ចែករំលែកគោលនយោបាយជាតិលើវិស័យទេសចរណ៍ជូននិស្សិតរៀនជំនាញ​ទេសចរណ៍បានយល់ដឹង

529
ចែករម្លែក

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានអញ្ចើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាចែករំលែកបទពិសោធន៍ស្តីពី “ការសិក្សាស្រាវជ្រាវ និងគោលនយោបាយជាតិលើវិស័យទេសចរណ៍” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦-២៧ ខែធ្នូ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ (CKCC) ភ្នំពេញដែលមាន និស្សិតដែលកំពុងសិក្សាជំនាញទេសចរណ៍ក្នុងឆ្នាំទី៣ និងទី៤ ចំនួនប្រមាណ ៣០០នាក់។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយនាយកដ្ឋានសិក្សាស្រាវជ្រាវ និងគោលនយោបាយទេសចរណ៍ ក្នុងគោលបំណង ដើម្បីបង្កើនសមត្ថភាពសិក្សាស្រាវជ្រាវក្នុងវិស័យទេសចរណ៍ ជម្រុញការចូលរួម និងលើកកម្ពស់សកម្មភាពស្រាវជ្រាវសំដៅប្រមូលធាតុចូល ចងក្រងឯកសារក្នុងក្របខណ្ឌគុណវុឌ្ឍិបំរើវិស័យទេសចរណ៍កម្ពុជា។

ទិត ចន្ថា បានលើកឡើងពីការរីកចំរើនវិស័យទេសចរណ៍ ដោយឈរលើគោលការណ៍នៃការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តភាព និងការទទួលខុសត្រូវស្របតាមចក្ខុវិស័យ ទេសចរអន្តរជាតិបានមកទស្សនាកម្ពុជាមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

លោក រដ្ឋលេខាធិការ បានលើកឡើងពីសារៈសំខាន់នៃការសិក្សាស្រាវជ្រាវក្នុងគោលនយោ​បាយទេសចរណ៍ធ្វើឱ្យយើងអាចមើលឃើញពីបញ្ហា និងសិក្សាស្វែងរកដំណោះស្រាយ ជួយក្នុងការអភិវឌ្ឍ និងផ្តល់បទពិសោធន៍ទេសចរណ៍ដែលអាចឆ្លើយតប ឬបន្ថែមលើសពីការរំពឹងទុករបស់ភ្ញៀវទេសចរ និងជួយបង្កើតការច្នៃប្រឌិតនិងគាំទ្រដល់ការអភិវឌ្ឍទេសចរណ៍។

លោកស្រី ប៉ូច វរលក្ខណ៍ នាយកវិទ្យាស្ថានជាតិទេសចរណ៍ បានមានប្រសាសន៍ថា៖ ការស្រាវជ្រាវមិនត្រឹមតែមានសារៈសំខាន់សម្រាប់និស្សិត និងអ្នកសិក្សាប៉ុណ្ណោះទេ ប៉ុន្តែគឺសម្រាប់អ្នកជំនាញទាំងអស់ ជាពិសេសការសិក្សាស្រាវជ្រាវក្នុងវិស័យទេសចរណ៍ ត្រូវធ្វើឡើងក្នុងភាពជាដៃគូ ដើម្បីចងក្រងជាឯកសារស្នាដៃឆ្នើម និងផ្សព្វផ្សាយទេសចរណ៍ ដោយត្រូវផ្តោតទៅលើរមណីយដ្ឋានវប្បធម៌ ធម្មជាតិ ប្រវត្តិសាស្រ្ត និងការគោរពនូវតម្លៃប្រពៃណី ទំនៀមទំលាប់របស់ជាតិ ក្នុងន័យធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍មួយដែលមានការជ្រើសរើសពីសំណាក់ទេសចរជាតិ និងអន្តរជាតិ ដោយធ្វើការបង្កើតយន្តការសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយ សមស្របតាមសន្ទុះរីកចម្រើននៃវិស័យទេសចរណ៍ ការសិក្សាស្រាវជ្រាវដើរតួនាទីជាស្ពានដើម្បីសំរេចគោលដៅ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម