ថ្នាំព្យាបាលជំងឺវង្វេងរបស់ចិននឹងចាប់ផ្តើមសាកល្បងជាសកល

443
ចែករម្លែក

ថ្នាំចិនទើបទទួលការអនុម័តថ្មីៗសម្រាប់ព្យាបាលជំងឺអាល់ហ្សៃមឺឬជំងឺវង្វេងនឹងចាប់ផ្តើមសាកល្បងព្យាបាលនៅសហរដ្ឋអាម៉េរិកនិងអឺរ៉ុបនៅឆ្នាំក្រោយខណៈការព្យាបាលថ្មីដំបូងគេរបស់ចិនសម្រាប់ជំងឺមិនអាចព្យាបាលជាសះស្បើយនេះ ស្វះស្វែងរកភាពស្របច្បាប់ជាសកល។

លោក លី ជីនហេ អនុប្រធានក្រុមហ៊ុន Shanghai Green Valley Pharmaceutical Co បាននិយាយកាលពីថ្ងៃអាទិត្យទី២៩ធ្នូថា ក្រុមហ៊ុនគ្រោងនឹងជ្រើសរើសអ្នកជំងឺប្រមាណ ២.០៤៦ នាក់ដែលមានជំងឺវង្វេងក្នុងកម្រិតស្រាលដល់កម្រិតមធ្យមនៅទីតាំងចំនួន ២០០ នៅទូទាំងទ្វីបអាម៉េរិកខាងជើង អឺរ៉ុប និង អាស៊ីប៉ាស៊ីហ្វិកក្នុងរយៈពេល ១៨ ខែ។

ថ្នាំនេះទទួលបានការអនុម័តផ្អែកតាមលក្ខខណ្ឌនៅក្នុងប្រទេសចិនកាលពីខែមុន។ វាជាប្រភេទថ្នាំគ្រាប់ ១៥០ មិល្លីក្រាមនិងចេញលក់ក្នុងប្រទេសចិននៅថ្ងៃទី ២៩ ធ្នូ។ យោងតាមការណែនាំលើសំបកថ្នាំ អ្នកជំងឺត្រូវលេបម្តង៣គ្រាប់ និងលេបវា២ដងក្នុងមួយថ្ងៃ។ ការព្យាបាលមួយសប្តាហ៍មានតម្លៃ ៨៩៥ យ័ន (១២៨ ដុល្លារ)។

ក្រុមហ៊ុន Green Valley បានប្រកាសផែនការទាំងនេះនៅក្នុងសន្និសីទកាសែតមួយនៅទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យទី២៩ធ្នូ គឺជិតពីរខែបន្ទាប់ពីបានធ្វើឱ្យល្បីលើចំណងជើងកាសែតពិភពលោកសម្រាប់ការទម្លាយថា ខ្លួនទទួលបានការអនុម័តពីនិយតករចិនសម្រាប់ថ្នាំព្យាបាលជំងឺវង្វេងថ្មីដំបូងគេក្នុងរយៈពេល ១៧ ឆ្នាំ។ ជំងឺចុះខ្សោយប្រព័ន្ធសរសៃប្រសាទនេះបានធ្វើឱ្យអ្នកផលិតថ្នាំទូទាំងពិភពលោកទាល់គំនិត ក្រោយពីបានវិនិយោគប្រាក់រាប់ពាន់លានដុល្លារទៅក្នុងថ្នាំពិសោធន៍ជាង ១៩០ ប្រភេទ តែគ្មានប្រសិទ្ធភាពព្យាបាល៕ ដោយ៖ កញ្ញាដាលីស

ថ្នាំព្យាបាលជំងឺវង្វេងរបស់ចិននឹងចាប់ផ្តើមសាកល្បងជាសកលនៅឆ្នាំក្រោយ