​បុរស​ថៃ​ម្នាក់​ត្រូវបាន​ចាប់​ខ្លួន​ចំពោះ​ការចាក់​ប្រពន្ធ​និង​សា​ហាយ​របស់​នាង​អោយ​របួស​នៅក្នុង​បន្ទប់ផ្ទះ​ជួល​មួយ​នៅ​ស្រុក​ហាត​យ៉ៃ​នៃ​ខេត្ត​សុង​ក្លា​ភាគខាងត្បូង​​ដោយសារតែ​មិន​អាច​ទប់​កំហឹង​ពេល​ឃើញ​ប្រពន្ធ​ខ្លួន​ដេក​ជាមួយ​ប្រុស​ផ្សេង​។​

​នី​ផីត រឿ​ក​សាមុត អាយុ​៣៥​ឆ្នាំ បាន​ព្យាយាម​គេចខ្លួន​ក្រោយ​វាយប្រហារ​ប្រពន្ធ​និង​ប្រុស​ស្នេហ៍​របស់​នាង​នៅ​ពេល​ព្រឹក តែ​ត្រូវបាន​ចាប់ខ្លួន​នៅ​រសៀល​ថ្ងៃ​​អង្គារ​ទី​៣១​ធ្នូ​។​

​នាង​ណា ចាន់​ជឿន រងរបួស​ដៃ​និង​ចង្ការ ខណៈ​សា​ហាយ​របស់​នាង​ត្រូវ​របួស​ជាច្រើន​កន្លែង​ត្រង់​ពោះ ដៃ​និង​ទ្រូង​ ហើយត្រូវបាន​បុគ្គលិក​ជួយសង្គ្រោះ​នាំ​ទៅកាន់​​មន្ទីរពេទ្យ​។​

​លោក នី​ផីត បាន​ប្រាប់​ប៉ូលិស​ថា​លោក​បាន​​រៀបការ​ជា​ប្តី​ប្រពន្ធ​ជាមួយ​នាង​ណា ចាន់​ជឿន និង​បាន​ជួល​ផ្ទះ​មួយ​នៅ​ហាត​យ៉ៃ​អស់​ពេល​ជាង​មួយ​ឆ្នាំ​មកហើយ​។​​មុន​កើតមាន​ឧបទ្ទវហេតុ ប្រពន្ធ​បាន​ប្រាប់​គាត់​ថា​នាង​ចង់ទៅ​លេង​គ្រួសារ​របស់​នាង​បាន​ពីរ​បី​ថ្ងៃ​នៅ​ស្រុក​មួយទៀត​ក្នុងពេល​ចូលឆ្នាំ​សកល​ថ្មី​នេះ​។​គាត់​មិន​​បាន​សង្ស័យ​ទេ​និង​បាន​ចេញពីផ្ទះ​តាមធម្មតា តែ​ក្រោយមក​បាន​ទូរស័ព្ទ​ទៅ​ប្រពន្ធ​ជា​ច្រើនលើក តែ​នាង​មិន​លើក​។​គាត់​ចាប់ផ្តើម​សង្ស័យ​និង​បាន​វិល​មក​ផ្ទះ​និង​ស្រាប់តែ​​ស្រឡាំងកាំង​ពេល​ឃើញ​ប្រពន្ធ​ដេក​ជាមួយ​ប្រុស​ផ្សេង​។​ដោយ​មិន​អាច​ទប់​កំហឹង​បាន គាត់​បាន​ស្ទុះ​ទៅ​ចាប់​កាំបិត​ហើយ​ចាក់​ពួកគេ​ឥត​ប្រណី​ដៃ​មុន​ភៀសខ្លួន​​ចេញ​តាម​រថយន្ត​។​

​ឥឡូវ​បុរស​នេះ ជាប់ចោទ​ពី​បទ​ប៉ុនប៉ង​សម្លាប់​មនុស្ស និង​កំពុង​ស្ថិត​ក្នុង​ការឃុំខ្លួន​ក្នុង​ប៉ុស្ត​ប៉ូលិ​ស ដើម្បី​រង់ចាំ​ការកសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​៕​ប្រែ​សម្រួល​៖​វាសនា​

​បុគ្គលិក​ជួយសង្គ្រោះ បាន​នាំ​អ្នករងរបួស​នាំ​ទៅកាន់​មន្ទីរពេទ្យ​ក្រោយ​ផ្តល់ជំនួយ​បឋម​នៅ​ស្រុក​ហាត​យ៉ៃ ខេត្ត​សុង​ក្លា កាលពី​ថ្ងៃ​៣១​ធ្នូ​