៀបរយ លេីចំណីផ្លូវរថភ្លេីង ថែមទៀត។

លោកអភិបាលខណ្ឌ ព្រមានថា បន្ទាប់ពីបិទចោលជាស្ថាពរនូវអាជីវកម្ម ខារ៉ាអូខេ ដែលបង្កការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនេះហើយ បើសិនជាក្នុងករណីម្ចាស់ទីតាំង មិនព្រមអនុវត្តតាមការណែនាំ នោះទេ ពោលគឺនៅតែបន្តលួចបើក នោះរដ្ឋបាលខណ្ឌ នឹងចាត់វិធានការចុះដកហូតយកសម្ភារៈមករក្សាទុក ដោយមិនទទួលខុសត្រូវលើការ ខូចខាត ឬបាត់បង់ឡើយ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម