ចិន រុស្ស៊ី​និង​អ៊ីរ៉ង់ ធ្វើ​សមយុទ្ធ​ទ័ពជើងទឹក​រួម​គ្នា​ចាប់ពី​ថ្ងៃ​សុក្រ​

305
ចែករម្លែក

​ចិន អ៊ីរ៉ង់​និង​រុស្ស៊ី បាន​ធ្វើ​សមយុទ្ធ​ទ័ពជើងទឹក​រួម​គ្នា​ចាប់ពី​ថ្ងៃ​សុក្រ​ទី​២៧​ធ្នូ នៅក្នុង​មហាសមុទ្រ​ឥណ្ឌា​និង​ឈូង​សមុទ្រ​អូ​ម៉ង់ ចំ​ពេល​មាន​ភាព​តានតឹង​នៅក្នុង​​តំបន់​រវាង​អ៊ីរ៉ង់​និង​សហរដ្ឋ​អាម៉េរិក​។​

​ចិន​បញ្ជូន​នាវា​ពិឃាត​បំពាក់​ដោយ​កាំជ្រួច​បញ្ជា​នាំ​ផ្លូវ​ទៅ​ចូលរួម​ការហ្វឹកហាត់​រួម​ដែល​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ចន្ទ​។​

​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិចិន​លោក វូ ឈៀន បាន​និយាយថា សមយុទ្ធ​នេះ​ជា​«​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​យោធា​ធម្មតា​»​រវាង​កងកម្លាំងប្រដាប់អាវុធ​នៃ​​ប្រទេស​ទាំង​បី​និង​ស្របតាម​ច្បាប់​និង​ការអនុវត្ត​អន្តរជាតិ​។​«​វា​មិន​ជាប់​ពាក់ព័ន្ធ​នឹង​សភាពការណ៍​តំបន់​ទេ​»​។​

​ឈូង​សមុទ្រ​អូ​ម៉ង់​ជា​ផ្លូវទឹកដ៏​រសើប​មួយ​ដោយសារវា​ភ្ជាប់​ទៅ​ច្រក​សមុទ្រហ័​រមូស​ដែលជា​ផ្លូវ​ដឹកជញ្ជូន​ប្រេង​១​ភាគ​៥​របស់​ពិភពលោក​និង​បន្ត​ទៅ​ឈូង​សមុទ្រ​​ពែ​ក្ស​។​

​សមយុទ្ធ​នេះ​ក៏​កើតឡើង​ចំ​ពេល​មាន​ការ​ប្រេះឆា​រវាង​អ៊ីរ៉ង់​និង​សហរដ្ឋ​អាម៉េរិក​។​ការបែកបាក់​នេះ​កាន់តែ​ធំ​ឡើង​ចាប់តាំងពី​ឆ្នាំ​មុន​នៅ​ពេល​ប្រធានាធិបតី​អា​ម៉េ​​រិក លោក​ដូណាល់ ត្រាំ ដក​អាម៉េរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយគ្លេអ៊ែរ​ឆ្នាំ​២០១៥​រវាង​អ៊ីរ៉ង់​និង​មហាអំណាច​៦​ប្រទេស​ហើយ​ចាប់ផ្តើម​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​នេះ​​សាជាថ្មី ដោយ​ធ្វើអោយ​សេដ្ឋកិច្ច​អ៊ីរ៉ង់​ជាប់គាំង​។​

​ភាព​តានតឹង​កើន​ឡើង​មិន​មែន​ដោយសារ​តែ​កម្មវិធី​នុយគ្លេអ៊ែរ​របស់​អ៊ីរ៉ង់​ប៉ុណ្ណោះ​ទេ​តែ​ក៏​បណ្តាលមកពី​ការវាយប្រហារ​លើ​រោងចក្រ​ចម្រាញ់​ប្រេង​អា​រ៉ាប៊ីសាអូឌីត​​កាលពី​ខែ​កញ្ញា​ដែល​អាម៉េរិក​និង​អា​រ៉ាប៊ីសាអូឌីតប​ន្ទោ​សលើ​អ៊ីរ៉ង់ តែ​អ៊ីរ៉ង់​បដិសេធ​។​

​អ្នកនាំពាក្យ​កងកម្លាំងប្រដាប់អាវុធ​អ៊ីរ៉ង់​បាន​និយាយថា មហាសមុទ្រ​ឥណ្ឌា​និង​ឈូង​សមុទ្រ​អូ​ម៉ង់​ជា​តំបន់​សំខាន់សំ​រាប់ពាណិ​ជ្ជកម្ម​អន្តរជាតិ​និង​ការរក្សា​សន្តិ​​សុខ​ផ្លូវទឹក ដូច្នេះ​«​សមយុទ្ធ​នេះ​សំរាប់​គាំទ្រ​និង​បង្កើន​បទពិសោធន៍​ថែរក្សា​ពាណិជ្ជកម្ម​អន្តរជាតិ​នៅក្នុង​តំបន់​»​។​

​ចិន​មាន​ទំនាក់ទំនង​ការទូត​និង​ពាណិជ្ជកម្ម រួម​ទាំង​ថាមពល​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ៊ីរ៉ង់​។​តែ​ចិន​ក៏​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គូ​ប្រជែង​របស់​អ៊ីរ៉ង់ គឺ​អា​រ៉ាប៊ី​សាអូ​​ឌី​ត​៕​ប្រែ​សម្រួល​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម