តុលាការ​កោះកុង ដាស់តឿន​ដល់​អង្គភាព​នគរបាល​យុត្តិធម៌​ពី​ការយក​សម្បត្តិ​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​

229
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​: ដើម្បីឱ្យ​ដំណើរការ​អនុវត្ត​ការងារ​ប្រកបដោយ​ប្រសិទ្ធិភាព និង​ទំនួល​ខុសត្រូវ ចំពោះ​តួនាទី​ភារកិច្ច​តាម​ស្ថាប័ន​ការងារ​រៀងៗ​ខ្លួន​ឈរលើ​គោលការណ៍​ច្បាប់ ប្រធាន​សាលាដំបូង និង​អយ្យការ​សាលាដំបូង​ខេត្តកោះកុង បន្ត​ដាស់តឿន​ក្រើនរម្លឹក​ដល់​ប្រធាន និង​មន្ត្រី​គ្រប់​អង្គភាព​នគរបាល​យុ​ត្ថិ​ធម៌ ត្រូវ​ប្រតិបត្តិ​ការងារ​របស់ខ្លួន​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ ជៀសវាង​ការយក​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។​

​លោក រស់ សា​រាំ ព្រះរាជអាជ្ញា​ខេត្តកោះកុង បាន​សង្កត់ធ្ងន់​ក្នុង​កិច្ចប្រជុំ​កិច្ចការ​រវាង​អង្គភាព​ក្នុង​ស្ថាប័ន​យុត្តិធម៌​ព្រហ្មទណ្ឌ និង​ការអនុវត្ត​ការងារ​បច្ចេកទេស​កាល​ពី​រសៀល​ថ្ងៃទី​២៦ ខែធ្នូ​ថា ក្នុងនាម​ស្ថាប័ន​ទទួលបន្ទុក​ក្នុងការ​ចោទប្រកាន់​ផ្នែក​ព្រហ្មទណ្ឌ គ្រប់​អង្គភាព​នគរបាល​យុត្តិធម៌ និង​មន្ទីរជំនាញ​ទាំងអស់ ចាំបាច់​ប្រតិបត្តិ​ការងារ​របស់ខ្លួន​ឱ្យបាន​ខ្ជាប់ខ្ជួន​ប្រកបដោយ​វិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ​និង​ខិតខំ​ធ្វើយ៉ាងណា​ផ្តល់​សេវាសាធារណៈ​នានា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​ឆាប់រហ័ស ឈរលើ​គោលការណ៍​តម្លាភាព និង​យុត្តិធម៌​។​

​លោក​ព្រះរាជអាជ្ញា បន្ថែមថា ហើយក៏​ត្រូវ​ជៀសវាង​ការពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន ល្បែងស៊ីសង ជាពិសេស​ការយក​ទ្រព្យសម្បត្តិ​សាធារណៈរដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ដែល​អាច​ប្រឈម​នឹង​ការផ្តន្ទាទោស​ទៅតាម​ច្បាប់​ជា​ធរមាន​។ ទោះយ៉ាងណា ១​ឆ្នាំ​មកនេះ ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​របស់លោក ក៏​កោតសរសើរ​ផងដែរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​អនុវត្ត​តួនាទី​ភារកិច្ច​របស់​អង្គភាព​នគរបាល​យុត្តិធម៌ និង​មន្ទីរជំនាញ​ស្របតាម​ច្បាប់​កម្ពុជា​។​
​គួរ​កត់សម្គាល់ថា រាល់ពេល​មាន​កិច្ចប្រជុំ​ជាមួយ​មន្ត្រីនគរបាល​យុត្តិធម៌ និង​អង្គភាព​មន្ទីរជំនាញ​ជុំវិញ​ខេត្ត​ម្តងៗ តុលាការ​ខេត្តកោះកុង តែង​ជំរុញ​ឱ្យ​ការលើកឡើង​រាល់​បញ្ហា​ប្រឈម​របស់​អង្គភាព​នីមួយៗ ដើម្បី​ផ្លាស់ប្តូរ​នូវ​មតិយោបល់​ដោះស្រាយ​កាន់តែ​មានគុណ​ភាព​ខ្ពស់​ឡើង​។​

​ទាក់ទិន​នឹង​បញ្ហា​នេះដែរ​លោក មីន មករា ប្រធាន​សាលាដំបូង​ខេត្តកោះកុង​វិញ បាន​មើលឃើញថា ការបង្កើតឱ្យមាន​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ គឺ​មិនមែនជា​វេទិកា​បន្តុះបង្អាប់​វែក​វែ​ញ​ចាប់កំហុស ឬ​ទំលាក់កំហុស​ទៅកាន់​ប្រធាន និង​មន្ត្រី​យុត្តិធម៌​ណាមួយ​នោះទេ ពោល​គោលបំណង​ផ្លាស់ប្តូរ​មតិយោបល់​គ្នា​ទៅវិញទៅមក ដើម្បី​ដោះស្រាយ​ការ​បញ្ហាលំបាក​ផ្សេងៗ​ដែលមាន​ចន្លោះប្រហោង​ក្នុងការ​បំពេញ​តួនាទី​ភារកិច្ច​។​

​លោក​ប្រធាន​តុលាការ​ខេត្តកោះកុង ក៏​រំពឹងថា ការ​រិះរក​ដំណោះស្រាយ​រួមគ្នា​សំដៅ​ធ្វើ​យ៉ាង​ឱ្យ​មន្ត្រីនគរបាល​យុត្តិធម៌ និង​ស្ថាប័ន​តុលាការ​សហការ​អនុវត្ត​នីតិវិធី​ព្រហ្មទណ្ឌ​ប្រព្រឹត្តទៅបាន​រលូន និង​ប្រសិទ្ធភាព​ខ្ពស់​។​
​គេ​នៅ​ចាំបាន​ថា កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩​ប្រធាន​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង ធ្លាប់​បានបង្ហាញ​ការគាំទ្រ​ពេញ​យ៉ាង​ទំហឹង​ទៅលើ​សកម្មភាព​បង្ការ​បង្ក្រាប និង​ត្រួតពិនិត្យ​បទល្មើស​បរិស្ថាន​ក្នុង​តំបន់​ការពារ​អភិរក្ស​នាពេល​បច្ចុប្បន្ននេះ​។​

​ប៉ុន្តែ​ស្ថាប័ន​តុលាការ​ខេត្តកោះកុង នៅតែ​ជំរុញ​ដល់​មន្ត្រី​និង​ភ្នា​ក់នគ​របាល​យុត្តិធម៌​បន្ត​តាមដាន​មុខសញ្ញា​ជនសង្ស័យ​ថែមទៀត ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​សាធារណៈ និង​ធនធានធម្មជាតិ​របស់​រដ្ឋ​ឱ្យបាន​គង់វង្ស​៕ ល​