វិថីម្ហូបអាហារទទួលបានការគាំទ្រពី​ភ្ញៀវលើបញ្ហាសេវាកម្ម​

288
ចែករម្លែក

ដោយ:បូកគោ/កំពត ៖ ក្រោយសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រហូតដល់បច្ចុប្បន្ន វិថីម្ហូបអាហារក្នុងក្រុងកំពតកំពុងទទួលបាន​នូវការ​គាំទ្រពីប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរ​ជាតិ តាមរយៈរសជាតិ​អាហារ​ឈ្ងុយឆ្ងាញ់ច្រើនប្រភេទ ជាមួយតម្លៃសមរម្យ ពិសេសបរិយាកាស​នៃទីតាំងមានអនាម័យ បរិស្ថានល្អ និងប្រកបដោយផាសុកភាព។

កញ្ញា ហេង សុគន្ធី អាជីវករលក់ម្ហូបចំណីនៅផ្សារម្ហូបអាហារក្រុងកំពត​បានរៀបរាប់កាលពីរាត្រីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ថា នាងបើកលក់សង្វាក់ នំបញ្ចុក និងសាច់ជ្រូកអាំងបាយ ដំណើបនៅទីនេះតាំងពីមុនពិធីបុណ្យ​សមុទ្រម្ល៉េះ។ មកដល់សព្វថ្ងៃ​ភ្ញៀវជិតឆ្ងាយបានស្គាល់ទីតាំងកាន់តែច្រើន​ធ្វើឱ្យការលក់ដូរដាច់ជាងមុន។

កញ្ញារំពឹងថា សម្រាប់ឱកាសនៃពិធីបុណ្យឆ្លងឆ្នាំខាងមុខនឹងមានភ្ញៀវមកលេង ហើយចូលទទួលទានអាហារកាន់តែច្រើនថែមទៀត។ ដោយឡែក លោកសុខ គា ភ្ញៀវមកពីរាជធានីភ្នំពេញ បានរៀបរាប់ថា លោកមកកាន់ទឹកដីនៃ​ក្រុងកំពតក្នុងពេលនេះដើម្បីបំពេញបេសកកម្មការងាររយៈពេលខ្លី។ អ្វីដែលប្លែកជាងមុន និងមានការចាប់អារម្មណ៍សម្រាប់ដំណើរមកដល់លើកនេះ​គឺឃើញវត្តមានផ្សារម្ហូបអាហារដែលបង្កភាពងាយស្រួលក្នុងការជ្រើសរើសមុខម្ហូប​​ ដែលលោកពេញចិត្ត។ ស្ទើរគ្រប់ម្ហូបចំណីនៅទីនេះមានរសជាតិឆ្ងាញ់ពិសា និងតម្លៃសមរម្យ អាចទទួលយកបាន។

លោកសយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានមានប្រសាសន៍ថា រហូតមកដល់ថ្ងៃនេះ វិថីម្ហូបអាហារនៅតែមានសភាពល្អប្រសើរ ដោយភ្ញៀវមក​ទទួលទាន​ចំណីអាហារយ៉ាងច្រើនកុះករ។ នៅទីនេះម្ហូបអាហារសម្បូរបែប ពិសេសការរៀបចំមានអនា​ម័យ​ល្អ បរិស្ថានស្អាត និងពោរពេញដោយ​ផាសុកភាព។ លោកប្រធានមន្ទីរបានសម្តែងនូវក្តីសុទិដ្ឋិថា ផ្អែកលើទិដ្ឋភាព​នៃកិច្ចគាំទ្រ​ដ៏ផុលផុសរបស់អតិថិជននាពេលបច្ចុប្បន្ន លោកសង្ឃឹមថា​នៅពេលខាងមុខវិថីម្ហូបអាហារនឹងពង្រីកទ្រង់ទ្រាយរបស់ខ្លួនកាន់តែធំ ហើយមាន​ដំណើរការប្រសើរឡើងថែមទៀត៕B/Ha

  

ទីតាំងផ្សាយពាណិជ្ជកម្ម