ទោះ​មួយ​សល់​សិស្ស​តែ​ម្នាក់​ក៏​ស៊ូ​បង្រៀន​មិន​ព្រម​បោះបង់​

1234
ចែករម្លែក

​គ្រូបង្រៀន​ដ៏​ប្តូរផ្តាច់​ម្នាក់ បានធ្វើឱ្យ​មនុស្ស​ជាច្រើន​លាន​នាក់​រំជួលចិត្ត​ជាខ្លាំង​បន្ទាប់ពី​គាត់​ខំតស៊ូ​បង្រៀន​មិន​ព្រម​បោះបង់​ការបង្រៀន​​នៅ​សាលា​តូច​មួយ​នៅ​ជនបទ​ដាច់ស្រយាល​ក្នុងប្រទេស​ចិន ទោះបីជា​សាលា​ទាំងមូល​សល់​សិស្ស​តែ​ម្នាក់​ក្តី​។

​លោក ស៊ូ ចឺ​ហ្វឹ​ង (Xu Zefeng) គឺជា​គ្រូបង្រៀន​ចុងក្រោយ​នៅ​បឋមសិក្សា​យូ​ឈឹង (Youcheng Primary School) ដែល​នៅ​​សល់​តែ​សិស្ស​ថ្នាក់​ទី​៤ តែ​ម្នាក់​គត់​ឈ្មោះ ស៊ូ ជា​ឈី (Xu Jiaqi) អាយុ ១១ ឆ្នាំ​។​

​លោកគ្រូ​វ័យ ៥៤ ឆ្នាំ​រូបនេះ​យល់ថា វា​ជាការ​ទទួលខុសត្រូវរ​បស់​គ្រូបង្រៀន​ដែល​ត្រូវ “​បន្ត​បង្រៀន ទោះជា​នៅសល់តែ​សិស្ស​ម្នាក់​ក៏ដោយ​”​។ ​ពីរ​នាក់​គ្រូ និង​សិស្ស​ខំតស៊ូ​ទៅ​រៀន និង​បង្រៀន​មិនដែល​ខាន​ឡើយ ទោះ​ជាមាន​ខ្យល់​ខ្លាំង ឬ​មេឃ​ភ្លៀង​ក៏ដោយ​។

​យោងតាម​សេចក្តីរាយការណ៍​ថា សិស្ស​ផ្សេងៗ​ទៀត​បាន​ប្តូរ​ពី​សាលា​នៅលើ​ភ្នំ​ថៃ​ហាង​(Taihang)​ខាងលើនេះ​ដើម្បី​ទៅ​សាលា​ល្អៗ​នៅ​​តំបន់​ប្រជុំជន​ដែល​នៅ​ជើងភ្នំ​។

​សូមបញ្ជាក់ថា លោក ស៊ូ ចឺ​ហ្វឹ​ង បាន​បង្រៀន​នៅ​សាលា​នេះ​តាំងពី​ឆ្នាំ​១៩៨២ ម្ល៉េះ​។ ហើយ​កាលពី​ទស្សវត្សរ៍​ឆ្នាំ​១៩៩០ មាន​សិស្ស​ជាង ១០០ នាក់ និង​គ្រូ​ចំនួន​៩ នាក់​នៅ​សាលា​នេះ ហើយ​កាលនោះ​ពិតជា​សប្បាយ​ណាស់​៕
ដោយ​៖ ខុម​/sn

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ