រថយន្តកូរ៉ូឡាបុករថយន្ត​កុងតឺន័រ ពីក្រោយ ​បណ្តាលឲ្យប្ដីប្រពន្ធ ពីរនាក់រងរបួស​បែកមុខមាត់

205
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ ប្ដីប្រពន្ធមួយគូបើករថយន្តកូរ៉ូឡាមួយគ្រឿងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រចតស្ងៀមតាមចិញ្ចើមផ្លូវ ពេញទំហឹង បណ្ដាលឲ្យ​រងរបួសបែកមុខបែកមាត់ កាលពីវេលាម៉ោង ១និង ១០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចជិតច្រកចូលវត្តសំរោងអណ្ដែត តាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត​កុងតឺន័រមួយគ្រឿង ពណ៌ខៀវពាក់ផ្លាកលេខភ្នំពេញ3B-6037 បើកមកចតស្ងៀមនៅតាមចិញ្ចើម​ផ្លូវ។ លុះដល់វេលាខាងលើស្រាប់តែមាន រថយន្តមួយគ្រឿងម៉ាកកូរ៉ូឡាពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2R-5337 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយប្រពន្ធ ក្នុងទិស​ដៅ​ពីត្បូងទៅជើង​បានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រពេញទំហឹងបណ្ដាលឲ្យកៀបជាប់ ធ្វើឲ្យពីរនាក់ប្ដីប្រពន្ធ រងរបួសបែកមុខបែកមាត់ ប្រជាពលរដ្ឋ ក៏បានហៅម៉ូតូកង់បីឥណ្ឌាដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះមក ធ្វើការវាស់វែងយករថយន្តទាំងពីរ​គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕B//Ha

ទីតាំងផ្សាយពាណិជ្ជកម្ម