ទេសចរណ៍បោះតង់ «តំបន់ទេស​​ចរណ៍ធម្មជាតិគ្មានប្លាស្ទិក» នៅ​ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ​​«គិរីរម្យ»

272
ចែករម្លែក

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ នៅថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០១៩នេះ នាយកដ្ឋានទេសចរណ៍ធម្មជាតិ ដោយមានការគាំទ្រពីអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន និងក្រុមហ៊ុនវិនិយោគអភិវឌ្ឍទេសចរណ៍ធម្មជាតិ បានរៀបចំដំណើរកម្សាន្តបោះតង់ក្រោមប្រធានបទ «តំបន់ទេសចរណ៍ធម្មជាតិគ្មានប្លាស្ទិក» ទៅកាន់តំបន់ភ្នំក្បាលឡាន និងធ្វើដំណើរថ្មើរជើងទៅកាន់តំបន់ថ្មលយនៃឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ«គិរីរម្យ» ភូមិសាស្រ្តខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន មន្រ្តីមកពីអង្គភាពជំនាញនៃក្រសួងបរិស្ថាន មន្រ្តីឧទ្យានុរក្ស និងតំណាងក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិសរុបចំនួន ៩៥រូប។

ដំណើរកម្សាន្តនេះ មានគោលបំណងចូលរួមអប់រំផ្សព្វផ្សាយដល់សាធារណៈជនឱ្យស្រលាញ់នូវធនធានធម្មជាតិ និងកាត់បន្ថយការប្រើប្រាស់ផលិតផលធ្វើអំពីប្លាស្ទិកនៅក្នុងតំបន់​ទេសចរណ៍ធម្មជាតិ ក្នុងការរៀបចំធ្វើឱ្យប្រសើរឡើងនូវតំបន់សក្តានុពលទេសចរណ៍ធម្មជាតិ នៅក្នុងតំបន់ការពារធម្មជាតិប្រកប ដោយភាព«ស្អាត បៃតង និងវៃឆ្លាត» ដើម្បីធានានិរន្តភាពបរិស្ថាន ការអភិរក្សជីវចម្រុះ និងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន។

បច្ចុប្បន្នក្រសួងបរិស្ថាន បានគ្រប់គ្រងតំបន់ការពារធម្មជាតិចំនួន ៥៦ លើផ្ទៃដីសរុបប្រមាណ ៧,៥លានហិកតា ក្នុងនោះមានសហគមន៍តំបន់ការពារធម្មជាតិចំនួន ១៦៨ នៅទូទាំងប្រទេសគ្របដណ្តប់លើផ្ទៃដីព្រៃសរុបចំនួន ២៨៥ ៦០៩ ហិកតា ហើយសហគមន៍តំបន់ការពារធម្មជាតិចំនួន២២ កំពុងដំណើរការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ គម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិដោយវិស័យឯកជនខ្នាតធំ(ទំហំដីលើស១០ហិកតា) ចំនួន ១៧គម្រោង លើផ្ទៃដីសរុប ៩១២៨០ ហិកតា និងគម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច(ទំហំមិនលើសពី១០ហិកតា) មានចំនួន ១១៥គម្រោង លើផ្ទៃដីសរុបទំហំ ១០៧៧,៧៦ ហិកតា។

ដោយតំបន់ការពារធម្មជាតិនីមួយៗ មានប្រកបទៅដោយពិពិធធម្មជាតិ ដែលជាតំបន់មានសក្តានុពលទេចរណ៍ធម្មជាតិ បានទាក់ទាញនូវភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តជាច្រើន និងដើម្បីប្រើប្រាស់នូវវិស័យទេសចរណ៍ឱ្យអស់ពីសក្តានុពល ក្នុងការចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ។

ថ្មីៗនេះ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចង្អុលបង្ហាញនូវចក្ខុវិស័យនវានុវត្តន៍ ក្រោម ការផ្តួចផ្តើមផ្ទាល់របស់លោក បានឱ្យក្រុមការងារសិក្សាពិនិត្យលទ្ធភាពក្នុងការរៀបចំទីតាំងបោះជំរុំ(Camp Base) នៅឧទ្យានជាតិព្រះមុនីវង្ស​«បូកគោ» ភូមិសាស្រ្តខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ដែលគម្រោងនេះ មានរៀបចំជាកន្លែងទស្សនាសម្រាកកម្សាន្តសម្រាប់សាធារណៈជនទូទៅ ក្នុងនោះមានដូចជា ទីកន្លែងសាធារណៈជនមកបោះតង់​សម្រាក​សម្សាន្ត កន្លែងចំអិនអាហារ កន្លែងមើលកញ្ចុំផ្កាយ កន្លែងដើរព្រៃ កន្លែងស្នាក់នៅសម្រាប់ទេសចរណ៍ស្ងប់ស្ងាត់ កន្លែងកីឡាឡើងនិងចុះភ្នំ កន្លែងហ្វឹកហាត់កីឡាយោធា មជ្ឈមណ្ឌលបណ្តុះបណ្តាលមន្រ្តីឧទ្យានុរក្ស កន្លែងចុះឧទ្ធម្ភចក្រនៅលើកំពូលភ្នំ សួនច្បាររុក្ខជាតិ(Botanical Garden)។ល។ និងហេដ្ឋារចនាសម្ព័ន្ធនានាសម្រាប់បម្រើឱ្យគោលបំណងទេសចរណ៍ របស់សាធារណៈជនទូទៅ៕B/