រុស្ស៊ី​ជួយ​ធ្វើ​ទំនើបកម្ម​អាវុធយុទ្ធភណ្ឌ​កម្ពុជា​

353
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ឯកអគ្គរដ្ឋទូត​សហព័ន្ធរុស្ស៊ី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក Dmity Tsvetkov បាន​បញ្ជាក់ថា រដ្ឋាភិបាល​រុស្ស៊ី​នឹង​នៅតែ​បន្ត​ជួយ​ធ្វើការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ក្នុង​កងយោធពល​ខេមរភូមិន្ទ និង​ជួយ​ធ្វើ​ទំនើបកម្ម​អាវុធយុទ្ធភណ្ឌ​កម្ពុជា​។​

​ការលើកឡើង​របស់ លោក Dmity Tsvetkov យ៉ាង​ដូច្នេះ គឺ​បាន​ធ្វើឡើង​នៅក្នុង​កិច្ច​ជំនួប​ជាមួយ​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ នា​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៩​នេះ នៅ​អគ្គបញ្ជាការដ្ឋាន ។​

​ជាមួយ​នោះ ឯកអគ្គរដ្ឋទូត​សហព័ន្ធ​រុ​ស្ស៊ុ​ក៏បាន​លើកឡើង​ពី​ការត្រៀមខ្លួន​ជានិច្ច ដើម្បី​សហការ​ជួសជុល និង​ធ្វើ​ទំនើបកម្ម​អាវុធយុទ្ធភណ្ឌ និង​គ្រឿង​បច្ចេកទេស​យោធា របស់​កងយោធពល​ខេមរភូមិន្ទ​ផងដែរ​។

​ថ្លែង​នៅក្នុង​កិច្ច​ជំនួប​នោះដែរ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​សម្តែង​នូវ​ការពេញចិត្ត​ទទួលយក ចំពោះ​ការលើកឡើង​របស់​ឯក​អគ្គរដ្ឋទូត​សហព័ន្ធរុស្ស៊ី ដោយ​នាយ​ឧត្ដមសេនីយ៍ បាន​បញ្ជាក់ថា នេះ​គឺជា​ចំណុច​ល្អ​ដែល​កម្ពុជា​ចង់បាន ហើយ​សំខាន់បំផុត​នោះ​គឺ​ការជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​កងយោធពល​ខេមរភូមិន្ទ ការជួសជុល​គ្រឿង​សម្ភារ​បច្ចេកទេស ការផ្លាស់ប្ដូរ​ទស្សនកិច្ច និង​ការជួយ​ដល់​កម្លាំង​កងទ័ពជើងគោក​ជាដើម​។

​នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បាន​ថ្លែងអំណរគុណ​ដល់​អតីត​សហភាពសូវៀត ដែល​បាន​ជួយ​ជ្រោមជ្រែង​កម្ពុជា​គ្រប់បែបយ៉ាង ក្នុង​គ្រា​ដែល​កម្ពុជា​ជួប​ការលំបាក នៃ​សង្គ្រាម​អស់​រយៈកាល​ជាច្រើន​ឆ្នាំ ជាពិសេស​ការជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស សម្ភារ គ្រឿង​បំពាក់​នានា​។ នាយ​ឧត្ដមសេនីយ៍ បាន​បន្តថា បច្ចុប្បន្ននេះ​កម្ពុ​ជាមាន​សន្តិភាព​ពេញលេញ និង​មានការ​អភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ដែល​សមិទ្ធផល​ទាំងនេះ​គឺ​មិនអាច​កាត់ផ្តាច់​បាន​ពី​ការជួយឧបត្ថម្ភ​របស់​មិត្ត​រុស្ស៊ី ហើយ​ដែល​កម្ពុជា​នៅតែ​ចាត់ទុក​រុស្ស៊ី​ថា​ជា​មិត្ត​ដ៍​សំខាន់ ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​តទៅ​អនាគត​។

​ដើម្បី​ជា​សក្ខីភាព​នៃ​ការពង្រឹង​ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​រវាង​កម្ពុជា រុស្ស៊ី នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​សំណូមពរ​តាមរយៈ​ឯកអគ្គរដ្ឋទូត ដើម្បី​អញ្ជើញ​ឯកឧត្ដម​អគ្គមេបញ្ជាកា​រ​កងទ័ព​រុ​ស្សុ​ី មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុង​ពេលវេលា​ណាមួយ​សមស្រប ហើយ​ដែល​សំណូមពរ​នេះ ឯកអគ្គរដ្ឋទូត​រុស្ស៊ី ក៏បាន​សន្យាថា​នឹង​រៀបចំ​ជាក់ស្តែង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម