រថយន្តបុក​ជាមួយ​ម៉ូតូ​បត់​ឆ្លងផ្លូវ​បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​ស្លាប់​ភ្លាមៗ​

1014
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: រថយន្តបុក​ជាមួយ​ម៉ូតូ​បត់​ឆ្លងផ្លូវ​បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​ស្លាប់​ភ្លាមៗ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ៣៤.៣៥ ត្រង់ចំណុច​ភូមិ​កែវ​ឧ​ត្ត​ម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥ សេរី​២០១៧ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កណ្តាល 1W-7115 អ្នកបើកបរ​ឈ្មោះ នៅ សុភឿន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ឌុប​មនុស្ស​ម្នាក់​ឈ្មោះ ស៊ីម គឹម​ហេង ភេទ​ប្រុស អាយុ ១៦​ឆ្នាំ អ្នក​ទាំងពីរ រស់នៅ​ភូមិ​រលាំង​កែន ឃុំ​រលាំង​កែន ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។ បើកបរ​ពី​កើ​តទៅ​លិច លុះ​បើក​មកដល់​ចំណុច​ខាងលើ បាន​បត់​ឆ្លងផ្លូវ​ពី​ជើង​ទៅ​ត្បូង ហើយ​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង ម៉ាក​ហ៊ី​យ៉ិ​ន​ដាយ ពណ៌​ស ពាក់​ផ្លាកលេខ​កណ្តាល 3A-1590 អ្នកបើកបរ​មិន​ស្គាល់ ឈ្មោះ ដែល​បើកបរ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន​បុក​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ទាំងពីរ​នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​

​ប្រភព​បន្តថា ក្រោយពី​កើតហេតុ​អ្នកបើករថយន្ត​បង្ក​បាន​ចុះ​រត់​គេចខ្លួនបាត់​។​សព​ទាំងពីរ​ត្រូវ​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។​ចំពោះ​វត្ថុតាង​ទាំង 2​គ្រឿង ត្រូវ​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​ប៉ុស្តិនគរបាល​រដ្ឋបាល​ត្រពាំង​គង ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕ ល​