ចាប់ខ្លួន​មុខសញ្ញា​ប្លន់​យ៉ាង សកម្ម​ទូទាំងប្រទេស​ម្នាក់​

282
ចែករម្លែក

ដោយ​: ចាន់ ថន / ព្រៃវែង​: មុខសញ្ញា​ប្លន់​ប្រដាប់អាវុធ​តាម​បណ្ដា​រាជធានី​ខេត្ត​ម្នាក់ ត្រូវបាន​នគរបាល​ខេត្តព្រៃវែង ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​។​

​ប្រតិបត្តិការ​ចាប់ខ្លួន​មុខសញ្ញា​ប្លន់​យ៉ាងសកម្ម​នេះ ក្រោម​បទបញ្ជា​ពី​លោក​ឧត្ដមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការ​នគរបាល​ខេត្តព្រៃវែង ដឹកនាំ​ផ្ទាល់​ដោយ​លោក ពៅ ជីវី ស្នងការរង​ខេត្តព្រៃវែង រហូត​ឈានដល់​ចាប់ខ្លួន​ឈ្មោះ ស៊ន់ ស្រ៊ាង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ស្វាយ​អ​ន្ទ​រ​ទី​១ ​ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។ ការឃាត់ខ្លួន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​២៦​ខែធ្នូ​ឆ្នាំ​២០១៩​។​

​លោក ពៅ ជីវី ស្នងការរង​ខេត្តព្រៃវែង​បាន​ថ្លែងថា មុខសញ្ញា​នេះ​ជាប់ចោទ​ពីបទ លួច​មាន​ស្ថាន​ទម្ងន់ទោស និង​បទល្មើស​ផ្សេងៗ​។ ជននេះ​តែងតែ​ប្លន់​ លួច រថយន្ត​និង​ម៉ូតូ តាម​បណ្តា​ខេត្ត​នានា​ទូទាំងប្រទេស ដែលមាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួនច្រើន​ករណី​។ ដីកា​ទី​១ លេខ​០៣/១៩​ចុះ​ថ្ងៃទី​០៥​ខែមករា​ឆ្នាំ​២០១៩ បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ ស៊ន់ ស្រ៊ាង ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ប្រព្រឹត្ត​នៅ​ភូមិ​សត្វ​ពង ឃុំ​សត្វ​ពង ស្រុក​ឈូក ខេត្តកំពត ចេញ​ដោយ​លោក អាំង សុភា​
​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពត​។ ដីកា​ទី​២ បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​១៥​ដប​ច​ព្រ​/​ទ​២០១៩​ចុះ​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០១៩ ចេញ​ដោយ​លោក សាំង សេរី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តព្រៃវែង ពីបទ​ប្រើប្រាស់​ឯកសារ​ក្លែង​។ ដីកា​ទី​៣ បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​១៧០/១៩​ចុះ​ថ្ងៃទី​១៩​ខែសីហា​ឆ្នាំ​២០១៩ ឲ្យ​ចាប់ខ្លួន​ឈ្មោះ ស៊ន់ ស្រ៊ាង ពីបទ​ប្រើប្រាស់​ឯកសារ​ក្លែង​ ចេញ​ដោយ​លោក រស់ បូ​ផា​ណា ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្តព្រៃវែង​។ ដីកា​ទី​៤ បង្គាប់​ឲ្យ​ចាប់ខ្លួន លេខ​៤៦២​ដកប​ចខ ចុះ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ របស់លោក ពេ​ជ ម៉ា​រ៉ែ​ន ចៅក្រម​ស៊ើបសួរសាលាដំបូង​ខេត្តកណ្តាល​។

​លោក ពៅ ជីវី បញ្ជាក់ថា ក្រោយ​ចាប់ខ្លួន​ សមត្ថកិច្ច​ដក​ហូត​វត្ថុតាង​រួមមាន ម៉ូតូ​ម៉ាក C125 ពណ៌​ខ្មៅ​ស៊េរី​២០២០ លេខ​តួ​និង​លេខ​ម៉ាស៊ីន 5609031 គ្មាន​ផ្លាកលេខ​ចំនួន​១​គ្រឿង​។ ផ្លាកលេខ​ម៉ូតូ​១៦​ផ្លាក កញ្ចក់​ម៉ូតូ​ចំនួន​៥​គូ សោ​ម៉ូតូ​ចំនួន​៤ សោ​លេខ​១២​ចំនួន​១ សោ​លេខ​១៤​ចំនួន​១​ កាំបិតកៃ​ចំនួន​១ វ៉ា​លិស​ពណ៌​ខ្មៅ​ចំនួន​១​ ​វិក្កយបត្រ​ពេទ្យ​ចំនួន​១​សន្លឹក ទូរស័ព្ទ​ម៉ាក​ណូគា​ពណ៌​ខ្មៅ​ចំនួន​១​គ្រឿង​។​

​បច្ចុប្បន្ន​មុខសញ្ញា​ខាងលើ និង​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម