សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​បង្ហាញមុខ​ក្រុម​ជនដៃដល់​ដែល​ធ្វើ​សកម្មភាព​វាយ​គ្នា​ពេល​ចេញពី​ក្លិប​ហ្គោល​ឡាញ​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​

265
ចែករម្លែក

ដោយ​: សម្បត្តិ / ភ្នំពេញ​: អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​នា​រសៀល​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ បានធ្វើការ​បង្ហាញមុខ​ក្រុម​ជនដៃដល់​ចំនួន​៨​នាក់ ក្រោយពី​បានធ្វើ​សកម្មភាព​វាយតប់​កាប់​ចាក់​គ្នា​នៅ​ក្លិប​ហ្គោល​ឡាញ​មួយកន្លែង បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ ហើយ​សមត្ថកិច្ច​ក៏បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ យកមក​ធ្វើការ​បង្ហាញ​មុខជា​សាធារណៈ​នេះ​តែម្ដង​។​

​ជនសង្ស័យ​ទាំង ៨​នាក់ ដែល​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ទី​១.​ឈ្មោះ​សួន​សារិទ្ធ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​, ទី​២.​ឈ្មោះ ប៉ែន សំអាត ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​, ទី​៣.​ឈ្មោះ ឆន គឹម​ថុង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​, ទី​៤.​ឈ្មោះ គង់ ឈិន​លី​, ទី​៥.​ឈ្មោះ លាភ សុខ​រាជ​, ទី​៦.​ឈ្មោះ​សូ ពេជ្រ​, ទី​៧.​ឈ្មោះ មិ ម៉េង​ហុង​, ទី​៨.​ឈ្មោះ ហង់ សុ​ខេន ហៅ​ភ្លើង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រួមទាំង​បាន​ដកហូត​ម៉ូតូ​ចំនួន ៥​គ្រឿង​។ ចំណែក​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ គីម ឈុនលី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​អ្នក​ដឹក​អី​វ៉ាន់​តាម​អន​ឡាញ ស្នាក់នៅ​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ មាន​ស្រុកកំណើត​ភូមិ​ព្រែក​ក្របៅ​២ ឃុំ​ព្រែក​អំពិល ស្រុ​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។​

​គួ​រំលឹក​ផងដែ​ថា កាលពី​វេលា​ម៉ោង ១២ និង ៤០ នាទី​យប់​រំលង​អ​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី ២៥ ខែធ្នូ​ឆ្នាំ ២០១៩ នៅ​ចំណុច​មុខផ្ទះ​លេខ​៤៦៥ ផ្លូវ​លេខ​១៩៨៨ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ក្រុម​ជនសង្ស័យ​មាន​គ្នា​ចំនួន​១០​នាក់ បាន​ជួបជុំគ្នា​ផឹកស៊ី​រាំលេង​នៅក្នុង​ក្លិប​ហ្គោល​ឡាញ សង្កាត់​ភ្នំពេញ​ថ្មី​ ចូលរួម​ក្នុង​កម្មវិធី​ខួបកំណើត​របស់​ឈ្មោះ សុខ រាជ លុះ​រំលង​អ​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៩ ដោយ​ឈ្មោះ ហង់ សុ​ខេន មាន​សភាព​ស្រវឹងស្រា​បាន​ដើរ​ចេញពី​ក្លិប​មកឈរ​នៅមុខ​ក្លិប មើលឃើញ​ក្រុម​បក្ខពួក​ជនរងគ្រោះ​២​នាក់ ដែល​ទើបតែ​ចេញ​មកពី​កន្លែង​ផឹកស៊ី​នៅក្នុង​ហាង​មួយកន្លែង ក្នុងស្ថានភាព​ស្រវឹង​មក​រាំ​នៅក្នុង​ក្លិប​នេះដែរ ក៏បាន​ផ្ទុះ​កំហឹង​ដោយសារ​ខាង​ភាគី​ជនរងគ្រោះ​បាន​ដក​ដែក​រលា​ស់វាយ​ខ្លួន​កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៩ ។ពេលនោះ​ជនដៃដល់​ក៏បាន​ស្ទុះ​ទៅ​វាយ​ក្រុម​ជនរងគ្រោះ​ចំនួន​២​ដៃ​ចំ​លើ​ផ្ទៃមុខ រួច​ស្រែក​ឡូឡា​ផ្អើល​ឈូឆ​រដល់​ក្រុម​បក្ខពួក​រត់ចេញ​ពី​ក្នុង​ក្លិប​មក​ប្រយុទ្ធ​គ្នា​ទៅវិញទៅមក​ជា​ក្រុម​។ ពេល​ប្រ​ទូស្ត​រាយ​គ្នា សន្តិសុខ​យាម​នៅក្នុង​ក្លិប​បាន​ឃាត់ខ្លួន​ឈ្មោះ ហង់ សុ​ខេន ទុក ហើយ​ក្រុម​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញទៅ​។ ភ្លាមនោះ ក្រុម​ជនដៃដល់​ក៏បាន​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ​ចេញពី​មុខ​ក្លិប​ទៅខាង​ក្រោយ​ក្លិប ចំណុចកើតហេតុ​ជា​លើក​ទី​២ ហើយ​ក៏បាន​កើតជា​ហិង្សា ដោយ​បក្ខពួក​ជនសង្ស័យ​ដេញ​វាយ​បក្ខពួក​រងគ្រោះ​ប្រដាប់​ដោយ​ដំបង ដុំថ្ម ដុំឥដ្ឋ​បណ្ដាល​ឲ្យ​ស្លាប់​ខាង​ជនរងគ្រោះ​ម្នាក់ រួច​បាន​ប្លន់​យក​គ្រឿងអលង្ការ​នៅជាប់​ខ្លួន​ជនរងគ្រោះ​អស់ពី​ខ្លួន​មាន​ខ្សែក​មាស​មួយ​តម្លឹង ចិញ្ចៀន​ផ្លាក​ទីន ៥​ជី និង​នាឡិកាដៃ​មួយគ្រឿង​ រួចមក​បក្ខពួក​ជន​សង្ស័យ​បាននាំគ្នា​រត់គេចខ្លួន​បាត់​ស្រមោល​។​

​ក្រោយកើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទំនាក់ទំនង​ទៅខាង​ផ្នែក​ជំនាញ ចុះ​មកដល់​កន្លែងកើតហេតុ រួច​ធ្វើការ​ហ៊ុមព័ទ្ធ​នៅនឹងកន្លែង​កើតហេតុ​។ បន្ទាប់មក​កម្លាំង​ជំនាញ​បានធ្វើ​កោសល្យ​វិ​ច័យ​ទៅលើ​សព​ជនរងគ្រោះ មាន​ស្នាម​បែកក្បាល​ផ្នែក​ខាងក្រោយ និង​សៀតផ្កា​ដែល​ជនសង្ស័យ​វាយ​នឹង​ដុំថ្ម​ពិត​ប្រា​កដ​មែន​ រួច​បានប្រគល់​សាកសព​ឲ្យ​សាច់ញាតិ​យកទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែកឯ​ក្រុម​បក្ខពួក​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​បាន​ចំនួន​៨​នាក់ រួមទាំង​ដកហូត​បាន​ម៉ូតូ​ចំនួន​៥​គ្រឿង យកមក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ធ្វើការ​សាកសួរ និង​យកមក​បង្ហាញ​ជា​សាធារណៈ ។ក្រោយពី​ធ្វើការ​បង្ហាញមុខ​ចប់​សមត្ថកិច្ច​នឹង​បញ្ជូន​ជនដៃដល់​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម