សារ​ពិសេស​របស់​ឯកអគ្គរ​ដ្ឋ​ទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា ក្រោយ​ការបញ្ចប់​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​កូរ៉េ ឆ្នាំ​២០១៩ និង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​កូរ៉េ​លើក​ទី​១

874
ចែករម្លែក
​បណ្ឌិត ផាក ហ៊ឹង​ខ្យ​ង់ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​

ដោយៈ​បណ្ឌិត ផាក ហ៊ឹង​ខ្យ​ង់ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​កូរ៉េ​ឆ្នាំ​២០១៩ និង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​កូរ៉េ​លើក​ទី​១ ត្រូវបាន​ប្រារព្ធ​ដោយ​ជោគជ័យ​ចាប់ពី​ថ្ងៃទី​២៥ ដល់​២៧​ខែវិច្ឆិកា នៅ​ទីក្រុង​ប៊ូសាន​នៃ​សាធារណរដ្ឋ​កូរ៉េ​។ កិច្ចប្រជុំ​កំពូល​លើក​នេះ ត្រូវបាន​ប្រារព្ធ​ឡើង​ដើម្បី​រំលឹក​អនុស្សាវរីយ៍​ខួប​៣០​ឆ្នាំ នៃ​ការកសាង​ទំនាក់ទំនង​កិច្ចសន្ទនា​រវាង​អាស៊ាន និង​សាធារណរដ្ឋ​កូរ៉េ យើង​ជឿជាក់ថា កិច្ចប្រជុំ​កំពូល​នេះ​បាន​ក្លាយទៅជា​ឱកាស​ដ៏​សំខាន់​ក្នុង​ការកំណត់​ទិសដៅ​នៃ​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់​ថ្ងៃ​អនាគត​តាម​វិស័យ​នីមួយៗ ក៏ដូចជា​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​អាស៊ាន និង​កូរ៉េ ក្នុងការ​អនុវត្ត​គោលនយោបាយ​ទិសដៅ​តំបន់​ខាងត្បូង​ថ្មី ក្នុង​គោលបំណង ដើម្បី​ពង្រឹង​ទំនាក់ទំនង រវាង​បណ្តា​ប្រទេស​អាស៊ាន ក្រោម​ចក្ខុវិស័យ ’​សហគមន៍​នៃ​សន្តិភាព និង​វិបុលភាព​ដោយ​ផ្តោតជាសំខាន់​លើ​ប្រជាជន​’​។​


​កិច្ចប្រជុំ​កំពូល​ពិសេស​លើក​នេះ សម្រេចបាន​នូវ​លទ្ធផល​ដោយបាន​ដាក់ចេញ​នូវ សេចក្តីថ្លែងការណ៍​ស្តីពី​ទស្សនវិស័យ​រួម​ដែល​បង្ហាញ​អំពី​គំរូ​ផែនការ​វិជ្ជមាន សម្រាប់​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​កូរ៉េ ក្នុង​រយៈពេល​៣០​ឆ្នាំ​បន្ត​ទៅមុខ ក្នុង​គោលដៅ​អភិវឌ្ឍន៍​ទំនាក់ទំនង​ភាពជា​ដៃគូ​ជា​យុទ្ធសាស្ត្រ​រវាង​អាស៊ាន​-​កូរ៉េ និង​សេចក្តីថ្លែងការណ៍​របស់​សហប្រធាន​នៃ​កិច្ចប្រជុំ​កំពូល ដែលមាន​ខ្លឹមសារ​ស្តីពី​លទ្ធផល​នៃ​ការពិភាក្សា​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស ព្រមទាំង​ស្ថានភាព​កិច្ចសហប្រតិបត្តិការ​តាម​វិស័យ​នីមួយៗ និង​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​រយៈពេល​កន្លងមក ។ ស្រប​ជាមួយគ្នានេះដែរ កិច្ចប្រជុំ​កំពូល​មេគង្គ​-​កូរ៉េ ក៏បាន​ដាក់ចេញ​នូវ ’​សេចក្តីប្រកាស​ទន្លេមេគង្គ​-​ទន្លេ​ហាន​’ ស្តីពី​វិធានការ នៃ​កិច្ចសហប្រតិបត្តិការ​តាម​វិស័យ​នីមួយៗ ស្របតាម​គោលនយោបាយ​ទិសដៅ​តំបន់​ខាងត្បូង​ថ្មី ដូចជា​កិច្ចសហប្រតិបត្តិការ​ជា​អាទិភាព​ចំនួន​៧ រួមមាន​វិស័យ​វប្បធម៌ និង​ទេសចរណ៍ ការអភិវឌ្ឍ ធនធានមនុស្ស​ជាដើម ព្រមទាំង​គម្រោង​អនុវត្ត​សំខាន់ៗ​របស់​កិច្ចប្រជុំ​កំពូល​។​


​ជាពិសេស តាមរយៈ​ជំនួប​រវាង​រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​កូរ៉េ​ក្នុងឱកាស​កិច្ចប្រជុំ​កំពូល​ពិសេស​លើក​នេះ​ភាគី​ទាំងពីរ​បានធ្វើ​ការពិភាក្សា​ស្តីពី​ការពង្រឹង​មូលដ្ឋាន​នៃ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ច្បាប់​រវាង​ប្រទេស​ទាំងពីរ​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់​វិបុលភាព​រួម​ប្រកបដោយ​ភាពអនុគ្រោះ​ទៅវិញទៅមក និង​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​កូរ៉េ និង​មេគង្គ​-​កូរ៉េ​ជាដើម​។ រដ្ឋមន្ត្រី​ទាំង​២​បាន​វាយតម្លៃ​យ៉ាងខ្ពស់​ចំពោះ​ការអភិវឌ្ឍ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​លើ​វិស័យ​នានា​យ៉ាង​ទូលំទូលាយ ក្នុង​រយៈពេល​ជិត​២០​ឆ្នាំកន្លងមក ក្រោយ​ការភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើងវិញ​នៅ​ឆ្នាំ​១៩៩៧ ដូចជា ការផ្លាស់ប្តូរ​ទំនាក់ទំនង​រវាង​ប្រជាជន វិបុលភាព​រួម និង​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់​ការអភិវឌ្ឍ​ជាដើម ហើយ​តាមរយៈ​ជំនួប​រវាង​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ទាំង​២ ក៏​នាំ​ឲ្យ​មានការ​ឈានដល់​ការពង្រឹង​មូលដ្ឋាន​ប្រព័ន្ធ​ច្បាប់​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ តាមរយៈ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​និង​សន្ធិសញ្ញា​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​។​


​ប្រទេស​កូរ៉េ​ជា​ប្រទេស​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​២ ក្នុងការ​ធ្វើការ​វិនិយោគ​ច្រើនជាងគេ​នៅ​កម្ពុជា ហើយ​តាមរយៈ​ការពិចារណា​លើ​សក្តានុពលភាព និង​អត្រាកំណើន​សេដ្ឋកិច្ច​ខ្ពស់​របស់​កម្ពុជា យើង​សង្កេតឃើញថា ប្រទេស​ទាំង​២​មានលទ្ធភាព​ខ្ពស់​ក្នុងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​គ្នា​ទៅវិញទៅមក​។ យើង​រំពឹង​បាន​ថា តាមរយៈ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​លើក​នេះ នឹង​បង្ក​ឲ្យ​មានការ​ជម្រុញ​បង្កើន​ការវិនិយោគ​រវាង​ប្រទេស​ទាំង​២ ដែល​នឹង​រួមចំណែក​យ៉ាង​ធំ​ក្នុងការ​អភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ ប្រកបដោយ​ភាពអនុគ្រោះ​រវាង​គ្នា​ទៅវិញទៅមក​។ ជាមួយគ្នានេះដែរ យើង​ក៏​រំពឹង​បានដែរ​ថា តាមរយៈ​ការចុះ​សន្ធិសញ្ញា​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ ក៏​នឹង​ជួយ​ពង្រឹង​មូលដ្ឋានគ្រឹះ​ផ្នែក​ច្បាប់ ដើម្បី​ឈានទៅរក​ការពង្រឹង​ការផ្លាស់ប្តូរ​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ និង​ជួយ​ការពារ​ប្រជាជន​នៃ​ប្រទេស​ទាំង​២ ក្នុងខណៈ​ដែលជា​រៀងរាល់​ឆ្នាំមាន​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​២​ចំនួន​លើសពី​៣០​ម៉ឺន​នាក់ បានធ្វើ​ដំណើរ​ទៅវិញទៅមក​រវាង​ប្រទេស​កម្ពុជា​-​កូរ៉េ​។


​ដោយឡែក កិច្ចប្រជុំ​កំពូល​មេគង្គ​-​កូរ៉េ​លើក​ទី​១ ត្រូវបាន​ទទួល​ការ​វាយតម្លៃថា​មាន​អត្ថន័យ​យ៉ាង​ស៊ីជម្រៅ អាស្រ័យ​ដោយហេតុថា កិច្ចប្រជុំ​កំពូល​មេគង្គ​-​កូរ៉េ​នេះ ត្រូវបាន​ប្រារព្ធ​ឡើងជា​លើកដំបូង ក្រោយ​បាន​ដំឡើង​កម្រិត ពី​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី ដែល​ត្រូវបាន​ប្រារព្ធ​ឡើងជា​បន្តបន្ទាប់​ចាប់ពី​ឆ្នាំ ២០១១​មក ទៅជា​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​កម្រិត​កំពូល កត្តា​នេះ​ក៏បាន​បង្កើតជា​ឱកាស​ដ៏​ល្អ​ដើម្បី ពង្រឹង​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​កូរ៉េ ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​នា​ថ្ងៃ​អនាគត​។ បណ្តា​ប្រទេស​ក្នុង​តំបន់​មេគង្គ ដែល​នាំមុខ​កំណើនសេដ្ឋកិច្ច​ប្រទេស​ក្នុង​តំបន់ ដោយ​ឈរលើ​មូលដ្ឋាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ជាង​៦%​ជា​រៀងរាល់ឆ្នាំ គឺជា​ដៃគូ​នៃ​កិច្ចសហប្រតិបត្តិការ​ស្របតាម​គោលនយោបាយ​ទិសដៅ​តំបន់​ខាងត្បូង​ថ្មី​របស់​កូរ៉េ​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​អាស៊ាន​-​កូរ៉េ ហើយ​យើង​ក៏​រំពឹង​ដែរ​ថា​នឹង មានការ​បង្កើត​នូវ​ទំនាក់ទំនង​ភាពជា​ដៃគូ​រវាង​មេគង្គ​-​កូរ៉េ​សម្រាប់​សន្តិភាព និង​វិបុលភាព​ដោយ​ផ្តោត ជាសំខាន់​ទៅលើ​ប្រជាជន​។


​បច្ចុប្បន្ន បណ្តា​ប្រទេស​ទូទាំង​ពិភពលោក កំពុង​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការអភិវឌ្ឍ​តំបន់​មេគង្គ​។ កម្លាំងចលករ និង​សក្តានុពលភាព​ក្នុងការ​រីកលូតលាស់ ជាពិសេស​ស្មារតី​គោរព​គ្នា​ទៅវិញទៅមក​របស់​បណ្តា​ប្រទេស​ក្នុង​តំបន់​មេគង្គ រួមទាំង​ប្រទេស​កម្ពុជា នឹង​ជួយ​ធ្វើការ​បើក​នូវ​ទំព័រ​សករាជ​ថ្មី​នៃ​ពិភពលោក​នា​ថ្ងៃ​អនាគត​។ ប្រទេស​កូរ៉េ សង្ឃឹមថា នឹង​ទទួលបាន​នូវ​វិបុលភាព​រួមជាមួយ​នឹង​បណ្តា​ប្រទេស​តំបន់​មេគង្គ​។ ដើម្បី​សម្រេចបាន​នូវ​ក្តីសង្ឃឹម​នេះ ប្រទេស​កូរ៉េ​មាន​គោលបំណង​ចង់​ក្លាយ​ទៅ ជា​ដៃគូ​នៃ​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​សន្តិភាព និង​វិបុលភាព តាមរយៈ​ការធ្វើ​កិច្ចសហការ​ជាមួយនឹង បណ្តា​ប្រទេស​ក្នុង​តំបន់​មេគង្គ​លើ​វិស័យ​ជាច្រើន ដូចជា​ការអភិវឌ្ឍ​ជនបទ ការអភិរក្ស​ជីវៈចម្រុះ និង ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម​។​
​ខ្ញុំ​ជឿជាក់ថា កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​កូរ៉េ​ឆ្នាំ​២០១៩ និង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​កូរ៉េ​លើក​ទី​១​នឹង​ជួយ​អភិវឌ្ឍ​ទំនាក់ទំនង​រវាង​អាស៊ាន​-​កូរ៉េ និង​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​កូរ៉េ ឲ្យ​កាន់​តែមាន​ភាព​ស៊ីជម្រៅ​បន្ថែមទៀត ព្រមទាំង​បន្ត​ជួយ​ពង្រីក​បន្ថែម​នូវ​វិសាលភាព​នៃ​កិច្ចសហប្រតិបត្តិកា​រវិ​បុល​ភាព​រួម ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​រួមគ្នា​ឆ្ពោះទៅរក​ភាព​រី​ចម្រើន​នា​ថ្ងៃ​អនាគត ៕សរន