​ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍​

278
ចែករម្លែក

ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: ពិធីបុណ្យ​សមុទ្រ លើក​ទី​៨ ជុំ​ទី​២ នៅ​ខេត្តកំពត រយៈពេល​បី​ថ្ងៃ បាន​បិទ​បញ្ចប់ កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៩ ប្រកបដោយ​ភាពសប្បាយ​រីករាយ និង​ទទួលបាន​លទ្ធផល​ជោគជ័យ​។ ក្រសួងទេសចរណ៍ បានប្រកាសថា ក្នុង​រយៈពេល ៣​ថ្ងៃនេះ មាន​ប្រជាពលរដ្ឋ និង​អ្នកទេសចរ ចូលរួម​កម្សាន្ត​ប្រមាណ ៩០​ម៉ឺន​នាក់​។​

​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៣ ខែធ្នូ រដ្ឋសភា បាន​បើក​កិច្ចប្រជុំពេញអង្គ ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្ដីព្រាងច្បាប់ ពាក់ព័ន្ធ​នឹង​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​ក្រុមហ៊ុន​ឯកជន សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​។ គម្រោង​ទាំងនេះ នៅ​ខេត្ត​ចំនួន​បួន រួមមាន ខេត្តស្វាយរៀង បន្ទាយមានជ័យ បាត់ដំបង និង​ខេត្តពោធិ៍សាត់ ដែលមាន​កម្លាំង​ថាមពល​សរុប ១៤០​មេ​ហ្គា​វ៉ា​ត់​។

​ការប្រឡង​ជ្រើសរើស​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ ឆ្នាំ​២០២០ បានចាប់ផ្តើម​ដំណើរការ កាលពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៦ ខែធ្នូ ដោយមាន​បេក្ខជន​ដាក់ពាក្យ​ប្រឡង​ចំនួន​ជាង ៨០០០​នាក់​។ ទន្ទឹមនឹង​ដំណើរការ​ប្រឡង​ចាប់ផ្តើម កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បានបញ្ជាក់​ទៅកាន់​បេក្ខជន​ថា កុំអោយ​ចាញ់បោក​អ្នក​រត់ការ ដែល​ធានា​អោយ​ជាប់ ឬ​សន្យា​ជួយ​អន្តរាគមន៍ អោយ​បេក្ខជន​ប្រឡង​ជាប់ ជាដើម​។ នៅ​ឆ្នាំ​២០២០ ក្រសួងការពារជាតិ ជ្រើសរើស​នាយទាហាន​ជាង ៦០០​នាក់ ដែល​លទ្ធផល​នៃ​ការប្រឡង​នេះ នឹង​ប្រកាស​នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២០​។​

​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា ដែលមាន​ទីតាំង នៅ​ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​ខេត្ត​តា​យ​នី​ញ​របស់​វៀតណាម ត្រូវបាន​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក​ឈី​ក ឌី​ង ហ្សុ​ង ឩ​ប​នាយករដ្ឋមន្ត្រី​វៀតណាម​។ សម្ដេច​តេ​ជោ​ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​វៀតណាម បានចាត់ទុក​ផ្សារ ដែល​ចំណាយ​ជិត​ពីរលាន​ដុល្លារ ជា​ជំនួយ​របស់​ប្រទេស​វៀតណាម​នេះ ជា​និមិត្តរូប​នៃ​កិច្ចសហប្រតិបត្តិការ និង​ជាការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ល្អ​រវាង​ប្រទេស​ទាំងពីរ​។ សម្ដេច​តេ​ជោ ក៏បាន​ប្រកាស​ឲ្យ​អាជ្ញាធរ​ខេត្តកំពត និង​ខេត្តស្វាយរៀង សាងសង់​ផ្សារ​គំរូ​ព្រំដែន​នេះ ពីរ​ទៀត នៅ​ខេត្តកំពត និង​ខេត្តស្វាយរៀង ដោយ​ចំណាយ​ថវិកាជាតិ​។​

​កាលពី​ថ្ងៃទី​២៥ ខែធ្នូ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានចេញ​របាយការណ៍​លម្អិត​មួយ ពាក់ព័ន្ធ​នឹង​ការងារ​ដីធ្លី នគរូបនីយកម្ម និង​សំណង់​។ របាយការណ៍ បាន​បង្ហាញថា រយៈពេល​ពេញ ១ ឆ្នាំ​២០១៩ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រួម​នឹង​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី បាន​ដោះស្រាយ​បញ្ចប់​បញ្ហា​ទំនាស់​ដីធ្លី ជូន​ពលរដ្ឋ បាន​ជាង ១ ៨០០ ករណី ក្នុងចំណោម​ពាក្យបណ្តឹង​សរុប​ជាង ២ ៧០០ ករណី​។ សម្រាប់​ឆ្នាំ​២០២០ ខាងមុខ ក្រសួង ក៏បាន​បង្ហាញ​ការ​បេ្ត​ជ្ញា​ចិត្ត បន្ត​ជំរុញ​ការដោះស្រាយ​វិវាទ​ដីធ្លី ដែល​នៅ​សេសសល់ មិនទាន់បាន​ដោះស្រាយ​បញ្ចប់​ជិត ២០០០ ករណី​ទៀតផង​ដែរ​។​

​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត នៅ​សាកលវិទ្យាល័យ ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។ ក្នុង​ពិធី​នេះ សម្តេច​តេ​ជោ បានប្រកាសថា ស្ពានថ្ម​ចាស់ ដែលមាន​អាយុកាល​ជាង ១០០ ឆ្នាំ ឆ្លងកាត់​ស្ទឹង​សង្កែ ដែល​រដ្ឋបាលខេត្ត បាត់ដំបង មាន​ផែនការ​វាយកម្ទេច​ចោល ដោយ​សាងសង់​ស្ពាន​ថ្មី​ជំនួស ក្រោម​ហេតុផល​ថា ស្ពាន​នោះ ចាស់​ទ្រុឌទ្រោម​ខ្លាំង គឺ​ត្រូវ​រក្សាទុក​ស្ពានថ្ម សល់​ពី​សម័យ​បារាំង​នេះ​។ ក្រៅពី​ប្រកាស​មិន​ឲ្យ​រុះរើ​ស្ពានថ្ម​ចាស់​នេះហើយ សម្តេច​ក៏បាន​បញ្ជា​អោយ​អាជ្ញាធរ​ជួសជុល​ស្ពាន​នេះ​ឡើងវិញ ដើម្បី​រក្សា​ទុកជា​សំណង់​បេតិកភណ្ឌ​ជាតិ ឱ្យ​ក្មេងជំនាន់ក្រោយ បាន​ស្គាល់​។​

​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​អំពាវនាវ​ដល់​ម្ចាស់​ផ្ទះជួល​ទាំងអស់ កុំ​ឡើងថ្លៃ​ផ្ទះជួល សម្រាប់​កម្មករ ត្បិត​ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២០​តទៅ កម្មករ និយោជិត ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែក នឹង​ទទួលបាន​ប្រាក់​ឈ្នួល​ទាប​បំផុត ១៩០ ដុល្លារ​។​

​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​យាង​សំណេះសំណាល​សាកសួរ​សុខទុក្ខ និង​ប្រោស​ព្រះរាជទាន ព្រះរាជ​អំណោយ ជូន​ដល់​ប្រជាកសិករ​ក្រីក្រ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ក្រុមគ្រូពេទ្យ នៅតាម​ដង​ទន្លេតូច ស្ថិតក្នុង​ភូម​បឹង​ទីង ឃុំ​ទងត្រឡាច ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ចំនួន ៤៦០​គ្រួសារ​។

​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​រយៈពេល ១៦​ខែ របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ កាលពី​រសៀល​ថ្ងៃទី​២៧ ខែធ្នូ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​កោត​ស​សើរ​ចំៗ​អំពី​របៀប​ធ្វើ​ការងារ​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ថា​បានរួម​ចំណែក​យ៉ាងសំខាន់ ក្នុងការ​បង្ហាញ​ភាព​អសកម្ម និង​ធាតុ​ចូល​នានា​ដល់​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឃន៍​ប្រទេសជាតិ​។ ក្នុងន័យនេះ សម្តេច​តេ​ជោ ហ៊ុន សែន ចង់​ឲ្យ​ស្ថាប័ន ដែលជា​យន្តការ​ពហុបក្ស ក្រៅ​ក្របខ័ណ្ឌ​សភា​មួយ​នេះ អាចធ្វើ​កា​ងារ​របស់​ខ្លូន​បន្ត នៅ​អាណត្តិ​ក្រោយ ពោលគឺ​ក្រោយ​ការបោះឆ្នោត ឆ្នាំ​២០២៣ ខាងមុខ​។​

​កាលពី​ថ្ងៃទី​២៧ ខែធ្នូ គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន បានចេញ​សេចក្ដីថ្លែងការណ៍ ទាត់ចោល​ទាំងស្រុង ចំពោះ​ការផ្សាយ​ព័ត៌មាន​បំផ្លើស តាមរយៈ​ការបង្កើត​ចំណុច​ព្រំដែន​ក្លែងក្លាយ ដើម្បី​វាយប្រហារ​មកលើ​រាជរដ្ឋាភិបាល​ថា បានធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ទឹកដី​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​។ គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន ក៏បាន​ពន្យល់​ពិស្ដារ​ជូន​សាធារណៈជន អំពី​ការពិត​នៃ​បង្គោល​ព្រំដែន ដែល​ត្រូវបាន​គេ​ក្លែងបន្លំ យកទៅ​បង្ហោះ​លើ​បណ្ដាញ​សង្គម​៕ ល​